អ្នករកស៊ីផ្នែកទេសចរណ៍ពិភាក្សាជាមួយមេដឹកនាំភឿថៃពីផែនការអភិវឌ្ឍន៍នៅប៉ាតាយ៉ា មុនថ្ងៃបោះឆ្នោតមកដល់
ថៃ៖នៅមិនដល់បីខែទៀតទេការបោះឆ្នោតជាតិថៃនឹងចូលមកដល់។ បក្សនយោបាយនៅក្នុងរាជាណាចក្រថៃបានផ្សព្វផ្សាយពីគោលនយោបាយនានាដែលបក្សខ្លួនសន្យាថានឹងអនុវត្តប្រសិនបើជាប់ឆ្នោតនិងបានដឹកនាំរាជរដ្ឋាភិបាល។ ក្នុងនោះគណបក្សភឿថៃជាបក្សប្រឆាំងធំជាងគេមួយរបស់ប្រទេសនេះបានចេញគោលនយោបាយដ៏សំខាន់មួយខុសប្លែកពីរដ្ឋបាលរបស់លោក ប្រាយុទ្ធ ចាន់អូចារ លើការងារអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅថៃ។
កាសែតដឹណេសិនថៃផ្សាយថា ប្រតិបត្តិករអាជីវកម្មទេសចរណ៍នៅទីក្រុងប៉ាតាយ៉ានៅថ្ងៃទី១៩ខែមីនា បានបញ្ជូនតំណាងទៅជួបសមាជិកជាន់ខ្ពស់នៃគណបក្សភឿថៃដើម្បីពិភាក្សាអំពីរបៀបដែលរដ្ឋាភិបាលបន្ទាប់គួរតែអភិវឌ្ឍរមណីយដ្ឋានមាត់សមុទ្រដ៏ល្បីល្បាញមួយនេះ។ ក្រុមម្ចាស់អាជីវកម្មនិងអ្នកជំនួញផ្នែកទេសចរណ៍ទាំងនោះ បានជួបមេដឹកនាំបក្សភឿថៃ លោក Cholnan Srikaew និង Prommin Lertsuridej ប្រធានគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ចរបស់គណបក្ស។ក្នុងជំនួបនោះក៏មានវត្តមានអភិបាលក្រុងប៉ាតាយ៉ា Poramet Ngampichet និង Sonthaya Khunpluem មេដឹកនាំក្រុម Palang Chon
ដ៏មានឥទ្ធិពលដែលបានចាកចេញពីគណបក្សកាន់អំណាចទៅចូលរួមជាមួយភឿថៃ។
តំណាងធុរកិច្ចបានអំពាវនាវឱ្យមានការកែលម្អអាកាសយានដ្ឋាន U-Tapao ដើម្បីបង្កើនចំនួនភ្ញៀវទេសចរណ៍មកប៉ាតាយ៉ា។ពួកគេក៏បានអំពាវនាវឱ្យរដ្ឋាភិបាលបក្សភឿថៃ កំណត់តំបន់ប៉ាតាយ៉ាឡើងវិញ(ភ្លើងលឿង ក្រហមខៀវ) ដើម្បីផ្តល់អាទិភាពដល់វិស័យទេសចរណ៍។ ពួកគេបាននិយាយថាការកំណត់តំបន់នៅប៉ាតាយ៉ាដែលអនុវត្តសព្វថ្ងៃនេះ មិនឆ្លើយតបនឹងស្ថានភាពជាក់ស្ដែង ព្រោះការកំណត់នោះធ្វើឡើងកាលពី២០ឆ្នាំមុនមកម្ល៉េះ។អាជីវករថៃក៏ចង់បិទរង្គសាលនៅក្រោយម៉ោង២រំលងអធ្រាត្រ
ខណៈដែលច្បាប់ថៃបច្ចុប្បន្នតម្រូវឱ្យរង្គសាលនៅប៉ាតាយ៉ាទាំងអស់ត្រូវបិទទ្វារនៅត្រឹមម៉ោង២រំលងអធ្រាត្រ។
តំណាងគណបក្សប្រឆាំងភឿថៃ លោក Prommin បាននិយាយថា ភឿថៃនឹងធ្វើវិមជ្ឈការអំណាចរដ្ឋបាលដល់ទីក្រុងទេសចរណ៍ដូចជាប៉ាតាយ៉ា ប្រសិនបើខ្លួនបានជាប់ឆ្នោត ដឹកនាំរដ្ឋាភិបាលដើម្បីធានាថា អាជីវកម្មដែលពឹងផ្អែកលើភ្ញៀវទេសចរនឹងទទួលបានការគាំទ្រកាន់តែប្រសើរឡើង។លោកបន្តថា ភឿថៃបានលើកបញ្ហាទេសចរណ៍ជាមួយរដ្ឋាភិបាលជាច្រើនលើកមកហើយដែលមិនបានផល។ គណបក្សភឿថៃ គ្រោងនឹងប្រែក្លាយទីក្រុងបាងកក ឈៀងម៉ៃ សុងក្លា និងប៉ាតាយ៉ា ទៅជា “តំបន់អាជីវកម្មថ្មី”
ដើម្បីលុបចោលការរឹតបន្តឹងដែលរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ទាំងអស់នោះ៕
ដោយ៖វណ្ណ ស័ក្ដិ