ក្រសួងការងារ បានរៀបចំព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតចំនួនប្រាំពាន់នាក់ នៅខេត្តកំពង់ស្ពឺ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA)នៃក្រសួងការងារនិងបណ្តុះបណ្តុះវិជ្ជាជីវៈ នៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២៣នេះ បានរៀបចំនូវព្រឹត្តិការណ៍ជ្រើសរើសកម្មករនិយោជិតនៅក្នុងទីតាំង «បុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ»ដោយមានរោងចក្រ សហគ្រាសធំៗចំនួនប្រាំចូលរួមជ្រើសរើសកម្មករ កម្មការិនីជាងប្រាំពាន់នាក់ ។

កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់បងប្អូនកម្មករ កម្មការិនី រោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេលកន្លងមកនេះ ក៏ដូចជាដើម្បីរក្សាលំនឹងជីវភាព និងប្រាក់ចំណូលរបស់បងប្អូនកម្មករ បន្ថែមពីលើការទទួលបាននូវការគាំពារតាមរយៈការឧបត្ថម្ភសាច់ប្រាក់ពីសំណាក់រាជរដ្ឋាភិបាល។

កម្មការិនី លាង សូនីត ដែលបានចូលរួមព្រឹត្តិការណ៍នោះបានថ្លែងថា ៖«សម្រាប់ខ្ញុំផ្ទាល់សប្បាយចិត្ត ដោយសារតែគេរៀបចំកម្មវិធីនេះឡើង ដើម្បីឱ្យអ្នកដែលអត់មានការងារធ្វើមកដាក់ពាក្យ ចឹងព្រឹត្តិ​ការណ៍នេះគឺជាឱកាសសម្រាប់ខ្ញុំផ្ទាល់ និងកម្មករ​ និយោជិតផ្សេងទៀតមានឱកាសរកការងារធ្វើ»។

ជាមួយគ្នានេះដែរកម្មករនិយោជិតលោក វី វុត្ថា រស់នៅខេត្តកំពង់ស្ពឺ បាននិយាយថា ៖«ខ្ញុំមកចូលរួមក្នុងវេទិកានេះ ដើម្បីស្វែងរកការងារធ្វើ ដែលនៅក្នុងនេះឃើញមានការចូលរួមពីមន្រ្តីការងារ ដែលគាត់បានដឹកនាំជួយតម្រង់ទិសដល់កម្មករនិយោជិតដែលព្យួរការងារផងដែរ»។


ការរៀបចំព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតនេះ ត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ  មន្ទីរការងារខេត្តកំពង់ស្ពឺ និងអជ្ញាធរមូលដ្ឋាន ដើម្បីជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ពិសេសបងប្អូនកម្មករ កម្មការិនី ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល។

NEA នឹងបន្តរៀបចំព្រឹត្តិការណ៍ដូចគ្នានេះ នៅតាមបណ្តាខេត្តដទៃទៀត ពិសេសខេត្តដែលមានតម្រូវការកម្លាំងពលកម្មច្រើនៗ ដើម្បីឱ្យបងប្អូន កម្មករ កម្មការិនី ឆាប់ទទួលបានការងារ។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិត នាពេលក្រោយទៀត សូមទាក់ទងមក NEA តាមរយៈលេខទូរស័ព្ទ  ០១៧ ៤៦ ៧៤ ២៣។

ពាក់ព័ន្ធវិស័យវាយនភណ្ឌនេះដែរ រាជ​រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឧបត្ថម្ភ​ប្រាក់​ជូន​កម្មករ-​កម្មការិនី ​ចន្លោះពី​ ៣៥-៧០​ ដុល្លារ ​ក្នុង​អំឡុង​ពេល ​ដែល​ត្រូវ​ព្យួរ​កិច្ចសន្យា​ការងារ​ចាប់ពី​ខែមេសា ​ឆ្នាំ ២០២៣ ​តទៅ ​ដើម្បី​រក្សា​លំនឹង​ជីវភាព​របស់​កម្មករ ​និង​ធានា​បាន​នូវ​ស្ថិរភាព​អាជីវ​កម្មករ​រោងចក្រ​ដែល​មាន​ការថមថយ​ចង្វាក់​ផលិតកម្ម​ក្នុង​បរិបទ​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល៕

ដោយ៖ សុខ រក្សា

ads banner