កុបកម្មនៅប្រទេសបារាំងផ្ទុះឡើងបន្ទាប់ពីលោកម៉ាក្រុន ទាមទារច្បាប់កំណែទម្រង់ សោធននិវត្តន៍

ប៉ារីស: រដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំងលោក អែមម៉ានូអែល ម៉ាក្រុន(Emmanuel Macron )កាលពីថ្ងៃព្រហស្បតិ៍នេះ បានកែប្រែកំណែទម្រង់សោធននិវត្តន៍ដោយស្ងៀមស្ងាត់តាមរយៈសភាដោយមិនមានការបោះឆ្នោត ដែលកំណែទ្រមង់នេះ បានបង្កឱ្យប្រជាជនធ្វើការតវ៉ានៅក្នុងទីក្រុងប៉ារីស និងទីក្រុងផ្សេងៗទៀត រួមជាមួយភាពចលាចលក្នុងសភាផងដែរ។

កុបកម្មដ៏ធំបានកើតឡើងបន្ទាប់ពីប្រើប្រាស់អំណាចរដ្ឋធម្មនុញមកអនុម័តច្បាប់ដោយមិនមានការបោះឆ្នោតច្បាស់លាស់ ដោយសារតែរដ្ឋាភិបាលខ្វះខាតសំឡេងឆ្នោតក្នុងការដំឡើងអាយុទទួលប្រាក់ចូលនិវត្តន៍ពី ៦២ ឆ្នាំទៅ ៦៤ឆ្នាំ។

ការអនុម័តដោយចាកពីច្បាប់ត្រឹមត្រូវនេះ បានបណ្តាលឱ្យហ្វូងមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅពីមុខសភាក្នុងទីកន្លែងប្រវត្តិសាស្រ្តមួយឈ្មោះ Place de la Concorde កណ្តាលទីក្រុងប៉ារីស ។

ក្នុងនោះអ្នកតវ៉ាម្នាក់ Laure Cartelier ដែលជាគ្រូបង្រៀនអាយុ ៥៥ ឆ្នាំ បានប្រាប់ទៅដល់សារព័ត៌មានថា ៖«ខ្ញុំខឹងសម្បារនិងអ្វីដែលកំពុងកើតឡើង ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវបានគេបោកប្រាស់ក្នុងនាមជាប្រជាជនម្នាក់ ហើយនៅក្នុងលទ្ធិប្រជាធិបតេយ្យ ច្បាប់ទាំង អស់ត្រូវកើតឡើងពីការបោះឆ្នោត »។ កុបកម្មនេះត្រូវបានក្លាយទៅជាអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ នាវេលាម៉ោង ៨យប់ ខណៈពេលដែលប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបណ្តេញក្រុមបាតុករចេញទៅឱ្យឆ្ងាយ បន្ទាប់ពីអ្នកតវ៉ាបានដុតភ្លើងនៅកន្លែងកណ្តាលទីប្រជុំជនជិតរូបសំណាក់ Obelisk អេហ្ស៊ីប ដែលបានឈរនៅទីនោះអស់ជាងរយៈពេល ២០០ឆ្នាំមកហើយ។

ក្នុងនោះផងដែរមនុស្សជាង ១២០ នាក់ត្រូវបានចាប់ខ្លួនដោយសារបង្កការខូចខាតដល់ហាង និងហេដ្ឋារចនាសម្ព័ន្ធ។ យោងតាមអ្នកយកសារព័ត៌មានរបស់ AFP បានឱ្យដឹងថា កុបកម្មនេះបានក្លាយទៅជាឱកាសក្នុងការប្រព្រឹត្តចោរកម្ម ដូចជានៅក្នុងទីក្រុង Marseille ហាងមួយចំនួនត្រូវបានលួចខណៈពេលដែលកំពុងប៉ះទង្គិចគ្នា រវាងបាតុករ និងក្រុមកម្លាំងសន្តិសុខ។ ក្រៅពីនេះទីក្រុងដទៃទៀតដូចជា Nantes Rennes និងទីក្រុង Lyon ក៏កំពុងទទួលរងការខូចខាតដូចគ្នាផងដែរ។
លើសពីនេះទៅទៀតសហជីព បានអំពាវនាវឱ្យមានកូដកម្មនិងបាតុកម្មទ្រង់ទ្រាយធំមួយទៀតនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដើម្បីប្រឆាំងនិងការអនុម័តខុសច្បាប់នេះ។
លោក Marine Le Pen មេដឹកនាំស្តាំនិយមជ្រុល បានសម្តែងការរិះគន់ប្រាប់ដល់សារព័ត៌មានថា វាជាការបរាជ័យទាំងស្រុងសម្រាប់រដ្ឋាភិបាល ។
ចំណែកប្រធានគណបក្សសង្គមនិយមលោក Oliver Faure ក៏បានបន្ថែមទៀតផងដែរថា ៖«កាលណាប្រធានធិបតីមិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ទៅលើច្បាប់របស់គាត់ទេ នោះគាត់ត្រូវតែដកច្បាប់នោះចេញជាបន្ទាន់»។
ចំណែក លោក Antoine Bristielle អ្នកជំនាញខាងមតិសារធារណៈនៅ Fondation Jean-Jaures think-tank បានប្រាប់ទៅដល់សារព័ត៌មាន AFP ថាការអនុម័តច្បាប់ដ៏សំខាន់បែបនេះដោយគ្មានការបោះឆ្នោតគឺជាប្រថុយប្រថានធ្វើឱ្យប្រទេសកាន់តែមានភាពតានតឹងឡើង និងធ្វើឱ្យការប្រឆាំងទៅនឹងលោក Macron កាន់តែខ្លាំងឡើងៗទៅទៀត ហើយប្រជាពលរដ្ឋនឹងចាប់ផ្តើមបាត់បង់ជំនឿទៅលើលទ្ធិប្រជាធិបតេយ្យបារាំង។

គួររំឮកផងដែរថា បន្ទាប់ពីធ្លាប់បរាជ័យនៅក្នុងកំណែទម្រង់ប្រាក់សោធននិវត្តន៍ក្នុងអណត្តិដំបូងរបស់គាត់បន្ទាប់ពីឡើងកាន់តំណែង លោក Macron បានត្រឡប់មកវិញជាមួយនិងយុទ្ឋនាការរបោះឆ្នោតកាលពីខែមេសាឆ្នាំមុន។ ប៉ុន្តែលោកត្រូវបានបាត់បង់សំឡេងជាច្រើនក្នុងសភា កាលពីខែមិថុនាក្នុងការបោះឆ្នោតជាមួយសភា។
គួរបញ្ជាក់ផងដែរ ប្រទេសបារាំងកំពុងស្ថិតនៅក្នុងការតវ៉ា និងកុបកម្មដ៏ធំមួយជាបន្តបន្ទាប់ កាលពីខែ
មករា មក ដែលបណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធដូចជា សាលារៀន រថភ្លើង សេវាសាធារណៈនិងកំពុងផែ រងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ សំរាមជាង ៧ពាន់តោននៅតាមដងផ្លូវ ដែលបណ្តាលឱ្យក្លាយទៅជាកន្លែងលែងទាក់ទាញភ្ញៀវទេសចរទៀតហើយ៕
ប្រែសម្រួល:ឡែង អារីតា
ប្រភបព័ត៌មាន៖ Protests rock France after Macron rams through pension reform

ads banner