សាសនាទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមប្រឆាំងការជួញដូរមនុស្ស និងទាសភាព ក្នុងសម័យទំនើប

ខេត្តបន្ទាយមានជ័យ៖ ក្នុងវេទិកាសន្ទនាដើម្បី សុខដុមនីយកម្មសាសនានៅកម្ពុជា ក្រោមប្រធានបទ ស្ដីពី សានិកចូលរួមប្រឆាំង ការជួញដូរមនុស្ស និងទាសភាពសម័យទំនើប នៅខេត្តបន្ទាយមានជ័យ ព្រះតេជគណ សមណញាណ ណាប់ ម៉ឺន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្ត បន្ទាយមានជ័យ មានសង្ឃដីកាថា ពុទ្ធសាសនា គ្រឹះសាសនា និងឥស្លាមសាសនាជាដើម បើទោះជាការគោរពបូជាសាសនានីមួយៗមានទំរង់ខុសគ្នា តែមានគោលដៅរួមមួយ គឺអប់រំមនុស្សឲ្យធ្វើនូវកុសលធម៌ឬអំពើល្អចំពោះ សត្វ រុក្ខជាតិ និងមនុស្ស ។ យ៉ាងណាមិញ បើយើងមានមហិច្ឆតាលោភលន់ហួសប្រមាណ និងខ្វះសីលធម៌ គុណធម៌ជាមនុស្សជាតិ វាធ្វើឲ្យបុគ្គលនោះហ៊ានសាងនូវអំពើបាបធ្ងន់ធ្ងរគ្រប់យ៉ាង ក្នុងនោះមានដូចជាការជួញដូរមនុស្សជាដើម ។

លោកជំទាវ រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងថា សាសនាទាំងអស់នៅប្រទេសកម្ពុជា មិនត្រឹមតែមានសុខដុមនីយកម្មនឹងគ្នា ថែមទាំងមានចំណែកកសាងអភិវឌ្ឍសង្គមជាមួយរាជរដ្ឋាភិបាល ចូលរួមទប់ស្កាត់អំពើជួញដូរមនុស្ស ជាដើម ។

ជាក់ស្ដែងសាសនិកទាំអស់ ដែលបានធ្វើការផ្សព្វផ្សាយ ក៏ដូចជាធម្មទេសនាអប់រំ ប្រជាពលរដ្ឋ ពិសេស យុវវ័យ ស្ត្រី និងកុមារ ឲ្យវៀចាកអំពើបាប បន្ថែមជាមួយការអប់រំមិនឲ្យមានការលោភលន់ហួសហេតុ ខ្វះការចេះពិចារណាដោយប្រើបញ្ញារកហេតុផលត្រឹមត្រូវ ។ ម្យ៉ាងការផ្សព្វផ្សាយអប់រំតាមបែបសានានេះហើយ ជាចំណែកមួយ ជួយដល់ប្រជាពលរដ្ឋ ចៀសផុតពីការជួញដូរកម្លាំងពលកម្ម និងទាសភាព រួមទាំងអំពើជួញដូរផ្លូភេទផងដែរ ៕ ដោយ ៖ គៀន ច័ន្ទហ៊ីន

ads banner