នាយករដ្ឋមន្រ្តីជប៉ុនធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា សម្រាប់ជំនួបជាមួយលោក ម៉ូឌី

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បានចាកចេញទៅកាន់ប្រទេសឥណ្ឌាហើយ ដើម្បីជួបជាមួយសមភាគីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី។ បច្ចុប្បន្នជប៉ុនកាន់តំណែងជាប្រធានក្រុមប្រទេស G7 ខណៈដែលឥណ្ឌាជាប្រធានក្រុមប្រទេស G20។

លោក គីស៊ីដា បានចាកចេញពីអាកាសយានដ្ឋាន ហាណេដា ទីក្រុងតូក្យូ តាមយន្តហោះរដ្ឋាភិបាលនៅថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០២៣។ គាត់នឹងទៅដល់ប្រទេសឥណ្ឌានៅព្រឹកថ្ងៃចន្ទទី២០ ខែមីនានេះ (ម៉ោងក្នុងតំបន់) ហើយត្រឡប់មកប្រទេសជប៉ុនវិញនៅថ្ងៃពុធទី២២ ខែមីនានេះ។

នៅមុនការចាកចេញពីប្រទេស នាយករដ្ឋមន្រ្តីជប៉ុនរូបនេះបានប្រាប់អ្នកយកព័ត៌មានថា គាត់ចង់ពិភាក្សាយ៉ាងពេញលេញជាមួយមេដឹកនាំឥណ្ឌា អំពីតួនាទីដែលប្រទេសរបស់ពួកគេគួរតែដើរតួក្នុងសហគមន៍អន្តរជាតិ។ ជាមួយគ្នានេះ លោក គីស៊ីដា ក៏សង្ឃឹមផងដែរថា ប្រទេសទាំងពីរនឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត។

លោក គីស៊ីដា ក៏ត្រូវបានគេរំពឹងដែរថា នឹងថ្លែងសុន្ទរកថាទៅកាន់ក្រុមអ្នកនយោបាយក្នុងប្រទេសឥណ្ឌា ដើម្បីបង្ហាញពីផែនការជាក់ស្តែង ក្នុងការលើកកម្ពស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ ដែលជាគោលគំនិតចម្បងរបស់ប្រទេសជប៉ុន៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner