ក.ប.ប. រកឃើញទឹកពិសាមួយចំនួនមិនអនុលោមតាមច្បាប់ បង្កផលប៉ះពាល់ដល់ទារកបរិភោគទឹកនោះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំឬ ក.ប.ប. បានរកឃើញថា ម្ចាស់ផលិតផលទឹកពិសាមួយចំនួនដែលកំពុងចរាចរលក់នៅលើទីផ្សារបានផ្សព្វផ្សាយលក់ផលិតផលរបស់ខ្លួនដោយភ្ជាប់នូវសេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំ ហើយទង្វើនេះបានប៉ះពាល់ដល់ទារកដែលបានប្រើប្រាស់ទឹកនោះផងដែរ។

សេចក្តីជូនដំណឹងរបស់«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣ បានឱ្យដឹងថា តាមរយៈការស្រាវជ្រាវ និងស៊ើបអង្កេតរបស់មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានពិនិត្យឃើញថា មានម្ចាស់ផលិតផលទឹកពិសាមួយចំនួន ដែលកំពុងចរាចរលក់នៅលើទីផ្សារ បានផ្សព្វផ្សាយលក់ផលិតផលរបស់ខ្លួនដោយភ្ជាប់នូវសេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំ។ ជាក់ស្ដែង ក្រុមហ៊ុនផលិតទឹកពិសាមួយចំនួន បានប្រើប្រាស់រូបភាព ស្ត្រីបំបៅទារក រូបទារក និងដបទឹកដោះគោ ក៏ដូចជាខ្លឹមសារដែលមានអត្ថន័យថា “ទឹកពិសារបស់ខ្លួន មានមុខងារសម្រាប់ឆុងជាមួយ ម្សៅដោះគោ ដើម្បីបំបៅទារក ឬរូបភាពបង្កប់ន័យផ្សេងទៀត។

ក.ប.ប. សង្កត់ធ្ងន់ថា៖«ការផ្សព្វផ្សាយទាំងនេះ បង្កឱ្យមានការភាន់ច្រឡំដល់អ្នកប្រើប្រាស់ ដែលផ្ទុយពីបទប្បញ្ញត្តិ ពិសេសខ្លឹមសារនៃអនុក្រឹត្យលេខ១៣៣ អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៥ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ និងគោលការណ៍ណែនាំ របស់អង្គការសុខភាពពិភពលោក ដែលអាចបង្កហានិភ័យដល់សុខភាព អ្នកប្រើប្រាស់ដែលជាទារក»។

ប្រភពដដែលបន្តថា ដើម្បីការពារផលប៉ះពាល់ដល់អត្ថប្រយោជន៍របស់មាតាបីតា ឬអាណាព្យាបាល និងសុខភាពរបស់ ទារកដែលជាទំពាំងស្នងឬស្សី ក្នុងរយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋាន ក.ប.ប. បានយកចិត្តទុកដាក់ ស្រាវជ្រាវ ស៊ើបអង្កេត និងបានរកឃើញនូវភាពមិនអនុលោមទៅនឹងច្បាប់និងបទប្បញ្ញត្តិជាធរមាននានា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយលក់ផលិតផលទឹកពិសា ដោយភ្ជាប់នូវសេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ហើយត្រូវបានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ចេញសេចក្តីសម្រេចអនុវត្តវិធានការច្បាប់ចំពោះករណីបំពាននេះ ដល់ក្រុមហ៊ុនផលិតទឹកពិសាមួយចំនួនរួចហើយផងដែរ។

ក.ប.ប. បន្ថែមថា ក្នុងគោលបំណង លើកកម្ពស់ឧត្តមភាពនៃការបំបៅទារកដោយទឹកដោះម្តាយ និងបង្ការនូវហានិភ័យផ្សេងៗដល់សុខភាពទារក អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តការយកចិត្តទុកដាក់ជំរុញការអនុវត្តច្បាប់លើការលក់ផលិតផលទឹកពិសា ដែលមានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត។

 ក.ប.ប. ស្នើដល់លោក លោកស្រី ដែលជាម្ចាស់ អ្នកគ្រប់គ្រងផ្សារទំនើប ហាងលក់ទំនិញ និងអាជីវករលក់ទំនិញតាមបណ្តាផ្សារទាំងអស់ សូមផ្ដល់កិច្ចសហការជាមួយមន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានក.ប.ប. និងសូមកុំទទួលយកនូវផលិតផល ទឹកពិសាដែលមានភ្ជាប់នូវសេចក្តីបរិយាយពាណិជ្ជកម្មមិនពិត មកដាក់តាំងលក់ក្នុងផ្សារទំនើប ផ្សារ និងហាងលក់ទំនិញរបស់ខ្លួន។

ក.ប.ប. បញ្ជាក់ថា៖«មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. នឹងធ្វើការប្រមូលផលិតផលទឹកពិសា ដែលមានភ្ជាប់សេចក្តី បរិយាយពាណិជ្ជកម្មមិនពិត ប្រសិនបើរកឃើញផលិតផលទាំងនោះ មាននៅក្នុងផ្សារទំនើប ផ្សារ ឬហាងលក់ ទំនិញនានា និងបន្តស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីអនុវត្តវិធានការច្បាប់ទៅលើក្រុមហ៊ុនដើម (ក្រុមហ៊ុនផលិត ឬ នាំចូលទឹកពិសា) ជាបន្តទៀត»។

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំចំពោះកិច្ចសហការយ៉ាងយកចិត្ត ទុកដាក់របស់ លោក លោកស្រីដែលជា ម្ចាស់ អ្នកគ្រប់គ្រង ផ្សារទំនើប ផ្សារ និងហាង លក់ទំនិញទាំងអស់ក្នុងបេសកកម្មការពារសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬបណ្តាញទំនាក់ទំនងសង្គមរបស់អគ្គនាយកដ្ឋាន ក.ប.ប. ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣ ២៣១ ៨៥៦ និង ០៩២ ៨៣០ ៨៥៦៕ ដោយ៖ សុខ រក្សា

ads banner