មន្រ្តីការទូតរុស្ស៊ីចោទសហរដ្ឋអាមេរិកថា បានផ្គត់ផ្គង់សព្វាវុធឲ្យទីក្រុងកៀវ ដោយមិនខ្វល់ខ្វាយពីអាយុជីវិតប្រជាជនអ៊ុយក្រែន និងរុស្ស៊ី
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បានសរសេរនៅលើបណ្តាញសង្គមតេលេក្រាម ដោយធ្វើអត្ថាធិប្បាយលើការកត់សម្គាល់នាពេលថ្មីៗនេះ ដោយអ្នកការទូតជាន់ខ្ពស់អាមេរិកម្នាក់ថា រដ្ឋបាលអាមេរិកកំពុងផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដោយគ្មានអាណិតអាសូរចំពោះអាយុជីវិតពលរដ្ឋរុស្ស៊ី និងអ៊ុយក្រែនសោះឡើយ។
មុននេះ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី វ៉ិកតូរី នូលែន បាននិយាយថា បេះដូងអាមេរិកបានបង្ហូរឈាមសម្រាប់អ៊ុយក្រែន ប៉ុន្តែយើងក៏បង្ហូរឈាមសម្រាប់គ្រួសាររុស្ស៊ីទាំងអស់ដែលរងផលប៉ះពាល់ផងដែរ។
ឆ្លើយតបនឹងការអត្ថាធិប្បាយខាងលើនេះ លោកស្រី ហ្សាខារ៉ូវ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា អស់រយៈពេលជាយូរមក ទីក្រុងវ៉ាស៊ីនតោនមិនបានអាណិតដល់អាយុជីវិតជនជាតិអ៊ុយក្រែន ឬរុស្ស៊ី ឬក៏ជនជាតិអាមេរិកខ្លួនឯងឡើយ។
ហើយដើម្បីធ្វើឱ្យបេះដូងនៃជនរួមជាតិរបស់នាងកាន់តែហូរឈាម លោកស្រី វ៉ិកតូរី នូលែន និងរបបដឹកនាំផ្សេងទៀតកំពុងផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងសព្វាវុធដែលមានតម្លៃរាប់ពាន់លានដុល្លារ៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

