ជប៉ុនដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ឆ្លើយតបនឹងការបាញ់សាកល្បងមីស៊ីល ICBM
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានសម្រេចដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) របស់ទីក្រុងព្យុងយ៉ាង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

រដ្ឋាភិបាលជប៉ុនបានអនុម័តវិធានការនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រទី១៧ ខែមីនា ឆ្នាំ២០២៣។ តាមរយៈចំណាត់ការនេះ ជប៉ុនបានដាក់បញ្ចូលបន្ថែមបុគ្គលបីនាក់ ដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ទៅក្នុងបញ្ជីបុគ្គលដែលត្រូវបង្កកទ្រព្យសម្បត្តិ។

ជាមួយនឹងទណ្ឌកម្មចុងក្រោយនេះដែរ ប្រទេសជប៉ុនបានបង្កកទ្រព្យសម្បត្តិរបស់អង្គភាពចំនួន ១៣៧ និងមនុស្សចំនួន ១២៤នាក់នៅក្នុងប្រទេសកូរ៉េខាងជើង រួមទាំងប្រទេសដទៃទៀត។
ប្រធានខុទ្ទកាល័យជប៉ុនលោក ម៉ាត់ស៊ូណុ ហ៊ីរ៉ូកាហ្ស៊ុយ បានប្រាប់អ្នកយកព័ត៌មានថា ជប៉ុនជំរុញយ៉ាងមុតមាំឱ្យកូរ៉េខាងជើងចាត់វិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហានៃការចាប់ពង្រត់, អាវុធនុយក្លេអ៊ែរ និងមីស៊ីល ព្រមទាំងបញ្ហាផ្សេងៗទៀតដែលគួរឱ្យព្រួយបារម្ភ។

លោកថា ប្រទេសជប៉ុននឹងសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាសហគមន៍អន្តរជាតិកាន់តែទូលំទូលាយ ដើម្បីធ្វើការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា