សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សារមន្ទីរ នៃបណ្តាប្រទេសដទៃ ឬអ្នកដែលកំពុងរក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាប្រគល់ជូនមកកម្ពុជាវិញ
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រគល់វត្ថុបុរាណខ្មែរដែលធ្វើនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យសារមន្ទីរ ស្ថាប័ននានា និងអ្នកដែលកំពុងរក្សាទុកវត្ថុបុរាណខ្មែរ ប្រគល់មកឱ្យកម្ពុជា ដោយស្ម័គ្រចិត្តវិញ ។

សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការប្រគល់វត្ថុបុរាណខ្មែរ ដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ជាការបង្ហាញក្រមសីលធម៌ចូលរួមលើកកម្ពស់វប្បធម៌ នៃជាតិសាសន៍មួយដែលបានរួមចំណែកដ៏ឧដុង្គឧត្តមផ្សេះផ្សារ និងព្យាបាលរបួសរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមដ៏រ៉ាំរ៉ៃ និងសោកនាដកម្មនៃប្រល័យពូជសាសន៍ ។

សម្តេចបញ្ជាក់ថា ពិធីប្រគល់វត្ថុបុរាណនៅថ្ងៃនេះ គឺជាពិធីដ៏ឧដុង្គឧត្តម ពោលមិនមែនសម្រាប់កម្ពុជា ដែលជាម្ចាស់វត្ថុបុរាណនោះទេ ប៉ុន្តែឆ្លុះបញ្ជាំងឱ្យឃើញពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ នៅក្នុងយុទ្ធនាការសកលប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម និងការចរាចរជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌។

សម្តេចតេជោ បានបន្តទៀតថា បច្ចុប្បន្ន កម្ពុជា កំពុងតែប្រមូលភស្តុតាងដែលបរទេស លួចវត្ថុបុរាណខ្មែរយកទៅដោយខុសច្បាប់ ខណៈកម្ពុជា កំពុងតែធ្វើនីតិវិធីចរចាជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាមទារវត្ថុបុរាណខ្មែរត្រឡប់មកវិញ។


សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះរដ្ឋាភិបាល នៃប្រទេសនានា និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែកធ្វើឱ្យសម្រេចបាន នូវសមិទ្ធផលដ៏វិសេសវិសាលទាំងនេះ ៕




អត្ថបទ៖ វណ្ណលុក ,រូបភាព ៖ វេង លឹមហួត+សួង ពិសិដ្ឋ