មន្រ្តីនាំពាក្យក្រសួងពាណិជ្ជកម្ម៖រាជរដ្ឋាភិបាលកំពុងគិតគូពីតម្លៃប្រេងសាំងក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរដើម្បីឱ្យសមរម្យ និងប្រើប្រាស់គ្រប់គ្រាន់

ភ្នំពេញ ៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាន់តែជិតឈានមកដល់ និងព្រមជាមួយគ្នាតម្រូវការប្រើប្រាស់ប្រេឥន្ធនៈក៏មានកម្រិតមួយខ្ពស់ដោយសារពលរដ្ឋត្រូវធ្វើដំណើរចាកចេញទៅស្រុកកំណើត និងក៏ដូចជាដំណើរកម្សាន្តច្រើននោះ ត្រូវបានមន្រ្តីនាំពាក្យក្រសួងពាណិជ្ជកម្មលើកឡើងថា រាជរដ្ឋាភិបាលកំពុងគិតគូពីតម្លៃប្រេងឥន្ធនៈ ដើម្បីឱ្យមានកម្រិតមួយ សមរម្យ និងអាចប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ ។

ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខធិការ និង ជាមន្រ្តីនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងឱ្យដឹងថា៖ ចាប់តាំងតែពីដើមឆ្នាំនេះ និងពិសេសចាប់តាំងតែពីត្រីមាសទី៣ នៃដើមឆ្នាំ ២០២២មក តម្លៃប្រេងដែលក្រសួងខិតខំធ្វើការជាមួយវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនោះឃើញថា មានការធ្លាក់ចុះ ។ សម្រាប់ប្រេងធ្លាក់ចុះនេះ គឺស្របពេលតម្លៃប្រេងទីផ្សារអន្តរជាតិ ធ្លាក់ចុះផងដែរ។

មន្រ្តីនាំពាក្យរូបនេះ បន្តថា ”ទាក់ទិនទៅនឹងតម្លៃ ប្រេង ម៉ាស៊ូត កន្លងមកបានឡើងថ្លៃខ្ពស់ ប៉ុន្តែចាប់ពីខែកុម្ភៈ និង មីនា ឆ្នាំ២០២៣នេះ មាននិន្នាការធ្លាក់ថ្លៃវិញ ដែលធ្វើឱ្យពលរដ្ឋដែលប្រើប្រាស់ រថយន្ត ប្រេងម៉ាស៊ូត មានភាពងាយស្រួល ។ កាលពីមុនប្រេងម៉ាស៊ូតថ្លៃជាងប្រេងសាំង តែពេលនេះប្រេងម៉ាស៊ូតធ្លាក់ចុះជាងប្រេងសាំងវិញ។ យើងគួរសរសើររាជរដ្ឋាភិបាលយើងត្រង់ហ្នឹង!”។

ឯកឧត្តមបានពន្យល់ថា ការដែលក្រសួងពាណិជ្ជកម្មបានគណនាតម្លៃប្រេងរយៈ ១០ថ្ងៃម្តងនេះដើម្បីឱ្យទាន់តម្លៃប្រេងទីផ្សារពោលគឺ កុំឱ្យអ្នកលក់ខាត ឬក៏មានបញ្ហាអ្វីដែលទាក់ទងនឹងតម្លៃនេះ។យើងមិនអាចឱ្យអ្នកលក់គាត់រកស៊ីខាត ដែលធ្វើឱ្យគាត់លែងមានអ្វីលក់។ បើធ្វើអញ្ចឹងយើងនឹងជួបវិបត្តិបើគាត់ឈប់នាំប្រេងចូល។ មកដល់ពេលនេះយើងឃើញតម្លៃប្រេងបន្តធ្លាក់ចុះ”។

ទាក់ទិនក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះដែរ ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរមានភាពងាយស្រួល និងមានភាពសប្បាយរីករាយមិនបង្កប៉ះពាល់លើថវិកា ក្នុងការធ្វើដំណើរច្រើនត្រូវបានមន្រ្តីនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះថ្លែងបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកំពុងគិតរឿងនេះ។ ពេលនេះ ឃើញថា ប្រេងអាចឡើងបន្តិចបន្តួចតែមិនឡើងច្រើនទេ ហើយក្រសួងកំពុងរក្សាឱ្យបានបរិមាណប្រេងគ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់របស់ពលរដ្ឋ និងតម្លៃនោះទម្លាក់មួយសមរម្យ។

ឯកឧត្តម បញ្ជាក់បន្ថែមថា ”ទាំងក្រុមហ៊ុន និង ក្រសួងពាណិជ្ជកម្មបានសហការគ្នា ដោយក្នុងនេះធ្វើយ៉ាងណាឱ្យមានបរិមាណប្រេងគ្រប់គ្រាន់សម្រាប់លក់ និងទី២ តម្លៃប្រេងលក់រាយចាំបាច់ត្រូវទម្លាក់ថ្លៃមួយសមរម្យពោលគឺមិនឱ្យឡើងថ្លៃហួសហេតុ ប៉ុន្តែវានឹងមាននិន្នាការឡើងខ្លះដោសារតែយើងឃើញស្រាប់ ចុងក្រោយនេះវាបានឡើង ៥០រៀល។ ទោះបីយ៉ាងណាយើងក៏បានគិតគូពិចារណាដែរព្រោះថា ការឧបត្ថម្ភធនរបស់រាជរដ្ឋាភិបាលបានធ្វើម្តងហើយម្តងទៀតពីតម្លៃប្រេង។រាជរដ្ឋាភិបាលបានយកចិត្តណាស់ពីតម្លៃប្រេងនេះ”។

ជាមួយគ្នានេះ ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់បន្ថែមថា៖”យើងត្រូវគិតថា បញ្ហាប្រេងរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរក្សាស្ថេរភាពថ្លៃនេះ ដោយមានគោលការណ៍ ២ច្បាស់លាស់ គឺទី១ មានបរិមាណប្រេងគ្រប់គ្រាន់បម្រើពលរដ្ឋ និងទី២ មានតម្លៃសមរម្យឱ្យពលរដ្ឋប្រើប្រាស់ និងទន្ទឹមគ្នាក៏គិតដល់ការរស់រានរបស់វិស័យឯកជនដែរ ដើម្បីឱ្យគេអាចមានប្រេងលក់ឱ្យយើង បើមិនដូច្នេះបើគាត់ខាតលែងលក់ យើងនឹងឃើញដូចនៅប្រទេសគេដណ្តើមគ្នាទិញពុំខាន”។

គួរបញ្ជាក់ថា បើយោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៣០០រៀលក្នុងមួយលីត្រ រីឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner