លោក គីម ជុងអ៊ុន ប្តេជ្ញាចាត់វិធានការប្រឆាំងនឹងការបង្កហេតុដោយយោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង
ព្យុងយ៉ាង៖ កូរ៉េខាងជើងនឹងបន្តចាត់វិធានការប្រឆាំងនឹងការបង្កហេតុយោធារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលរដ្ឋាភិបាលរបស់ពួកគេនៅតែបង្កអរិភាពដោយបើកចំហចំពោះកូរ៉េខាងជើង។
ការអះអាងបែបនេះរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើឡើងនៅថ្ងៃទី១៦ ខែមីនានេះ បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានដកស្រង់សម្តីលោក គីម ចេញផ្សាយថា ខ្ញុំនឹងបន្តធ្វើការដើម្បីធ្វើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលបង្កអរិភាពដោយបើកចំហចំពោះសាធារណរដ្ឋរបស់យើង ដឹងពីភាពមិនប្រុងប្រយ័ត្ននៃសមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលពួកគេបានធ្វើជាញឹកញាប់នៅក្នុងតំបន់ឧបទ្វីបកូរ៉េ។
បន្ថែមលើនេះ លោក គីម បានគំរាមទីក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល ជាមួយនឹងវិធានការតបត ប្រសិនបើពួកគេបន្តការបង្កហេតុយោធាប្រឆាំងនឹងកូរ៉េខាងជើង។ ខ្លឹមសារនៃវិធានការប្រឆាំងទាំងនោះមិនត្រូវបានគេបង្ហាញឲ្យដឹងនោះទេ។ មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះក៏បានសន្យាដែរថា នឹងឆ្លើយតបទៅនឹងអាវុធនុយក្លេអ៊ែរដោយអាវុធនុយក្លេអ៊ែរ ហើយបើកការប្រឈមមុខគ្នាដោយបើកចំហ។
ក្នុងន័យនេះ លោកបានជំរុញឲ្យកងកម្លាំងយុទ្ធសាស្ត្រកូរ៉េខាងជើងរក្សាការប្រុងជើងការ សម្រាប់ជម្លោះប្រដាប់អាវុធ និងគ្រប់ទម្រង់នៃសង្គ្រាម។ ទន្ទឹមគ្នា លោក គីម បានរំលឹកឡើងវិញថា គោលដៅចុងក្រោយរបស់ទីក្រុងព្យុងយ៉ាង គឺដើម្បីរារាំងសង្គ្រាម និងធានាជីវិតសន្តិភាព៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

