សម្ដេចតេជោ ហ៊ុន សែន៖ តួនាទីរបស់វៀតណាម ក្នុងឆ្នាំ១៩៨៥ គឺជួយកម្ពុជា វាយផ្ដួលរំលំ និងការពារកុំឱ្យរបបខ្មែរក្រហមត្រលប់មកវិញប៉ុណ្ណោះ
ភ្នំពេញ៖ តួនាទីរបស់វៀតណាម ក្នុងឆ្នាំ១៩៨៥ គឺជួយកម្ពុជា វាយផ្ដួលរំលំ និងការពារកុំឱ្យរបបខ្មែរក្រហមត្រលប់មកវិញប៉ុណ្ណោះ ខណៈប្រទេសនេះមិនបានគៀបសង្កត់កម្ពុជាឱ្យធ្វើការសម្រេចចិត្តតាមខ្លួននោះទេ។ នេះជាការបញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងឆ្នាំ១៩៨៥ មានកងទ័ពវៀតណាមជាង ១០ម៉ឺននាក់នៅកម្ពុជា តែវៀតណាម គោរពនូវសិទ្ធិសម្រេចផ្ទាល់ខ្លួនរបស់កម្ពុជា ខុសពីពេលនេះដែលកម្ពុជា តែងតែងត្រូវបានក្លាយជាចំណាប់ខ្មាំងការបង្គាប់បញ្ជាពីប្រទេស និងដៃគូរអភិវឌ្ឍន៍មួយចំនួន។
សម្ដេច ថ្លែងបន្តថា ក្នុងឆ្នាំ១៩៨៥ ទោះបីជាមានវៀតណាម ក្នុងស្រុកក្ដីតែតួនាទីរបស់វៀតណាមពេលនោះ គឺជួយកម្ពុជាវាយផ្ដួលរំលំ និងការពារកុំឱ្យរបបខ្មែរក្រហមត្រលប់មកវិញប៉ុណ្ណោះ ខណៈប្រទេសនេះ មិនបានគៀបសង្កត់កម្ពុជាឱ្យធ្វើការសម្រេចចិត្តតាមខ្លួននោះទេ។ សម្ដេចតេជោ បានបន្ថែមថា វាជាភ័ព្វសំណាងមួយរបស់កម្ពុជាដែលវៀតណាមមិនលូកលាន់ដែលធ្វើឱ្យកម្ពុជាអាចសម្រេចចិត្តលើនយោបាយសេដ្ឋកិច្ចរបស់ខ្លួន។ ពេលខ្ញុំជួបជាមួយដៃគូរអភិវឌ្ឍន៍ ខ្ញុំថា អស់លោកពីមុនអស់លោកថា ខ្ញុំអាយ៉ងវៀតណាម ក៏ប៉ុន្ដែខ្ញុំមានសិទ្ធិសម្រេចច្រើនជាងអ្វីដែលខ្ញុំសម្រេចនៅពេលនេះនៅត្រង់ថា ពេលនេះបើខ្ញុំមិនធ្វើតាមអស់លោក អស់លោកនឹងកាត់នូវជំនួយសម្រាប់កម្ពុជា ។
សូមរំលឹកថា ក្នុងសង្គ្រាមផ្ដួលរំលំរបខ្មែរក្រហមកងទ័ពវៀតណាម បានដាក់នៅកម្ពុជាពីឆ្នាំ ១៩៧៩ រហូតដល់ឆ្នាំ១៩៨៩ ខណៈពេលនោះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ទោះបីជាពេលនោះ ប្រទេសប្រកាន់របបសង្គមនិយមក្ដី តែកម្ពុជា សម្រេចកំណែទម្រង់សេដ្ឋកិច្ចមកកាន់ទីផ្សារសេរីមុនប្រទេសវៀតណាម ដែលយើងអាចមើលឃើញថា កម្ពុជាបានកា្លយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក មុនប្រទេសវៀតណាមផងដែរ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ





