សិប្បកម្មមួយក្នុងខេត្តបាត់ដំបងកែច្នៃកសិផលសហគមន៍ទៅជាស្រានាំចេញទៅប្រទេសជប៉ុន
ភ្នំពេញ៖ផលកសិកម្មរបស់ប្រជាកសិករខ្មែរជាទូទៅមានដូចជា ចេក ស្វាយ និងខ្នុរ ដែលក្រោយពេលលក់ទៅឱ្យឈ្មួញភាគច្រើនតែងត្រូវបានគេកែច្នៃទៅជាអាហារសម្រន់ផ្សេងៗ ។ប៉ុន្តែនៅ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង មានសិប្បកម្មមួយអាចកែច្នៃទិន្នផលទាំងនេះទៅជាស្រា និងអាចនាំចេញទៅក្រៅប្រទេសទៀតផង។
លោក សុខ មាន តំណាងសិប្បកម្មកែច្នៃទិន្ឋផលទាំងនេះ បានឱ្យដឹងពីដើមកំណើតនៃសិប្បកម្មមួយនេះថា សិប្បកម្មនេះកើតមកពីគម្រោងដោះមីន ក្រោមការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋាភិបាលជប៉ុន សហការជាមួយអង្គភាពស៊ីម៉ាក់។បន្ទាប់ពីគម្រោងប្រតិបត្តិការដោះមីនបានជោគជ័យទៅផ្ទៃដីមានសុវត្ថិភាពអនុញ្ញាតឱ្យប្រជាសហគមន៍ក្នុងឃុំទាំងមូលអាចផ្តើមធ្វើរបរកសិកម្ម និងដាំដុះដំណាំផ្សេងៗទៅតាមចំណង់ចំណូលចិត្ត។ ទន្ទឹមនឹងការធ្វើកសិកម្មទទួលបានជោគជ័យ បញ្ហាគ្មានទីផ្សារលក់ក៏បានលេចឡើងធ្វើឱ្យទិន្នផលប្រែជាគ្មានតម្លៃ និងត្រូវបានបោះបង់ចោលស្អុយរលួយពេញចម្ការ។
លោក សុខ មាន បានប្រាប់ថា ៖ «បញ្ហានេះបានធ្វើឱ្យលោក តាអ៊ីយ៉ា កាម៉ា(Tayakama) ដែលជាប្រធានក្រុមបច្ចេកទេសដោះមីនជនជាតិជប៉ុននាពេលនោះ ផ្តួចផ្តើមគំនិតកែច្នៃទិន្នផលក្នុងសហគមន៍ទៅជាស្រា ដោយលោកផ្តើមពីការសាកល្បងកែច្នៃទិន្នផលដំឡូងទៅជាស្រាដំបូងក៏ទទួលបានជោគជ័យ និងផ្តើមបង្កើតក្រុមហ៊ុនតែម្តង»។
អ្នកតំណាងសិប្បកម្មរូបនេះបានបន្តឱ្យដឹងថា ដំបូងឡើយការស្រាវជ្រាវសាកល្បងពឹងផ្នែកលើអ្នកភូមិឱ្យពួកគាត់ជួយបិតស្រា ដើម្បីយកទៅធ្វើតេស្តគុណភាពនៅប្រទេសជប៉ុន។ លោកបន្តថា បន្ទាប់ពីអ្វីៗទាំងអស់ត្រូវបានស្វែងយល់ ដោះស្រាយមក ហើយផលិតផលល្អហើយ សិប្បកម្មក៏បានចុះបញ្ចីជាក្រុមហ៊ុនស្របច្បាប់ក្នុងឆ្នាំ ២០១៣តែម្តង។
បច្ចុប្បន្ន សិប្បកម្មឈ្មោះថា «សុរាខ្មែរ» និងស្ថិតក្រោមក្រុមហ៊ុន Khmer Jyoryu Co., LTD នេះបានកែច្នៃ និងកំពុងដាក់លក់ស្រាកែច្នៃរបស់ខ្លួនមួយចំនួនមកហើយដែលមានដូចជា ស្រាចេក ស្រាស្វាយ ស្រាដំឡូង ស្រាខ្នុរ ស្រាកាហ្វេ និងស្រាអង្ករជាដើម។
លោក សុខ មាន បានឱ្យដឹងទៀតថា ទីផ្សារចម្បងរបស់សិប្បកម្មនៅពេលនេះគឺទីផ្សារប្រទេសជប៉ុន ហើយសុរាខ្មែរបានគ្រោងពង្រីកទីផ្សារទីទៅកាន់អ៊ឺរ៉ុបផងដែរ ដោយកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ នេះសិប្បកម្មមួយនេះបាននាំយកស្រារបស់ខ្លួនចំនួនប្រាំមុខទៅចូលរួមពិព័រណ៍មួយឈ្មោះថា ស៊ីរ៉ា នៅទីក្រុងលីយ៉ុង ប្រទេសបារាំង។
ចំណែកទីផ្សារក្នុងស្រុកវិញលោក សុខ មាន បានបញ្ជាក់ថា ៖ «យើងបានដាក់លក់ផលិតផលនៅតាមផ្សារទំនើប អាកាសយានដ្ឋាន ផ្សារទំនើបអ៊ីអន និងហាងជប៉ុនមួយចំនួន ព្រមទាំងតាមភោជនីយដ្ឋានមួយចំនួនក្នុងក្រុងសៀមរាប»។
អ្នកតំណាងសិប្បកម្មកែច្នៃកសិផលក្នុងសហគមន៍រូបនេះក៏បានឱ្យដឹងពីច្រវាក់ផលិតកម្ម និងថែមទាំងបានបញ្ជាក់ពីគោលការណ៍ ពិសេសមួយគឺការផ្តល់អាទិភាពដល់បុគ្គលិកជាស្ត្រីដែលរស់នៅក្នុងសហគមន៍ផ្ទាល់។
លោក សុខ មាន បានឱ្យដឹងថា បើគិតជាបរិមាណ កន្លងមកក្នុងមួយឆ្នាំយើងអាចផលិតបានប្រាំម៉ឺនលីត្រ។ ប៉ុន្តែឥឡូវយើងធ្វើបានតែបីម៉ឺន ទៅ បីម៉ឺនប្រាំពាន់លីត្រទេដោយសារចំនួនបុគ្គលិកយើងមានកម្រិត។បុគ្គលិករបស់យើងមានប្រាំមួយនាក់ និងកម្មករតាមពេលប្រាំនាក់ទៀត ហើយភាគច្រើនសុទ្ធតែជានៅទីនេះទាំងអស់ ហើយគោលការណ៍របស់យើងយកស្រ្តីឱ្យបានលើសពី ៦០ភាគរយ។
លើសពីនេះ លោក សុខ មាន ក៏បានឱ្យដឹងថាដែរក្រៅតែពីស្រាទៅ ក៏មានជាការកែច្នៃ ស្វាយ ស្វាយសម្ងួត ចេកសម្ងួត តែ និងប្រេងស្លឹកគ្រៃផងដែរ ដែលសិប្បកម្មមួយនេះ បាននិងកំពុងព្យាយាមពង្រីកខ្លួនឱ្យកាន់តែធំ ដើម្បីបន្ថែមទំហំនៃការជួយទៅដល់សហគមន៍ឱ្យកាន់តែប្រសើរ៕
ដោយ៖កែវ បុស្បា