រថយន្តក្រុងបុករបងផ្លូវ ស្លាប់មនុស្ស១៩នាក់ នៅបង់ក្លាដែស
ដាក់កា៖ មនុស្សចំនួន យ៉ាងតិច ១៩នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តក្រុងមួយគ្រឿង បើកទៅបុករបងផ្លូវ នៅក្នុងប្រទេសបង់ក្លាដែស។
យ៉ាងហោចណាស់មនុស្ស ១៩នាក់បានស្លាប់ និងរហូតដល់ ២៥នាក់បានរងរបួស នៅថ្ងៃអាទិត្យនេះ នៅក្នុងប្រទេសបង់ក្លាដែស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានបុករបងផ្លូវហាយវេ ហើយបានធ្លាក់ចូលទៅក្នុងប្រឡាយតាមដងផ្លូវ។
ប៉ូលីសបាននិយាយថា ពួកគេសង្ស័យអ្នកបើកបរបាត់បង់ការគ្រប់គ្រង នៅម៉ោង ៨ ព្រឹក ហើយបានបុករនាំងនៃផ្លូវហាយវេដ៏ធំមួយដែលទើបនឹងសាងសង់រួច ធ្វើឱ្យរថយន្តក្រុងធ្លាក់ចូលប្រឡាយប្រាំបួនម៉ែត្រ។
មេប៉ូលិសក្នុងតំបន់ លោក Masud Alam បាននិយាយបន្ទាប់ពីឧប្បត្តិហេតុធ្លាក់នៅសង្កាត់ភាគខាងត្បូងនៃទីក្រុង Shibchar ថា “ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៩ នាក់ហើយ។ យ៉ាងហោចណាស់មនុស្ស១២ នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
គ្រោះថ្នាក់ចរាចរណ៍កើតមានជាញឹកញាប់ នៅក្នុងប្រទេសបង់ក្លាដែស ដោយសារយានយន្ត និងផ្លូវចាស់ និងថែទាំមិនបានល្អ ក៏ដូចជាអ្នកបើកបរដែលមិនបានបណ្តុះបណ្តាល។
យោងតាមសមាគមសុខុមាលភាពអ្នកដំណើរបង់ក្លាដែស កំណត់ត្រាមនុស្ស ៩៩៥១ នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសបង់ក្លាដែស កាលពីឆ្នាំ២០២២៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត