ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ សុខុដុមនីយកម្មសាសនានៅកម្ពុជា ផ្អែកលើកត្តាចំនួន២

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សុខុដុមនីយកម្មសាសនានៅកម្ពុជា ផ្អែកលើកត្តាចំនួន ២ ៖ ទី១. ការចូលរួមចំណែកពីគ្រប់សហគមន៍សាសនាតាមរយៈជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការប្រកាន់ជំហរបើកទូលាយមិនចង្អៀតចង្អល់ និងទី២. ការបង្កលក្ខណៈនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ការគាំទ្រដល់សហគមន៍ខ្មែរអ៊ិស្លាម រួមមានជាអាទិ៍៖ ការបើកទូលាយឱ្យទទួលជំនួយឧបត្ថម្ភដើម្បីអភិវឌ្ឍសហគមន៍, ការបញ្ចូលគ្រូបង្រៀនខ្មែរអ៊ិស្លាម ១.៥០០នាក់ ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា, ការអនុញ្ញាតឱ្យសិស្ស-និស្សិតស្ត្រីឥស្លាមអាចពាក់ Hijab នៅតាមគ្រឹះស្ថានអប់រំសាធារណ:, ការអនុញ្ញាតឱ្យសាសនិកឥស្លាមអាចស្លៀកសម្លៀកបំពាក់តាមប្រពៃណីរបស់ខ្លួនក្នុងការថតរូបដើម្បីធ្វើឯកសារនានា, ការអនុញ្ញាតឱ្យមានការបង្កើតស្ថាប័ន Halal កម្ពុជា, ការបើកឱ្យមានកម្មវិធីបុណ្យអិចស្ទីម៉ាក ដែលជាការជួបជុំសាសនិកឥស្លាមក្នុង និងក្រៅប្រទេស ដើម្បីស្តាប់ធម៌ និងការរៀបចំសកម្មភាពគាំទ្រផ្សេងៗជាច្រើនទៀតដល់សហគមន៍ខ្មែរអ៊ិស្លាម។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធវិហារអ៊ិស្លាមម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា នៅក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការសម្ពោធសមិទ្ធផលវិហារម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា ដែលកើតចេញពីស្មារតីរួបរួមគ្នារបស់បងប្អូនសាសនិកឥស្លាម ទាំងក្នុងមូលដ្ឋាន ខេត្តតាកែវ ក៏ដូចជាទាំងក្នុង និងក្រៅប្រទេស លើមូលដ្ឋាននៃការគោរពប្រតិបត្តិជំនឿសាសនា និងសិល្បៈនៃការចែករំលែក។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអរគុណចំពោះអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋជាសាសនិកអ៊ិស្លាមទាំងអស់ ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរដែនដី ក្នុងការថែរក្សាបាននូវភាពសុខដុមរមនាក្នុងមូលដ្ឋាន និងនៅទូទាំងប្រទេស នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះជាតិខ្មែរឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានដឹកនាំកសាង និងអភិវឌ្ឍប្រទេសអស់រយៈកាលជាង ៤០ឆ្នាំ កន្លងមកនេះ រហូតមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងការបង្កលក្ខណៈដល់ការអនុវត្តសិទ្ធិសេរីភាពផ្នែកជំនឿសាសនាផងដែរ ដោយមិនមានការរើសអើងសាសនា ឬជាតិសាសន៍ សំដៅថែរក្សាបាននូវសន្តិភាព ស្ថិរភាព និងសុខដុមនីយកម្មក្នុងសង្គមកម្ពុជា៕
ដោយ៖ពលជ័យ

ads banner