អ្នកជំនាញ៖ តម្រូវការទឹកសាបសកលនឹងលើសពីការផ្គត់ផ្គង់ ៤០ ភាគរយនៅចុងទសវត្សរ៍
អ.ស.ប៖អ្នកជំនាញនិយាយមុនកិច្ចប្រជុំកំពូលស្ដីពីទឹករបស់អង្គការសហប្រជាជាតិ(អ.ស.ប) ដែលនឹងរៀបចំឡើងនៅថ្ងៃពុធនេះថា ពិភពលោកនឹងប្រឈមមុខនឹងវិបត្តិកង្វះទឹកសាប ដោយសារតម្រូវការនឹងកើនលើសពីការផ្គត់ផ្គង់រហូតដល់ ៤០ ភាគរយនៅឆ្នាំ ២០៣០។ យោងតាមរបាយការណ៍សំខាន់ស្តីពីសេដ្ឋកិច្ចទឹក ដោយសារតែបញ្ហានេះហើយ ទើបរដ្ឋាភិបាលនានាត្រូវតែបញ្ឈប់ជាបន្ទាន់នូវការឧបត្ថម្ភធនដល់ការទាញយក និងការប្រើប្រាស់ទឹកហួសហេតុ ដូចជាការឧបត្ថម្ភធនកសិកម្មខុសទិសដៅ ហើយនិងបញ្ឈប់ឧស្សាហកម្មផ្សេងៗ
ពីការទាញយកទឹក លុះតែវាធ្វើឡើងដើម្បីកែលម្អការអនុវត្តការខ្ជះខ្ជាយ។
អ្នកសិក្សាស្រាវជ្រាវនៃរបាយការណ៍នេះ បានលើកឡើងថា ប្រទេសនានាត្រូវតែចាប់ផ្តើមគ្រប់គ្រងទឹកក្នុងនាមជា «សង្គមសកល» ព្រោះប្រទេសភាគច្រើនពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសជិតខាងសម្រាប់ការផ្គត់ផ្គង់ទឹក ខណៈការប្រើប្រាស់ទឹកហួសហេតុ ការបំពុលបរិយាកាស និងវិបត្តិអាកាសធាតុ កំពុងគំរាមកំហែងដល់ការផ្គត់ផ្គង់ទឹកនៅទូទាំងពិភពលោក។ នាយកវិទ្យាស្ថាន Potsdam សម្រាប់ការស្រាវជ្រាវផលប៉ះពាល់អាកាសធាតុ និងជាអ្នកដឹកនាំរៀបចំរបាយការណ៍ លោក Johan
Rockstrom បានប្រាប់កាសែត ឌឹ ហ្កាដឌៀន ថា ការធ្វេសប្រហែសរបស់ពិភពលោកចំពោះធនធានទឹកកំពុងនាំទៅរកគ្រោះមហន្តរាយ។
លោកបន្តថា៖ «ភស្តុតាងវិទ្យាសាស្រ្តបង្ហាញថា យើងមានវិបត្តិទឹក។ យើងកំពុងប្រើប្រាស់ទឹកខុស បំពុលទឹក និងផ្លាស់ប្តូរទឹកលើសកលទាំងមូល តាមរយៈអ្វីដែលយើងកំពុងដាក់អាកាសធាតុ»។
សេដ្ឋវិទូ និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ University College លោកស្រី London Mariana Mazzucato ដែលជាអ្នកដឹកនាំការរៀបចំរបាយការណ៍មួយរូបដែរនោះ បានបន្ថែមថា៖ «យើងត្រូវការវិធីសាស្រ្តល្អដែលសកម្ម និងមានមហិច្ឆតាខ្លាំងជាងមុន។ យើងត្រូវតែដាក់យុត្តិធម៌ និងសមធម៌ជាចំណុចកណ្តាលនៃបញ្ហានេះ។ វាមិនត្រឹមតែជាបញ្ហាបច្ចេកវិទ្យា ឬហិរញ្ញវត្ថុនោះទេ»។
លើសពីនេះ លោក Rockstrom បានឱ្យដឹងថា រដ្ឋាភិបាលជាច្រើននៅតែមិនដឹងថា តើពួកគេពឹងពាក់គ្នាទៅវិញទៅមកកម្រិតណានោះទេ នៅពេលនិយាយពីតម្រូវការទឹក។
ប្រទេសភាគច្រើនពឹងផ្អែកស្ទើរតែពាក់កណ្ដាលលើការប្រភពទឹកដែលរំហួតពីប្រទេសជិតខាង ឬគេហៅថាជា «ទឹកបៃតង» ឬទឹកដែលមាននៅក្នុងដី ហើយត្រូវបានព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីផ្សេងទៀតស្រូបយក រួចបញ្ចេញទៅជាចំហាយចូលទៅក្នុងបរិយាកាសតាមរយៈស្លឹក។ របាយការណ៍ស្ដីពីទឹកដដែល បានកំណត់នូវអនុសាសន៍សំខាន់ៗចំនួន៧ រួមទាំងការរៀបចំឡើងវិញនូវអភិបាលកិច្ចសកលនៃធនធានទឹក ការពង្រីកការវិនិយោគក្នុងការគ្រប់គ្រងទឹកតាមរយៈភាពជាដៃគូសាធារណៈ និងឯកជន ការកំណត់តម្លៃទឹកឱ្យបានត្រឹមត្រូវ និងការ
បង្កើត «ភាពជាដៃគូទឹក» ដើម្បីបង្កើនហិរញ្ញវត្ថុសម្រាប់គម្រោងទឹកក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសមានចំណូលមធ្យមជាដើម។
សូមគូសបញ្ជាក់ថា ការឧបត្ថម្ភធនច្រើនជាងមួយទ្រីលានដុល្លារនៅទូទាំងពិភពលោកទៅលើវិស័យកសិកម្ម និងទឹកជារៀងរាល់ឆ្នាំ ហើយការណ៍នេះតែងតែជំរុញការប្រើប្រាស់ទឹកច្រើនហួសហេតុ។ របាយការណ៍ថា ការលេចធ្លាយទឹកក៏ត្រូវតែដោះស្រាយជាបន្ទាន់ផងដែរ ខណៈការស្ដារប្រព័ន្ធទឹកសាប ដូចជាដីសើម គួរតែជាអាទិភាពមួយផ្សេងទៀត៕
ប្រែសម្រួល៖ហួន ឌីណា