ក្រសួងសាធារណការ ជំរុញឱ្យក្រុមហ៊ុន ឆាយណា មេត្រូ គ្រុប ពិនិត្យលទ្ធភាពវិនិយោគក្នុងការកសាង និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
ភ្នំពេញ៖នៅក្នុងជំនួបពិភាក្សាពីឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុនឆាយណា មេត្រូ គ្រុប( China Metro Group)នាចុងសប្ដាហ៍នេះឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញនូវគម្រោងសិក្សាមួយចំនួនដែលក្រសួងកំពុងស្ថិតក្នុងការសិក្សា
ព្រមទាំងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុនឬដៃគូអភិវឌ្ឍន៍នានាចូលរួមក្នុងការវិនិយោគតំណាងក្រុមហ៊ុននេះ ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការចូលរួមបណ្តាក់ទុនវិនិយោគនៅកម្ពុជាដែរ។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងក្នុងជំនួបថា គម្រោងដែលក្រសួងចង់ឱ្យក្រុមហ៊ុនសិក្សានោះរួមមាន ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីអាកាសយានដ្ឋានភ្នំពេញថ្មី, ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីអាកាសយានថ្មីខេត្តសៀមរាប, ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT), ប្រព័ន្ធរថភ្លើងក្រោមដី (Subway), និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីឆ្លើយតបទៅនឹងការកកស្ទះចរាចរណ៍ ដោយសារកំណើននៃយានយន្ត និងតម្រូវការនៃដឹកជញ្ជូន។ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ៖ «ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា ជាពិសេសការសាងសង់ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ជាដើម បានជំរុញនូវការតភ្ជាប់នៅទូទាំងប្រទេស ដែលមានលក្ខណៈពហុមធ្យោបាយ និងបណ្តាគម្រោងសាងសង់ធំៗជាច្រើនទៀត រួមមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា ដែលក្រសួងសម្រេចបាន»។បច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងធ្វើការអភិវឌ្ឍ ដូចជាផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គម្រោងសិក្សាសមិទ្ធលទ្ធភាពផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប និងការសិ
ក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន។
ទាក់ទងនឹងគម្រោងនេះលោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ថា វិស័យឡូជីស្ទិក អាចរីកចម្រើន និងមានសកម្មភាពច្រើនទៅបាន លុះណាតែមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្អាត ដែលបង្កលក្ខណៈកាន់ងាយស្រួល ជាពិសេសចំណេញពេលវេលាសម្រាប់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរទៅគ្រប់ទីកន្លែងទូទាំងប្រទេស។ លោកបានបន្ថែមថា សមាគមមានការសាទរយ៉ាងខ្លាំង ចំពោះសមិទ្ធផលនៃហេដ្ឋាចនាសម្ព័ន្ធថ្មីៗ ដែលរាជរដ្ឋាភិបាល
តាមរយៈក្រសួងសាធារណការ សម្រេចបាននាពេលកន្លងមក ដោយបានធ្វើឱ្យវិស័យដឹកជញ្ជូនមានកំណើនគួរឱ្យកត់សម្គាល់ ជាពិសេសបន្ទាប់វិបត្តិកូវីដ១៩ បានធូរស្រាលបន្តិច។
លោក ស៊ិន ចន្ធី បានបញ្ជាក់ដូច្នេះថា ៖ «យើងឃើញហើយសព្វថ្ងៃ មានផ្លូវល្បឿនលឿនទៅមកភ្នំពេញ និងព្រះសីហនុ ផ្លូវជាតិលេខ២ក៏ធ្វើជិតរួចរាល់១០០ភាគរយ ផ្លូវជាតិលេខ៣, លេខ៥ និងលេខ៦ ជាដើម ក្រសួងបានរៀបចំស្ថាបនាយ៉ាងធំទូលាយ បានធ្វើឱ្យដឹកជញ្ជូនទំនិញ ក៏ដូចជាការធ្វើដំណើរផងដែរ មានភាពលឿនរហ័ស»។ ប្រធានសមាគមភស្តុភារកម្មកម្ពុជារូបនេះបានបន្តទៀតថា ៖ «នៅពេលដែលយើងហេដ្ឋារចនាសម្ព័ន្ធល្អ ការទាក់ទាញអ្នកវិនិយោគពីក្រៅមកក៏បានច្រើន ទំហំពាណិជ្ជកម្មជាមួយប្រទេសជិតខាង
និងពិភពលោក ក៏មានកំណើនផងដែរ។ ដូចនេះ ការកៀងគរវិនិយោគិនពីក្រៅប្រទេស មកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ពីសំណាក់រាជរដ្ឋាភិបាលនេះ វិស័យឯកជនយើងគាំទ្រ១០០ភាគរយ»។
ចំណែក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ដែរថា រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ណាស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយការកកស្ទះនៅតំបន់ទីប្រជុំជននានា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដោយសារតែកំណើននៃយានយន្តធ្វើដំណើរលើដងផ្លូវ។
លោកបានថ្លែងថា ៖ «ខ្ញុំចាប់អារម្មណ៍ លើគម្រោងរថភ្លើងស្វ័យប្រវត្តិ(AGT), ប្រព័ន្ធរថភ្លើងក្រោមដី (Subway), និងការសគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីឆ្លើយតប ដែលគម្រោងទាំងនេះ អាចនឹងដោះស្រាយបាននូវបញ្ហាកកស្ទះចរាចណ៍ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន ។ ខ្ញុំជឿថា មិនយូរទេ កម្ពុជា នឹងមានប្រព័ន្ធរថភ្លើងនេះដូចប្រទេសគេដែរ»៕
ដោយ៖វណ្ណ សុជាតា