ក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍ រំពឹងពីលំហូរទេសចរទៅវិញទៅមករវាងកម្ពុជា និងជប៉ុន ក្រោយជប៉ុនដាក់ឱ្យប្រើប្រាស់នូវE-visa សម្រាប់ទេសចរកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ:
ក្រោយពីការដាក់ឱ្យប្រើប្រាស់នូវទិដ្ឋាការអេឡិចត្រូនិករបស់ប្រទេសជប៉ុន សម្រាប់ភ្ញៀវទេសចរកម្ពុជាដែលមានបំណងធ្វើដំណើរទៅប្រទេសជប៉ុនក្នុងរយៈពេល ៩០ថ្ងៃ ក្រសួងទេសចរណ៍កម្ពុជា មានក្តីរំពឹងថា សមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធនិងសាធារណជន ជ្រាប នឹងងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយសំដៅទាក់ទាញលំហូរទេសចរទៅវិញទៅមករវាងប្រទេស កម្ពុជា និងប្រទេសជប៉ុន ឱ្យកាន់តែច្រើនឡើងថែមទៀត។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា តាមរយៈលិខិតលេខ ១១១ AI/Con ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងតាមរយៈកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុននឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ឋទិដ្ឋាការអេឡិចត្រូនិក(JAPAN E-VISA System) សម្រាប់ភ្ញៀវទេសចរកម្ពុជាដែលធ្វើដំណើរទៅទស្សនាប្រទេសជប៉ុនក្នុងរយៈពេលមិនលើសពី ៩០ថ្ងៃ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងថា ការដាក់ឱ្យប្រើប្រាស់នូវទិដ្ឋាការអេឡិចត្រូនិករបស់ប្រទេសជប៉ុននេះ មិនត្រឹមតែមានលំហូរចេញនៃទេសចរកម្ពុជា ទៅកាន់ប្រទេសជប៉ុនប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជាការស្រូបទាញមកវិញនូវទេសចរជប៉ុនមកកម្ពុជាដែរ តាមរយៈការជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ វប្បធម៌ធម្មជាតិ និងប្រវត្តិសាស្រ្តរបស់ទេសចរកម្ពុជា ពេលដែលពួកគាត់ទៅកម្សាន្តនៅជប៉ុន។

លោកស្រីបានបញ្ជាក់ថា៖« ទេសចរជប៉ុន គឺជាទីផ្សារល្អមួយសម្រាប់កម្ពុជា ដោយកាលពីមុនកូវីដ១៩ ជប៉ុន ស្ថិតនៅក្នុងចំណោមប្រទេសទាំង១០ ដែលបានមកកម្សាន្តនៅកម្ពុជាច្រើនជាងគេ។ជនជាតិជប៉ុនគាត់មានការចំណាយច្រើន នៅពេលមកកំសាន្តនៅកម្ពុជាដូចជាងការស្នាក់នៅ ម្ហូបអាហារ និងការប្រើប្រាស់សេវាកម្មទេសចរណ៍នានានៅកម្ពុជា ដោយសារជនជាតិនេះ ចូលចិត្តសិក្សាលម្អិតពីរមណីយដ្ឋានានា ពេលទៅដល់។ដូចនេះភ្ញៀវជប៉ុនតែងតែមានការស្នាក់នៅរយៈពេលវែង»។

របាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបង្ហាញថា គិតមកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ សម្រាប់រយៈ១២ខែ (មករា-ធ្នូ) កម្ពុជាទទួលបានអ្នកដំណើរ ចំនួនជាង ២ លាននាក់ (២,៣៨២,០០០), មានការកើនឡើងជិត ៩០០ ភាគរយ បើធៀបទៅនឹងរយៈពេល១២ខែ ដូចគ្នា(មករា-ធ្នូ) នៅឆ្នាំ២០២១, បើធៀបទៅនឹង រយៈពេល១២ខែដូចគ្នាទៅនឹងឆ្នាំ២០១៩ គឺ អ្នកដំណើរ មានចំនួនប្រមាណតែ២៥ភាគរយ ប៉ុណ្ណោះ នៃឆ្នាំ២០១៩ ។ចំនួនជើងហោះហើរមានចំនួនជិត ៣ សែនជើង (២៨,៩០០) មានការកើនឡើងជាង២៦០ភាគរយ បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា(មករា-ធ្នូ) នៅឆ្នាំ២០២១, បើធៀបទៅនឹង រយៈពេល១២ខែដូចគ្នានៅ ឆ្នាំ២០១៩ គឺ ចំនួនជើងហោះហើរ មានចំនួនប្រមាណតែ២៨ភាគរយប៉ុណ្ណោះនៃឆ្នាំ២០១៩ ។ ក្នុងឆ្នាំ២០២៣ នេះ យើងរំពឹងទុកថា ចំនួនអ្នកដំណើរ នឹងមានកើនឡើងរហូតជាង ៤ លាននាក់ និងចំនួនជើងហោះហើរ នឹងមានកើនឡើងរហូត ដល់ជិត ៣ សែនជើង ៕
ដោយ:វណ្ណ សុជាតា

ads banner