អង្ករនាងអំ៖ ពូជអង្ករថ្មីដែល​ទទួលបានការចាប់អារម្មណ៍ និងមានតម្រូវការខ្ពស់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖“នាង​អំ” ជាឈ្មោះអង្ករ​មួយប្រភេទដែលមានប្រភព​និងបង្កាត់ពូជដាំដុះដោយ​លោកយាយ​ម្នាក់​ដែលមាន​ឈ្មោះ​ថា «អំ» នៅឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ។ បើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងពីប្រវត្តិអង្ករនាងអំថា ក្នុងអំឡុងទសវត្សរ៍​ទី៨០ក្រោយការប្រមូលផល​ស្រូវចម្ការអស់ហើយ នាងអំ ឬយាយអំ បានឃើញស្រូវមួ​យ​គុម្ពនៅ​ក្បែរចម្ការដោយមានគ្រាប់ប្លែកពីស្រូវដែលបានច្រូតហើយ

។យាយអំក៏បូតយកគ្រាប់ស្រូវនោះ​បា​ន​ប្រមាណមួយទូកដៃ ខ្ចប់នឹងក្រណាត់តូចយ៉ាងស្អាតយកទៅរក្សាទុក។ លុះដល់រដូវសាបព្រោះក៏យក​ទៅដាំដុះ​លើដីដាច់ដោយឡែកក្រោយមកប្រមូលផលបានប្រមាណមួយល្អីតូច ហើយក៏សាបព្រោះបន្ត​ទៀត​​​​ដោយ​ការ​បានយកអង្កនោះទៅដាំបាយសាកល្បង ក៏ឃើញថាពូជស្រូវនេះមានរសជាតិ​ឆ្ងាញ់ហើយ​ក្រអូបទៀត។ ក្រសួងបានបន្តថា យាយអំ តាំងពីថ្ងៃនោះមកក៏ផ្សព្វផ្សាយដោយខ្លួនឯងផ្ទាល់ ដោយចែករំលែកពូជជូន​អ្នកស្រុក​ម្នាក់បន្តិច​ៗឲ្យធ្វើការសាកល្បង ដែលរហូតប្រមាណ ១០ឆ្នាំក្រោយមក អង្ករនាងអំត្រូវបានទទួ​លស្គាល់ស្ទើរគ្រប់​មជ្ឈដ្ឋានក្នុងឃុំ ហើយក៏ល្បីសាយភាយមកដល់ទីរួមខេត្តទៀត ដែលមកទល់ពេលនេះ​

លោ​ក​យាយចង់ឲ្យ​កូនចៅបន្តពូជស្រូវនេះដោយបន្សុទ្ធពូជឱ្យ​បានល្អកុំឲ្យបាត់គុណភាពដើមដែល​គេបាន​យកឈ្មោះលោកយាយទៅដាក់ជាសម្គាល់ពូជនោះ។

មកទល់​បច្ចុប្បន្ននេះ​ បើទោះមិនទាន់​ល្បីល្បាញខ្លាំង​ដូចប្រភេទអង្ករល្បីៗ ដូចជាអង្ករ ផ្កាម្លិះ ឬ​រំដួលក្តី​ តែ​អង្ករនាងអំ កំពុងទទួលបានការចាប់អារម្មណ៍ និង​មានតម្រូវការ​កើនឡើងខ្លាំង​ ហើយ​ការដាំដុះទៀត​សោ ត ​​​គឺមាន​ភាពងាយស្រួល។ នេះបើតាម​ការ​ឱ្យដឹង​ពី លោកស្រី​ ឈឺន សុភាសី (ហៅស្រី មុំ) ​ជា​ម្ចាស់​ហាងអង្ករ​ស្រីមុំកៅសិបប្រាំបួន។ លោកស្រី ស្រី មុំ ដែលជាអ្នក​ផលិត​អង្ករនាងអំ លើផ្ទៃដីជាង ២០០ហិតា ហើយក៏ជាអ្នកលក់ផ្ទាល់ បាន​ឱ្យដឹងថា៖ «ពាក់​ព័ន្ធ​នឹង​តម្រូវ​ការ​អង្ករ​នាងអំ ​នា​ពេល​បច្ចុប្បន្ន​នេះ​ សម្រាប់​ហាង​នាង​អំ​របស់ខ្ញុំ​

និយាយ​រួម​ពេល​ដែល​ផ្តើម​លក់​អង្ករ​នាង​អំ ​នេះ​នៅ​លើ​ទី​ផ្សារ​ ខ្ញុំឃើញ​ថា​តម្រូវ​ការ​របស់​អតិថិជន​យើង​ចេះ​តែ​កើន​ឡើ ង​បន្តបន្ទាប់​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​របស់​យើង តាម​រយៈ​ការ​ទិញ​យក​ទៅ​សាក​ញុំា​ តាម​រយៈ​បង​ប្អូន​ជួយ​ណែនាំ​ យើង​ឃើញ​ថា​តម្រូវ​ការ​និង​ការ​គាំទ្រ​ ចេះ​តែ​បន្ត​កើន​ឡើង»។

លោកស្រី​ បាន​បន្តទៀតថា៖ «​វា​ចាប់​ផ្ដើម​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ព្រោះ​ភាគច្រើនអតិថិជន​ មិន​សូវ​ស្គា​ល់​ទេ​ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា​ប្រហែល​ ១៦ទៅ ១៧ ​លាន​នាក់​ ភាគ​ច្រើន​ស្គាល់​តែ​ពូជ ម្លិះ​ រំដួល​ ផ្កាភ្ញីជាដើម​។​ចំណែក​អង្ករ​នាង​អំ​នេះ​អត់​ទាន់​មាន​អ្នក​ស្គាល់​ច្រើន​ទេ​…ពេល​ដែល​ខ្ញុំ​យក​មក​លក់​ដំ​បូង​​ក៏​មាន​អ្នក​ឆ្ងល់​ដែរ​ តែ​ក្រោយ​ពេល​បាន​ភ្លក់​ហើយ គាត់​ជាប់​ចិត្ត​ ស្ទើរ​តែ​ថា​ ១០​នាក់​គាត់​ទិញ​ទៅ មាន​តែ​ម្នាក់​អី​ទេ​ដែល​គាត់​ញុំា​មិន​ត្រូវ​មាត់​មិន​ត្រូវ​ចិត្ត​»។

ដោយឡែកពូជ​ស្រូវដែល​មានប្រភពមកពីខេត្តក្រចេះនេះមានលក្ខណៈពិសេសប្លែកគេ គឺធន់នឹង​អាកាស​ធាតុ ងាយស្រួលថែទាំ ដាំដុះ រីឯអង្ករពេលដាំទៅជាបាយហើយក៏ក្លិនឈ្ងុយ និងមានរសជាតិ ឆ្ងាញ់ផងដែរ​។

ម្ចាស់អាជីវកម្មអង្ករ ​និង​ជាអ្នកដាំដុះដដែលនេះ បានឱ្យដឹងទៀតថា លោកស្រី​ចង់​បញ្ជាក់​ថា​ស្រូវ​នាង​អំ​ គឺ​ជា​ដើម​ស្រូវ​ម្យ៉ាង​ដែល​មាន​សុខភាព​រឹងមាំ​ពី​កំណើត​ ដែល​ធន់​នឹង​អាកាស​ធាតុ បើ​ទោះ​បី​ជា​មេឃ​រាំង​ មេ​ឃ​មិន​មាន​ភ្លៀង ខ្វះ​ទឹក​ ១០​ថ្ងៃ ឬ​ ២០​ថ្ងៃ​​​ក៏ដោយ ក៏​​ស្រូវ​នេះ​នៅ​តែ​ធន់​បានដែរ។

ថ្វីត្បិតថា​ ​រូប​រាង​របស់អង្ករមួយនេះមិន​ស្អាត​​ដូច​អង្ករ​ផ្សេង​ៗទៀត ដោយ​សារ​គ្រាប់​អង្ករ​នាងអំ​​ខ្លីៗ​ ប៉ុន្តែគុ​ណភាព​ និងរសជាតិវិញ​ ឆ្ងាញ់មិនចាញ់អង្ករល្បីៗប៉ុន្មាននោះទេ។

លោកស្រី ស្រី មុំ ថ្លែងបន្តថា លក្ខណៈ​ពិសេស​មួយ​ទៀត​របស់​អង្ករ​នាង​អំ ពេល​យើង​ដាំ​ទៅ​វា​ទន់​ តែ​វា​អត់​រអៀច​ គេ​ហៅ​ថា​ទន់​ស្ងួត​វា​អត់​ពិបាក​ដូច​អង្ករ​ខ្លះ ​បើ​យើង​ច្រោះ​ទឹក​វា​ទៅ​ជា​បាយ​រអៀច​ ញុំា​មិន​ឆ្ងាញ់​ទេ។តែ​អង្ករ​នាង​អំ​នេះ​ ទន់​ស្ងួត​ មាន​ទម្ងន់​គ្រាប់​អង្ករ​​ធ្ងន់​ជាង​អង្ករ​ផ្សេងៗ​ ពេល​ញុំា​បាយ​អង្ករ​នាង​អំ​វា​ធ្ងន់​ពោះ​មិ​ន​ងាយ​ឃ្លាន​ដូច​អង្ករ​ដទៃ ដូច​ថា​វា​ឆ្អែត​បាន​យូរ។ ជុំវិញការលក់ពូជស្រូវនាង​អំ​នេះ លោកស្រីបានបញ្ជាក់ថា គឺ​ជា​ប្រភេទ​ស្រូវ​វស្សា តែក៏ប្រកាន់រដូវដែរ​ បើទោះ​​កសិករ​ព្រួស​នៅ​ក្នុង​ខែ​កក្កដាឬ​

ដាំ​ពី​ខែមេសាទៅក្តី ក៏នៅតែទទួលផលអំឡុងពាក់​កណ្តាល​ខែ​វិច្ឆិកា​ ពី​ចន្លោះថ្ងៃ​ ១៥ ដល់​ថ្ងៃ ២៥ ដូចគ្នា។

ចំណែកឯផលវិបាកវិញ ម្ចាស់ហាងអង្ករ ស្រីមុំ៩៩ បាន​ឱ្យដឹងថា ​អ្វី​ដែល​​​ជា​ផល​លំបាក​នោះ​គឺ​ យើ​ង​អា​ច​ធ្វើ​បាន​តែ​ម្តង​គត់​ក្នុង​មួយ​​ឆ្នាំ ព្រោះ​វា​ជា​ប្រភេទ​ស្រូវ​ចម្ការ​ និងជាប្រភេទស្រូវ​វស្សា​ហើយ​ យើងមិ​នអា​ចយកវា​ទៅ​បង្កាត់​ពូជ​ផ្សេងដើម្បីអាចធ្វើមួយ​ឆ្នាំលើសពីមួយដងបាន​ទេ។

លោកស្រី ក៏បានឱ្យដឹងដែរថា អង្ករ​នាង​អំនេះ​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​តម្លៃ​អង្ករ​ដទៃ​ទៀត​នៅ​លើ​ទីផ្សារ​ដែរ ដោយមិនខ្ពស់ពេក ក៏មិនទាបពេកដែរ ។និយាយរួមគឺសមល្មម។ ក្រោយមានតម្រូវការកើនឡើងខ្លាំង អាជីវកររូបនេះបាន​បង្ហើបថាពី​គម្រោង​បន្ទាប់ថា លោកស្រីចង់បង្កើត ជា​

សហគមន៍សម្រាប់ដាំដុះពូជស្រូវនេះតែម្ដង ដើម្បីពង្រីកទីផ្សារអង្គរប្រភេទនេះបន្ថែមទៀត៕

ដោយ៖កែវ បុស្បា

ads banner