មន្ទីរអប់រំរាជធានីភ្នំពេញសរសើរដល់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និង ឯកជនដែលបញ្ជូន ក្រុមកីឡាមកចូលរួមប្រកួតកីឡា សិស្ស ជើងឯករាជធានី

ភ្នំពេញ ៖ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ បានលើកសរសើរ ដល់គ្រឹះស្ថានសិក្សា ឭរដ្ឋ និង ឯកជន ដែលបានបញ្ជូនក្រុមកីឡាមកចូលរួមប្រកួត កីឡាសិស្សមធ្យមសិក្សា ជើងឯករាជធានីភ្នំពេញ ឆ្នាំសិក្សា២០២២-២០២៣ ដែលនេះគឺជាការចូលរួម កសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់ យុវជន យុវនារី ឱ្យចូលរួមហាត់ និង លេងកីឡាទៅតាមប្រភេទដែលពួកគេចូលចិត្ត ដែលបានចូលរួម ក្នុងការកាត់បន្ថយនូវអំពើអបាយមុខ ដែលបង្កឡើងនៅក្នុងសង្គម ។

លោក អ៊ុកចន្ថា បានថ្លែងដូច្នេះ ក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជើងឯករាជធានីភ្នំពេញ ឆ្នាំសិក្សា២០២២-២០២៣ នាព្រឹក ថ្ងៃ ទី១៧ ខែមីនា ឆ្នាំ ២០២៣ នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ ។

លោក អនុប្រធានមន្ទីរ បានបន្ដថា ការហាត់ និងលេងកីឡា ជាកត្តាចាំបាច់ដែលនាំមកនូវ ការស្គាល់ យល់គ្នា និងស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឱ្យសង្គមជាតិយើង មានការឯកភាព និងសាមគ្គីភាព ដ៏រឹងមាំក្នុងការកសាង និងការពារជាតិយើងចាប់ពីយុវជនទៅ ។ ហើយក៏ជាការ ចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលកំពុងឈានឆ្ពោះទៅរកកម្រិតមួយ ស្របនិងការវិវត្តន៍និងរីកចម្រើនរបស់ប្រទេសជាតិ ។ ទន្ទឹមគ្នានេះដែរ កម្ពុជាកំពុងត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលត្រូវរៀបចំនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ។

ជាមួយគ្នានេះដែរ លោក បានអំពានាវដល់គ្រឹះស្ថានសិក្សារដ្ឋ ដែល មិនបានដាក់ក្រុមកីឡារបស់ខ្លួន មកចូលរួមប្រកួត នៅ ឆ្នាំនេះសូមឲ្យលោកនាយក គ្រឹះស្ថានស្ថានសិក្សាទាំងនោះ មានឆន្ទៈគោរពទៅតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា ។លោកបានសំណូមពរ ឲ្យកីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី ទាំងអស់ត្រូវយកចិត្តទុកដាក់បន្តបង្កើនសមត្ថភាព និងបន្តហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតថ្នាក់ជាតិ នៅខែកញ្ញា ឆ្នាំ២០២៣នៅរាជធានីភ្នំពេញដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកីឡាជាតិយើង ឱ្យមានការរីកចម្រើន។

បើតាម លោក ស្រេង សេង ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជននិងកីឡាឲ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជើងឯករាជធានីភ្នំពេញក្នុងឆ្នាំនេះ មាន៦ប្រភេទកីឡា គឺ បាល់ បោះ បាល់ទាត់ បាល់ទះ អត្តពលកម្ម ប៉េតង់ និង វាយកូនឃ្លីលើតុ ដែលមានប្រតិភូដឹកនាំគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន១៥៨៣នាក់ មាននារី៥១០នាក់ ធ្វើការប្រកួតរយៈពេល១សប្ដាហ៍ ។

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ សម្រាប់លទ្ធផលលើប្រភេទបាល់ទាត់ ផ្នែកយុវជន អាយុក្រោម១៦ឆ្នាំ លេខ១ បានទៅក្រុម វិទ្យាល័យជាស៊ីម សាមគ្គី ។ ផ្នែកយុវនារី អយុក្រោម១៦ឆ្នាំ លេខ១ ក្រុមវិទ្យាល័យជាស៊ីមជ្រោយចង្វារ ។ បាល់ទាត់ យុវជនអាយុក្រោម១៨ ឆ្នាំ លេខ១ ក្រុមវិទ្យាល័យ ឥន្ទ្រទេវី ។ បាល់ទាត់ យុវនារី អាយុក្រោម១៨ ឆ្នាំ លេខ១បានទៅ ក្រុមវិទ្យាល័យទួលអំពិល។ចំណែកប្រភេទកីឡាដទៃទៀតគណៈកម្មការរៀបចំ បានប្រគល់ពាននិងរង្វាន់ ជូនតាំងពីថ្ងៃ បានប្រកួតចប់មកម្លេះ ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner