ក្រសួងសាធារណការក្រើនរំលឹកប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍និងពិនិត្យបច្ចេកទេសយានយន្ត មុននឹងធ្វើដំណើរតាមផ្លូវល្បឿនលឿន

អត្ថបទដោយ៖
CPA

​ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានអំពាវនាវជាថ្មីម្តង ដល់ប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ អនុវត្តតាមគោលការណ៍សុវត្ថិភាព និងត្រូវត្រួតពិនិត្យបឋមមុនពេលចេញដំណើរ និងត្រួតពិ​និត្យលក្ខណៈបច្ចេកទេសទៀងទាត់តាមការកំណត់មុននឹងធ្វើដំណើរតាមផ្លូវល្បឿងលឿន។សេចក្តីអំពាវនាវនេះ

ក្រោយពីក្រសួងសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ មានរថយន្តខូច និងឆេះ ពេលធ្វើដំណើរនៅលើផ្លូវល្បឿនលឿន។

ការអំពាវនាវនេះបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ដោយក្រសួង​បានលើកឡើងថា ៖ «សូមកុំបើកបរលើសល្បឿ​នកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ មិននឹងធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន»។

ទន្ទឹមនឹងនេះ ក្រសួងក៏សង្កេតឃើញមានយានយន្តមួយចំនួនតូច នៅមិនគោរពច្បាប់ច​រាចរណ៍ បើកបរលើសល្បឿនកំណត់ ការប្រើប្រាស់គន្លងផ្លូវមិនបានត្រឹមត្រូវ ការបើកបរបញ្ច្រាសទិស ព្រមទាំងការមិនទាន់យល់ពីការត្រួតពិនិត្យបឋម និងការមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់ជាដើម។ កត្តាទាំងនេះអាចបណ្តាលឱ្យមាន គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

បើតាមឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការអនុវត្តការងារផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាមួយក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿននេះ កាលពីពេលថ្មីៗនេះ ក៏ធ្លាប់បានអំពាវនាវជារឿយៗ​ ដល់​ពលរដ្ឋគ្រប់រូប ឱ្យអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​ និងសូមគោ​រពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់​ កុំបើកបរបញ្ច្រាសទិសចរាចរណ៍។ លោក គឹម បញ្ញា នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី យល់ឃើញថា​ ​ការបំពាន​របស់​អ្នក​បើកបរ​មួយចំនួន​កំឡុង​ពេល​

ធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​នេះ អាច​មកពី​ ​អ្នកបើកបរ​មិនទាន់​យល់ដឹង​ពី​គោលការណ៍​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿ​ន​, ​ទម្លាប់​របស់​អ្នកបើកបរ ​និង​មកពី​ចំណេះដឹងលើការបើកបរនៅផ្លូវ​ល្បឿន​លឿនរបស់ពលរដ្ឋ នៅមានកម្រិត​ជាដើម​។

លោក គឹម បញ្ញា ផ្ដល់​ជា​យោបល់​ខ្លះៗដូច្នេះថា ដើម្បី​បញ្ចៀស​កុំឱ្យ​គ្រោះថ្នាក់​ជាយថាហេតុ​កើតឡើង ក្រសួងនិងក្រុមហ៊ុន ត្រូវ​ក្រើនរំឭក​នៅ​តាម​បញ្ជរ​បង់លុយ មុន​នឹង​ឱ្យ​អ្នកបើកបរ​ផ្លូវ​ល្បឿន​លឿន​ធ្វើដំណើរ​លើ​ដងផ្លូវ ដោយ​ក្រសួង​សាធារណការ​គួរ​រៀបចំ​ឱ្យ​កម្មវិធី​តាម​ប្រព័ន្ធ​ទូរ​សព្ទដែល​អាច​ឱ្យ​សញ្ញា​ដល់​អ្នកបើកបរពេល​ធ្វើ​ដំណើរ​ដល់​តំបន់​ដែល​អាច​ប្រឈម​ខ្ពស់​នឹង​គ្រោះថ្នាក់​។ លោកបានបន្ថែមថា​ រដ្ឋ​គួរតែ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ចាប់​ល្បឿន​ឱ្យ​ដូច​ទៅនឹង​ផ្លូវជាតិ​លេខ​ ៣​ និងត្រូវកំណត់​លក្ខខណ្ឌ​សុវត្ថិភាព​នៃ​ដងផ្លូវ

ការរៀបចំ​ឱ្យមាន​រថយន្ត​សង្គ្រោះ​បឋម​ជាប្រចាំ នៅ​ពេល​មាន​គ្រោះថ្នាក់​កើតឡើង ការផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​មូលដ្ឋាន​កុំឱ្យ​កាត់​របង​បន្លាលួស ដើម្បី​ឆ្លង​ចូល​មក​ផ្លូវ​ល្បឿន​លឿន​។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេលបួនខែ​ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានយានយន្តធ្វើ​ចរាចរណ៍​លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហុន ចំនួន ១.៤១៣.៩០៦ដង ខណៈត្រឹមខែកុម្ភៈ មានរថយន្តចរាចរណ៍ចំនួន​ ៣៥០.៧៨៥ដង។ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ផ្លូវល្បឿនលឿនដំបូងនេះ អាចរកចំណូលបានសរុបជិត ១១លានដុល្លារអាមេរិក៕

ដោយ៖វណ្ណ សុជាតា

ads banner