បុរសជនជាតិបែលហ្ស៊ិកម្នាក់ ដំណើរការអាជីវកម្មនៅកម្ពុជាទាំងត្រដាបត្រដួសក្រោយកូវីដ១៩ តែចាប់ផ្តើមឃើញភាពជោគជ័យ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖បើត្រលប់ទៅក្រោយបន្តិចចន្លោះពីចុងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ គ្រប់បណ្តាប្រទេសទាំងអស់ រួមទាំងកម្ពុជាសុទ្ធតែរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ​ចំណែកឯអាជីវកម្មវិញ មិនថាខ្នាតតូច ឬខ្នាតកណ្តាឡ ឬខ្នាតធំនោះទេ ​សុទ្ធតែព្យាយាមបើកដំណើរការឡើងវិញទាំងត្រដរក្រោយកូវីដ១៩ ស្រាកស្រាន្តបន្តិ​ចទៅ។ ឯអាជីកម្មមួយចំនួនត្រូវបង្ខំចិត្តបិទទ្វារ។ ប៉ុន្តែមានបុរសជនជាតិបែលហ្ស៊ិកម្នាក់ បែរជាផ្តើមបើកអាជីវកម្មថ្មីរបស់ខ្លួននៅក្រុងភ្នំពេញ

ខណៈពេលស្ថានភាពកូវីដ​១៩ ស្ថិតក្នុងភាពស្រពេចស្រពិល នោះគឺ​​លោក Stephane Munster ដែលមានជំនាញផ្នែកចំណីអាហារ អាជីវកម្មបង្កើតថ្មី​ និងអាជីវកម្មនវានុវត្តន៍។

លោក Stephane Munster បានមករស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៩ ពោលគឺមុនការមកដល់នៃជំងឺកូវីដ១៩ បន្តិច។ លោក Stephane បានឱ្យដឹងថា បានប្រាប់​ឱ្យដឹងថា មកដល់កម្ពុជាដំបូង លោកបានសិក្សាស្រាវជ្រាវប​ន្តិចពីវិស័យកសិ-ចំណីអាហារនៅក្នុងខេត្តកំពត ដោយសារតែលោកធ្លាប់ធ្វើការក្នុងវិស័យនេះ ក៏ដូចជាផ្នែ​កកែច្នៃចំណីអាហារផងដែរ។ ក្រោយមកលោកបានចូលបម្រើការងារបានរយៈពេល​

ប្រាំបួនខែជាអ្នកប្រឹក្សាដ​ល់​សាកលវិទ្យាធិការព្រឹទ្ធបុរស និងនាយកដ្ឋានស្រាវជ្រាវ ដើម្បីបង្កើតកម្មវិធីឲ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថា Techno។

បន្ទាប់មកទៀត កូវីដ១៩ក៏បានមកដល់ កម្មវិធីរបស់សាលាក៏ត្រូវបានផ្អាក លោកបានទៅបើកកម្មវិធីមួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មួយរយៈ ប៉ុន្តែដោយសារគ្មានថវិកាគាំទ្រ ទើបលោកសម្រេចបញ្ចប់កម្មវិធីនោះទៀត។ ក្រោយមក លោក Stephane Munster ដោយសម្លឹងឃើញឱ​កាសក្នុងវិស័យម្ហូបអាហារ និងកម្សាន្តនៅតែបន្តមានទើបលោកបានចាប់ផ្តើមបើកបារមួយនៅលើ

ផ្លូវ៣០៨ ឬតំបន់បាសាក់ឡែន ដែលជាតំបន់ពេញនិយមសម្រាប់អ្នកទេសចរបរទេស និងជនបរទេសដែលរស់នៅក្រុងភ្នំពេញ។

ធ្លាប់ធ្វើការលើវិស័យមួយចំនួនតូចនៅកម្ពុជាលោក Stephane បានរៀបរាប់ឱ្យដឹងពីមូលហេតុដែលលោកងាកទៅបើកអាជីវកម្មបារថា ៖​ «ពេលនេះ វិធីងាយស្រួលបំផុតដើម្បីបន្តដើរលើវិស័យម្ហូបអាហារគឺការបង្កើតបារដោយសារវាជាផ្លូវមួយដែលមានឱ​កាសជួបមនុស្ស»។

លោកបន្តឱ្យដឹងថា៖​ «យើងមានបារ វាជាវិធីដ៏ល្អដែលអនុញ្ញាតឱ្យខ្ញុំរក្សាទំនាក់ទំនងជាមួយអតិថិជនជាច្រើនរបស់ខ្ញុំឱ្យបានល្អ ។អតិថិជនដែលមកពីប្រភពផ្សេងទៀត​ អ្នកទេសចរកម្ពុជា និងអ្នកទេសចរអាជីវកម្មបរទេសជាដើម»។

ដោយឡែក ពេលដែលដំណើរការអាជីវកម្មបារដែលមានឈ្មោះថា Pixel ដំបូងៗបន្ទាប់ពីជំងឺកូវីដ១៩ លោកបានបញ្ជាក់ថាលោកក៏មានក្តីបារម្ភខ្លះដែរនាពេលនោះ តែមកទល់បច្ចុប្បន្ននេះលោកបានឱ្យដឹងថាអាជីវកម្មរបស់ខ្លួនកំពុងរីកចម្រើន និងទាក់ទាញទេសចរបានច្រើនផងដែរ។

លោកបានបញ្ជាក់ថា លោកមិនចង់ឱ្យតំបន់នេះក្លាយជាតំបន់សម្រាប់តែទេសចរទាំងស្រុងនោះទេ លោកចង់ឱ្យមានតុល្យភាពរវាងអ្នកទេសចរបរទេសដែលរស់នៅកម្ពុជា និងប្រជាជនខ្មែរផ្ទាល់ ដោ​យយល់ថានៅកម្ពុជាភ្ញៀវទេសចរមិនទៀងទាត់ពេកនោះទេ បើពឹងផ្អែកលើអ្នកទេសចរទាំងស្រុងនោះអាជី​វ​កម្មនឹងគ្មានលំនឹង។

លោក Stephane បញ្ជាក់ថា​ ៖ «ទី១ យើងនៅកម្ពុជាស្រាប់។ ដូច្នេះខ្ញុំចង់បានភ្ញៀវជាជនជាតិខ្មែរ ហើយវាប្រសើរបើភ្ញៀវបីប្រភេទនេះមានតុល្យភាពដូច ភ្ញៀវខ្មែរ៣៣ភាគរយ ភ្ញៀវបរទេសនៅកម្ពុជា ៣៣ភាគរយ និងទេសចរបរទេស ៣៣ភាគរយ នោះអាជីវកម្មនឹងមានលំនឹងគ្រប់រដូវកាល»។

លើសពីនេះបុរសជនជាតិបែលហ្ស៊ិករូបនេះក៏បានរំលេចពីគោលដៅសម្រាប់អាជីកម្មថ្មីរបស់ខ្លួនពោលគឺលោកចង់បាររបស់ខ្លួនជាបារចម្រុះជាតិសាសន៍ ជាបារសកលដែលមានមនុស្សគ្រប់វ័យ គ្រប់ជាតិសាសន៍ និងវប្បធម៌ផ្សេងៗគ្នាផងដែរ៕ ដោយ៖កែវ បុស្បា

ads banner