កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានប្រកាសបញ្ចប់ជាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA)

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ និងឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានប្រកាសរួមគ្នាមួយ អំពីការបញ្ចប់ការចរចាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA) ។

គួរបញ្ជាក់ថា ពិធីនេះបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធវីដេអូ ដោយមានវត្តមានចូលរួមពីប្រធានក្រុមចរចា, តំណាងក្រុមការងារចរចា និងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរសរុបប្រមាណ ១០០រូប ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានឱ្យដឹងថា សមិទ្ធផលជាប្រវត្តិសាស្រ្ត និងមានសារៈសំខាន់មួយនេះត្រូវបានផ្តួចផ្តើម និងបង្កើតស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលទៅក្នុងតំបន់និងពិភពលោក ។

ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី លើកឡើងដោយបញ្ជាក់ថា៖ ជាលទ្ធផល ភាគីទាំងពីរបានឯកភាព និងចុះហត្ថលេខាលើលក្ខន្តិកៈយោងនៃការបង្កើតកិច្ចព្រមព្រៀង Cambodia-UAE CEPA កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ហើយបានប្រកាសបើកការចរចាជុំទី១ នៅថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានីអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។ បន្ទាប់មក ភាគីទាំងពីរបានរៀបចំការចរចាជុំទី២ នៅថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងការចរចាជុំទី៣(ជុំចុងក្រោយ) នៅថ្ងៃទី២0-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម ប្រកបដោយសមិទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ដោយទទួលស្គាល់ពីថាមវ័ន្តសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ប្រទេសកម្ពុជានិងប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាក្រោមក្របខណ្ឌនេះ។

ពាក់ព័ន្ធក្នុងរឿងនេះ ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ដែរថា កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះគ្របដណ្តប់លើពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម ជាដើម។ ក្នុងនោះដែរ ទំនិញកសិកម្មនិងឧស្សាហកម្មសក្តានុពលដែលកម្ពុជានឹងទទួលបានទីផ្សាររួមមាន៖ អង្ករ, បន្លែ, ចេក, ស្វាយចន្ធី, ស្វាយ, ពោត, ម្រេច, ធុរេន, នំធ្វើពីអង្ករ, ដំណាប់ផ្លែឈើ, កង់, គ្រឿងបង្គុំអេឡិចត្រូនិក, រថយន្តអគ្គិសនី, កាបូបធ្វើដំណើរ, ស្បែកជើង, សម្លៀកបំពាក់ជាដើម។-ល-។ រីឯទីផ្សារសេវាដែលកម្ពុជាទទួលបានសំខាន់ៗរួមមាន៖ សេវាកម្មអាជីព និងសេវាកម្មធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និង សេវាកម្មបរិស្ថាន។-ល-។

គួរបញ្ជាក់ថា បន្ទាប់ពីពិធីប្រកាសបញ្ចប់ការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងពន្លឿននីតិវិធីបន្តដើម្បីអាចឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់នេះ តាមកាលបរិច្ឆេទសមស្របនាពេលឆាប់ៗខាងមុខ៕
អត្ថបទ៖លោកជិនម៉ាដេប៉ូ
រូបភាព៖លោក ងីម ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner