ប្រទេសម៉ិកស៊ីប្រារព្ធខួបលើកទី ៨៥ នៃការធ្វើជាតូបនីយកម្មប្រេង
ម៉ិកស៊ីកូ៖ ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក អេនត្រេ មែនូអែល លូប៉េស (Andres Manuel Lopez) បានដឹកនាំការប្រារព្ធពិធីខួបលើកទី ៨៥ នៃការដកហូតប្រេង ជាការធ្វើជាតូបនីយកម្មនៃឧស្សាហកម្មប្រេង។
ការប្រមូលផ្តុំប្រារព្ធខួបលើកទី៨៥ នៃការធ្វើជាតូបនីយកម្មនៃឧស្សាហកម្មប្រេង ដែលជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រម៉ិកស៊ិក ត្រូវបានរៀបចំឡើង កាលពីថ្ងៃសៅរ៍ ទី១៨ មីនា ឆ្នាំ២០២៣។

លោកប្រធានាធិបតី អេនត្រេ មែនូអែល លូប៉េស បាននិយាយថា «យើងត្រូវតែបញ្ជាក់ជាថ្មីអំពីឯករាជ្យភាព អធិបតេយ្យភាពរបស់យើង ចងចាំការសម្រេចចិត្តជាប្រវត្តិសាស្ត្រនេះ»។
លោកប្រធានាធិបតី ដែលគេស្គាល់ថាមានឈ្មោះ AMLO រូបនេះ បានលើកឡើងសំដៅទៅលើការដកហូតក្រុមហ៊ុនបរទេសចំនួន ១៧ ដែលបានដាក់ចេញចេញ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៣៨ ដោយអតីតប្រធានាធិបតី ឡាហ្សារ៉ូ ខាដេណាស់ (Lazaro Cardenas) ។

អតីតប្រធានាធិបតីរូបនេះក៏ត្រូវបានគេស្គាល់ផងដែរ ពីការដែលលោកបានផ្តល់សិទ្ធិជ្រកកោនដល់បដិវត្តន៍រុស្ស៊ី លីអន ត្រត ស្គី (Leon Trotsky) ដែលត្រូបានគេធ្វើឃាត នៅឆ្នាំ១៩៤០ នៅទីក្រុងម៉ិកស៊ិក ដោយភ្នាក់ងារស្តាលីន ហើយនិងដល់ពួកសាធារណរដ្ឋអេស្ប៉ាញ ដែលរត់ចេញពីរបបផ្តាច់ការ ហ្វ្រានកូ (Franco) ។
ការជួបជុំគ្នា នៅថ្ងៃសៅរ៍នេះ បានកើតឡើង នៅរយៈពេលបីសប្តាហ៍ បន្ទាប់ពីបាតុកម្មរបស់បក្សប្រឆាំងប្រឆាំងនឹងកំណែទម្រង់ការបោះឆ្នោតរបស់ លោកប្រធានាធិបតី ដែលត្រូវបានអនុម័តដោយសភា។

សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃកំណែទម្រង់លើឯករាជ្យភាពនៃអំណាច នៅក្នុងប្រទេសម៉ិកស៊ិក។ ប៉ុន្តែប្រធានាធិបតីប្រទេសម៉ិកស៊ិកបានរិះគន់ការកត់សម្គាល់នេះ ដោយចោទប្រកាន់ថា ជាការជ្រៀតជ្រែក៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត