កម្ពុជានិងប៉ាគីស្ថាន ឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានគណៈកម្មាធិការរួមគ្នារវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖កម្ពុជា និងប៉ាគីស្ថាន បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានគណៈកម្មាធិការរួមគ្នារវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ខណៈដែលប្រទេសទាំងពីរមានសក្តានុពលជាច្រើន ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីមានទំហំតិចតួចនៅឡើយ។

ការឯកភាពនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារលើការជំរុញកំណើនពាណិជ្ជកម្មរវាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម  ជាមួយលោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា  កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ប្រភពពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងជំនួបនោះឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើឱ្យសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថានស្វែងរកពីលទ្ធភាពក្នុងការពង្រឹងកំណើននៃពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីដោយលើកទឹកចិត្តសភាពាណិជ្ជកម្ម សមាគមធុរកិច្ច និងក្រុមហ៊ុននៃប្រទេសទាំងពីរ ឱ្យធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មជាមួយគ្នា ដើម្បីពង្រីកឱកាសបណ្តាញអាជីវកម្ម តាមរយៈកិច្ចសន្ទនា B2B ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ក្រៅពីកិច្ចសន្ទនាB2B ប្រទសទាំងពីរអាចពង្រីការសហការគ្នាលើការផ្គូរផ្គងពាណិជ្ជកម្ម ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងពិព័រណ៍ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ពីតម្រូវការទីផ្សារនាំចេញ និងជំរុញការបណ្តាក់ទុនអាជីវកម្មរួមគ្នា។

ឯកឧត្តមបានឱ្យដឹងទៀតថា ទំហំពាណិជ្ជកម្មទ្វេភាគីមានទំហំតិចតួចនៅឡើយ ប៉ុន្តែប្រទេសទាំងពីរនៅតែមានវិស័យសក្តានុពលជាច្រើន ដើម្បីធ្វើឱ្យរីកចម្រើនទាក់ទងនឹងពាណិជ្ជកម្ម និងការវិនិយោគ។ ឯកឧត្តមបន្តថា ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអាស៊ានបូក១ បច្ចុប្បន្នកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយប្រទេសចិន និងកូរ៉េខាងត្បូង

ហើយក៏ជាភាគីនៃកិច្ចព្រមព្រៀង RCEP ដែលកម្ពុជាមានទីផ្សារដ៏ធំសម្រាប់វិស័យធុរកិច្ច។ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្ពុជា-អារ៉ាប់រួម (CEPA) ទើបតែត្រូវបានប្រកាសពីការបញ្ចប់ការចរចា។ ដូច្នេះ វិនិយោគិនប៉ាគីស្ថានអាចមកបណ្តាក់ទុននៅកម្ពុជា និងទាញយកអត្ថប្រយោជន៍ពី FTA ទាំងនេះ ដើម្បីលើកកម្ពស់ការនាំចេញ។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងទៀតថា លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថានប្រចាំកម្ពុជា បានលើកឡើងថា ប៉ាគីស្ថានមានវិស័យសក្តានុពលមួយចំនួន ដូចជា វាយនភណ្ឌ ថ្មម៉ាប ជាដើម ហើយប៉ាគីស្ថានបាននាំចូលប្រេងដូងយ៉ាងច្រើនពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី និងនាំចូលគ្រាប់ស្វាយចន្ទីពីប្រទេសវៀតណាម។  បន្ថែមពីលើនេះ ប៉ាគីស្ថាន អាចមានលទ្ធភាពផ្តល់ជំនួយបច្ចេកទេសក្នុងការចិញ្ចឹមសត្វ បើកម្ពុជាមានតម្រូវការ។

ប្រភពដដែលបានបញ្ជាក់ថា៖« ប៉ាគីស្ថាន ឯកភាពជាមួយកម្ពុជា ក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានគណៈកម្មាធិការរួមគ្នារវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ»៕

ដោយ៖វណ្ណ សុជាតា

ads banner