គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ជានិច្ចចំពោះបងប្អូនដែលស្មគ្រ័ចិត្ត មកចូលរួមជាសមាជិក ដោយមិនប្រកាន់ពីនិន្នាការអ្វីទាំងអស់
កំពង់ធំ៖ គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ជានិច្ចចំពោះបងប្អូនដែលស្មគ្រ័ចិត្ត មកចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការអ្វីទាំងអស់។ នេះជាការបញ្ជាក់របស់ឯកឧត្តម សុំ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៥៤០រូប របស់គណបក្សប្រជាជនកម្ពុជាឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី១៨ មីនា។
ឯកឧត្តម សុំ សន្និសិទ្ធ បានចាត់ទុកការចូលរួមរស់ជីវភាពនយោបាយរបស់បងប្អូននាពេលនេះថា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្ន មិនមានគណបក្សនយោបាយណាមួយដែលមានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ។ កន្លងមកនេះ ថ្នាក់ដឹកនាំគណបក្ស ពិសេស សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្ស តែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារ បានចាត់ទុកការចូលរួមរបស់សមាជិក សមាជិកានាពេលនេះថាបានផ្តល់នូវយុត្តិធម៌ ជំនឿ និងការគាំទ្រចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាផងដែរ ហើយតាមរយៈសមាជិកថ្មីបន្ថែមនេះ នឹងធ្វើកាន់តែមានកម្លាំងដ៏ធំធេង ធ្វើឲ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ ប្រជាជន និងការអភិវឌ្ឍប្រទេសថែមទៀតផង។ ជាក់ស្ដែងក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ប្រជាជនកម្ពុជា បានរស់នៅក្នុងសុខសន្តិភាព ប្រទេសជាតិ មានស្ថិរភាពនយោបាយល្អ ក្នុងនោះបានថែរក្សាយ៉ាងគត់មត់ លទ្ធិប្រជាធិបតេយ្យបានយ៉ាងរឹងមាំល្អ និងកំពុងបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ ។
ជាមួយនេះដែរក្នុងអំឡុងនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ កម្ពុជា បានគ្រប់គ្រងដោយជោគជ័យ រីឯជីវភាពប្រជាជនរក្សាបានលំនឹង និងត្រូវបានលើកកម្ពស់ជាលំដាប់ មិនតែប៉ុណ្ណោះកិត្យានុភាពរបស់កម្ពុជា ក៏កាន់តែបានលើកកម្ពស់ នឹងលេចមុខលេចមាត់កាន់តែច្បាស់ថែមទៀតនៅលើឆាកអន្តរជាតិ ខណៈកម្ពុជា បានបំពេញតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន ប្រកបដោយជោគជ័យនោះ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត



