ក្រសួងអប់រំ កំពុងអនុវត្តកំណែទម្រង់កម្រិតសាលារៀនដោយផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងផ្លាស់ប្តូរវប្បធម៌សាលារៀន

កំពង់ចាម៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើ “យន្តការការងារ និងឯកសារអនុវត្តកម្មវិធីសាលារៀនមានប្រសិទ្ធភាព” ក្រោមការអនុវត្តរបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ពិធីនេះមានការចូលរួមពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាល័យ ហ៊ុន សែន ស្គន់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ។

ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងអនុវត្តកំណែទម្រង់កម្រិតសាលារៀនដោយផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងផ្លាស់ប្តូរវប្បធម៌សាលារៀនតាមរយៈ៖
១) រង្វាយតម្លៃសមត្ថភាពរបស់សិស្ស តាមរយៈការធ្វើតេស្តដោយតម្លាភាព
២) ការបង្កើនគណនេយ្យភាពរបស់សាលារៀន
៣) ការបង្កើនស្វ័យភាព និងសិទ្ធិអំណាចក្នុងការសម្រេចចិត្តនៅកម្រិតសាលារៀន តាមរយៈគណៈកម្មការគ្រប់គ្រងសាលារៀន និងគណៈកម្មការគ្រប់គ្រងថ្នាក់រៀន
៤) ការបង្កើនការចូលរួមរបស់មាតាបិតា និងភាគីពាក់ព័ន្ធនៅក្នុងការគ្រប់គ្រង និងអភិវឌ្ឍសាលារៀន។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើការសម្រេចសមិទ្ធផលជាច្រើនសម្រាប់ការអភិវឌ្ឍនៅវិទ្យាល័យធនធាន ជាពិសេសលើការពង្រឹងសមត្ថភាពគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រ ការពង្រឹងការអនុវត្តការសិក្សាផ្នែកវិទ្យាសាស្ត្រស្ទែម ICT និងការតម្រង់ទិសវិជ្ជាជីវៈស្របតាមទីផ្សារការងារ និងមុខរបរ និងការបណ្តុះបណ្តាលបំណិនសតវត្យទី២១។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ស្នើសុំឱ្យសាលារៀន ក៏ដូចជាគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលារៀន និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រ និងប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនដោយមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកែលម្អលទ្ធផលសិក្សារបស់សិស្សឱ្យប្រសើរឡើង ជាពិសេសឱ្យសិស្សទទួលបាននូវចំណេះដឹង បំណិន ចរិយាល្អ មានគុណធម៌ និងសីលធម៌ល្អ ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ជាងនេះទៀត សាលារៀនត្រូវកំណត់អាទិភាព និងអនុវត្តការងារ ដោយមានការទទួលខុសត្រូវខ្ពស់ និងការចូលរួមយ៉ាងសកម្ម ដូចជាការកំណត់បានច្បាស់នូវស្ថានភាពការអប់រំសាលារៀនរបស់ខ្លួន តាមរយៈការធ្វើតេស្ត និងមានលទ្ធផលប្រកបដោយតម្លាភាព ព្រមទាំងមានទិន្នន័យអប់រំចាំបាច់ រៀបចំផែនការកែលម្អឱ្យមានសុក្រិតភាព ផែនការបង្រៀនរបស់គ្រូ ផែនការសិក្សារបស់សិស្សប្រចាំឆ្នាំ ផ្តល់ការទទួលខុសត្រូវក្នុងការអនុវត្ត តាមរយៈសៀវភៅយន្តការគ្រប់គ្រងដឹកនាំសាលារៀន រួមបញ្ចូល school profiles កិច្ចព្រមព្រៀងលទ្ធផល បង្កើនកិច្ចសហប្រតិការ និងកៀរគរធនធានគាំទ្រ និងអភិវឌ្ឍសាលារៀន តាមរយៈយន្តការគណៈកម្មការគ្រប់គ្រងសាលារៀន ការធ្វើស្វ័យវាយតម្លៃសាលារៀនខ្លួនឯង តាមរយៈឧបករណ៍វាយតម្លៃស្តង់ដាអនុវត្តកម្មវិធីសាលារៀនមានប្រសិទ្ធភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសាលារៀន និងក្រុមការងារចុះគាំទ្រអនុវត្តកម្មវិធីសាលារៀនមានប្រសិទ្ធភាពដោយមានការជ្រោមជ្រែងពីទីប្រឹក្សា និងអ្នកជំនាញផ្សេងៗទៀត៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner