ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំនិងសម្រេចបាននូវសមិទ្ធផលជាច្រើន ពិសេសក្នុងវិស័យហ្វឹកហ្វឺន

ខេត្តកំពង់ស្ពឺ ៖ ក្នុងពិធីសម្ពោធសមិទ្ធផលនានា និងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣៤, វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជាជំនាន់ទី៦, វគ្គហ្វឹកហ្វឺនជំនាញឯកទេសមុជទឹកជំនាន់ទី៩ និងវគ្គហ្វឹកហ្វឺនជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន អបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានតស៊ូព្យាយាមហ្វឹកហ្វឺនរៀនសូត្រ និងអត់ធន់ជម្នះការលំបាករហូតបានបញ្ចប់វគ្គដោយជោគជ័យជាមួយនឹងលទ្ធផលគួរជាទីមោទនៈ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក៏បានអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាច្រើន រួមមានជាអាទិ៍៖ ស្ពានឆ្លងស្ទឹងតាសាល, ផ្លូវ និងលូភ្ជាប់ពីសាលាឆត្រយោងទៅសាលាទ័ពពិសេស, អគារពហុសិក្សា, សំណង់បច្ចេកទេសលោឆត្រ (Tower), អគារស្នាក់នៅរបស់កងឧទ្ធម្ភាគចក្រ និងកងការពារ ដែលត្រូវបានកសាងឡើងក្រោមការជួយឧបត្ថម្ភគាំទ្រពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអង្គភាពសម្ព័ន្ធមេត្រីភាព និងសប្បុរសជននានា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងបន្តថា ការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំ និងសម្រេចបាននូវសមិទ្ធផលជាច្រើនមកហើយ ជាពិសេសក្នុងវិស័យហ្វឹកហ្វឺន ដែលផ្តោតលើគោលបំណងជាអាទិភាពចំនួន ០២ គឺ៖. ការបង្កើនសមត្ថភាព និងប្រសិទ្ធភាពឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខស្របទៅតាមការវិវត្តប្រែប្រួលនៃសភាពការណ៍, និង. ការធានាភាពម្ចាស់ការឯករាជ្យក្នុងការហ្វឹកហ្វឺន ដើម្បីពង្រឹងនិរន្តភាពនៃសមត្ថភាពឆ្លើយតបចំពោះបញ្ហាប្រឈមទាំងក្នុងសមរភូមិបែបប្រពៃណី ដែលសំដៅដល់ការប្រយុទ្ធបែបកម្លាំងទល់នឹងកម្លាំង និងសមរភូមិមិនមែនប្រពៃណី ដែលសំដៅដល់ការប្រយុទ្ធនឹងអំពើភេរវកម្ម និងគ្រោះមហន្តរាយនានាជាដើម ។

ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលការងារទាំងឡាយ ដែលបញ្ជាការដ្ឋានទ័ពពិសេសខិតខំសម្រេចបានក្នុងឆ្នាំ២០២២ កន្លងទៅនេះ ទាំងលើការបំពេញភារកិច្ចស្នូល, ភារកិច្ចជំនាញ និងការសហការការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរ ខណៈដែលជាឆ្នាំដ៏មមាញឹកមួយសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ដែលត្រូវទទួលភារកិច្ចក្នុងការរៀបចំកិច្ចប្រជុំថ្នាក់តំបន់ និងថ្នាក់សាកលសំខាន់ៗជាច្រើន ហើយក៏ជាឆ្នាំនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ផងដែរ ៕ ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner