ចិនជំរុញអ៊ុយក្រែន និងរុស្ស៊ីចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក ជីន កាង នៅថ្ងៃទី១៦ ខែមីនានេះ បានជំរុញអ៊ុយក្រែន និងរុស្ស៊ីចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

រដ្ឋមន្ត្រីការបរទេសចិន លោក ជីន កាង បានប្រាប់សមភាគីអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា នៅក្នុងការសន្ទនាតាមទូរស័ព្ទថា ទីក្រុងប៉េកាំងសង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងរក្សាភាពស្ងប់ស្ងាត់ និងអនុវត្តការអត់ធ្មត់ ហើយបន្តការចរចាសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងត្រឡប់ទៅរកផ្លូវនៃដំណោះស្រាយនយោបាយ។

ការអំពាវនាវនេះគឺជាកិច្ចពិភាក្សាផ្លូវការលើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីរដ្ឋមន្ត្រីការបរទេសចិនលោក ជីន កាង ចូលកាន់តំណែងក្នុងខែធ្នូ។ លោក ជីន បាននិយាយថា ប្រទេសចិនមានការព្រួយបារម្ភថា វិបត្តិនេះអាចនឹងកើនឡើង ហើយមិនអាចគ្រប់គ្រងបាន។ លោកថា ប្រទេសចិនសង្ឃឹមថា អ៊ុយក្រែន-រុស្ស៊ីនឹងរក្សាក្តីសង្ឃឹមសម្រាប់ការពិភាក្សា និងការចរចា។

ចំណែករដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា បាននិយាយថា នៅពេលនិយាយទៅកាន់លោក ជីន កាង គាត់បានគូសបញ្ជាក់ពីសារៈសំខាន់នៃសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី សម្រាប់ការបញ្ចប់ការឈ្លានពាន និងការស្ដារសន្តិភាពក្នុងប្រទេសអ៊ុយក្រែនឡើងវិញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner