មន្ត្រី-បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរា៖ ការប្រើប្រាស់ម៉ាស៊ីន GPR ជាផ្នែកមួយសំខាន់ក្នុងការធ្វើកំណាយបុរាណ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ សិក្ខាកាមដែលជាមន្ត្រី-បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរាបាននិយាយថា ការប្រើប្រាស់ម៉ាស៊ីនGPRដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវិទ្យា គឺពិតជាមានសារៈសំខាន់ ដែលជាផ្នែកមួយជួយសម្រួលដល់រាល់ការធ្វើកំណាយស្រាវជ្រាវ ចំណេញពេលវេលា និងកម្លាំងពលកម្មផងដែរ។

ការលើកឡើងនេះ បន្ទាប់ពីសិក្ខាកាមចំនួនប្រាំមួយនាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពលើកទី៣ ក្នុងការប្រើប្រាស់ម៉ាស៊ីន GPR (Ground Penetrating Radar) រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមីនា រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ សិក្ខាកាមចំនួនប្រាំមួយនាក់ ជាមន្ត្រី-បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរា ក្នុងនោះមកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ចំនួនបួននាក់ និងនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ ចំនួនពីរនាក់ ។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ គឺផ្តោតទៅលើការប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុនៅក្រោមដីក្នុងតំបន់អង្គរ ដោយសិក្សាលើទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅទីតាំងបុរាណដ្ឋានផ្ទាល់ ដែលអាជ្ញាធរជាតិអប្សរា សហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF)។

លោក រ៉ម វិចិត្រ មន្រ្តីបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះផ្តោតលើការប្រើប្រាស់ម៉ាស៊ីន GPR និងការវិភាគទិន្នន័យ។ ក្រៅពីរៀនទ្រឹស្តីនៅក្នុងថ្នាក់ ក៏អនុវត្តជាមួយម៉ាស៊ីន GPR នៅលើទីតាំងបុរាណដ្ឋានផ្ទាល់ និងបានយកទិន្និន័យដែលទទួលបាននោះមកវិភាគនៅក្នុងថ្នាក់ជាមួយគ្រូបង្គោលជំនាញភូគព្ភវិទូផ្នែកបុរាណវិទ្យាកូរ៉េ នៅវិទ្យាស្ថានជាតិស្រាវជ្រាវបេតិកភណ្ឌវប្បធម៌។

 លោក វិចិត្រ បន្តថា ម៉ាស៊ីននេះ មានសមត្ថភាពអាចមើលឃើញវត្ថុនៅក្នុងដី និងបម្រែបម្រួលស្រទាប់ដីពីមួយស្រទាប់ទៅមួយស្រទាប់ អាចដឹងថាទីតាំងនោះ ជាប្រលាយ ឬជាអ្វីផ្សេងៗដែលលុបកប់បាត់នៅក្នុងដីជាយូរឆ្នាំមកហើយ ដែលយើងមើលនិងភ្នែកទទេមិនឃើញ។

បុគ្គលិកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា អ្នកស្រី បឿត សុប៉ាក បានឱ្យដឹងដែរថា ការប្រើប្រាស់ម៉ាស៊ីន GPR នៅក្នុងវិស័យបុរាណវិទ្យា ពិតជាទទួលបានទិន្នន័យជាក់លាក់មួយ ដើម្បីយកធ្វើជាឯកសារយោងមុននឹងកំណាយស្រាវជ្រាវអ្វីមួយ ដែលអាចចំណេញទាំងពេលវេលា និងកម្លាំងពលកម្មផង។ អ្នកស្រីបន្តថា ទោះបី មិនច្បាស់លាស់១០០ភាគរយ តែជាផ្លូវមួយឱ្យយើងជ្រើសរើសទីតាំងស្រាវជ្រាវបានត្រឹមត្រូវ និងសុក្រិតជាងមុន។

លោក រ៉ម វិចិត្រ និងអ្នកស្រី បឿត សុប៉ាក បានបញ្ជាក់ថា ទោះបី វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលខ្លី ក៏ប៉ុន្តែអាចយល់បាន និងបានផ្តល់នូវចំណេះដឹងច្រើនទាំងការប្រើប្រាស់ម៉ាស៊ីន GPR ព្រមទាំងមេរៀន ដែលគ្រូបង្គោលយកចិត្តទុកដាក់ទៅលើការសិក្សារបស់សិក្ខាកាមទាំងអស់គ្នា ដែលតែងតែសួរនាំ  ព្យាយាមពន្យល់ លើកទឹកចិត្ត និងជំរុញដោយមិនមានភាពនឿយហត់ ដើម្បីឱ្យសិក្ខាកាមបានដើរទៅមុខបានទាំងអស់គ្នា។

សិក្ខាកាមទាំងអស់ បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដែលបានបង្កើតវគ្គបណ្តុះបណ្តាលនេះឡើង និងផ្តល់ឱកាសក្នុងការសិក្សាស្វែងយល់ទទួលចំណេះដឹងថ្មី ដើម្បីអនុវត្តការងារប្រចាំថ្ងៃកាន់តែមានប្រសិទ្ធភាព។ ពិសេសសិក្ខាកាមក៏សំណូមពរដល់ស្ថាប័នទាំងពីរ បន្តសហការគ្នាបណ្តុះបណ្តាលដល់មន្រ្តី-បុគ្គលិករបស់អាជ្ញាធរជាតិអប្សរាជាបន្តទៀត នាពេលអនាគត៕

ដោយ៖សុខ រក្សា

ads banner