មន្រ្តីការទូតរុស្ស៊ី៖ ទីក្រុងមូស្គូបើកចំហចំពោះសំណើដោះស្រាយបញ្ហាជម្លោះនៅអ៊ុយក្រែន

មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា ថ្លែងថា ទីក្រុងមូស្គូបើកចំហចំពោះសំណើដ៏ច្បាស់លាស់លើការដោះស្រាយវិបត្តិអ៊ុយក្រែន ប៉ុន្តែនឹងមិនទទួលយកឱសានវាទឡើយ។

នៅពេលធ្វើការអត្ថាធិប្បាយលើការកត់សម្គាល់របស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី ខូលេបា អំពីសារៈសំខាន់នៃ “រូបមន្តសន្តិភាព” របស់លោក ហ្សេលេនស្គី លោកស្រី ហ្សាខារ៉ូវ៉ា បាននិយាយថា ជាអកុសល វាគឺជាការប៉ុនប៉ងមួយផ្សេងទៀតរបស់អាជ្ញាធរអ៊ុយក្រែន ក្នុងការបំភាន់សហគមន៍អន្តរជាតិ និងប្រជាជនរបស់ខ្លួន។

“រូបមន្តសន្តិភាព” របស់លោក ហ្សេលេនស្គី មិនពាក់ព័ន្ធនឹងសន្តិភាពទេ។ វាគ្រាន់តែជាបញ្ជីនៃការទាមទារឱសានវាទសម្រាប់រុស្ស៊ី ដែលត្រូវបានផ្តាច់ចេញពីការពិត។ គោលដៅនៃ “រូបមន្តសន្តិភាព” របស់អ៊ុយក្រែនគឺធ្វើឱ្យរុស្ស៊ីចុះចាញ់ ដោយមានជំនួយពីបស្ចិមប្រទេស។ លោកស្រីបាននិយាយយ៉ាងដូច្នេះថា យើងបាននិយាយម្តងហើយម្តងទៀតថា យើងបើកចំហចំពោះសំណើដ៏ជាក់លាក់ពីលោកខាងលិច និងអ៊ុយក្រែន ក្នុងការស្វែងរកដំណោះស្រាយនយោបាយ និងការទូតចំពោះវិបត្តិ ប៉ុន្តែយើងនឹងមិនទទួលយកភាសានៃឱសានវាទទេ។

អ្នកការទូតរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវសន្តិភាពប្រកបដោយនិរន្តរភាព ចាំបាច់ត្រូវទាមទារឲ្យការផ្តល់សព្វាវុធ និងទាហានស៊ីឈ្នួលដល់អ៊ុយក្រែនត្រូវបញ្ចប់, សកម្មភាពយោធាគួរតែបញ្ឈប់ ហើយអ៊ុយក្រែនគួរតែស្តារឡើងវិញនូវស្ថានភាពអព្យាក្រឹតភាព និងស្ថានភាពថ្មីនៅលើទឹកដីរបស់ខ្លួន ដែលផ្តើមចេញពីសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយខ្លួនឯង គួរតែត្រូវបានទទួលស្គាល់នៅកម្រិតអន្តរជាតិ៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner