លោកគ្រូ អ្នកគ្រូ មកពីខេត្តព្រះសីហនុ ទស្សនកិច្ចសិក្សាស្វែងយល់ពីសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន, ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់លោកគ្រូ អ្នកគ្រូចំនួន ៤២៥នាក់ មកពីខេត្តព្រះសីហនុ រៀបចំឡើងដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅក្នុងសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ខណៈពេលដែលលោកគ្រូអ្នកគ្រូទាំងនោះ អញ្ជើញមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីឧក្រិដ្ឋកម្មដែលកើតមានឡើងនៅរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងដែលជាអតីតមន្ទីរសន្តិសុខ និងជាគុកសម្ងាត់របស់ខ្មែរក្រហម។

ឯកឧត្តម នេត្រ ភក្ដ្រា បានចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលសម្រេចបានដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) និងបុព្វហេតុនៃការជំនុំជម្រះក្តី៖ ចេញពីការសង្គ្រោះជាតិនិងប្រជាជន មកការនាំយកសុខសន្តិភាពពេញលេញ និងការកាត់សេចក្តីលើអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម និងការផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។

ឯកឧត្តម នេត្រ ភក្ត្រា បន្ដថា លោកគ្រូអ្នកគ្រូដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយបន្ដនូវចំណេះដឹងពាក់ព័ន្ធប្រវត្ដិសាស្ដ្ររបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាដំណើការនៃការជំនុំជម្រះក្ដី ដែលបានធ្វើឡើងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងគោលបំណងចូលរួមទប់ស្កាត់បង្កាកុំឱ្យមានរបបសាហាវឃោរឃៅដូចរបបខ្មែរក្រហមវិលត្រលប់មកកម្ពុជាសារជាថ្មី។

សាលាក្តីខ្មែរក្រហម ដែលជាតុលាការកូនកាត់ កម្ពុជា-អង្គការសហប្រជាជាតិ បានជំនុំជម្រះនិងកាត់ទោសអតីតមេដឹកនាំ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងសំណុំរឿងឧក្រិដ្ឋកម្មក្រោមច្បាប់កម្ពុជា នៃអំពើប្រល័យពូជសាសន៍ បទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ ការពារកុំឱ្យរបបនេះកើតឡើងសារជាថ្មី និងការថែរក្សាការពារសន្តិសុខសន្តិភព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដោយគោរពអធិបតេយ្យភាពជាតិ ៕

ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner