អាជ្ញាធរថៃប្ដឹងរោងចក្រចិន ដែលផលិតអង្ករម្លិះក្លែងក្លាយ
ថៃ៖ នាយកដ្ឋានពាណិជ្ជកម្មបរទេស (Department of Foreign Trade)នៃប្រទេសថៃកំពុងត្រៀមប្តឹងអ្នកផលិតអង្ករចិនចំនួនបីនាក់ ពីបទផលិតអង្ករផ្កាម្លិះថៃក្លែងក្លាយ។
អគ្គនាយកនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ លោក Ronnarong Phoolpipat បាននិយាយកាលពីថ្ងៃសុក្រថា នាយកដ្ឋានបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុននាំចេញអង្ករថៃថា រោងម៉ាស៊ីនកិនស្រូវចិន បានបន្ថែមក្លិនក្រអូបសិប្បនិម្មិត ដើម្បីយកតម្រាប់តាមក្លិនក្រអូបរបស់ថៃ “hom mali” ឬអង្ករផ្កាម្លិះ។
អង្ករផ្កាម្លិះក្លែងក្លាយនេះត្រូវបានគេដាក់លក់ក្នុងប្រទេសចិន ក្រោមស្លាកយីហោថៃក្លែងក្លាយដែលសរសេរថា អង្ករនេះនាំចូលពីប្រទេសថៃ។ លោក Ronnarong Phoolpipat ថា នេះជាការបំពានច្បាប់ចិន។
លោកបានបន្ថែមថា ស្ថាប័នរបស់លោក បានជូនដំណឹងដល់អាជ្ញាធរចិន អំពីរោងចក្រចំនួនបីដែលបានធ្វើទង្វើនេះបន្ទាប់មកអាជ្ញាធរចិនបានបញ្ជាពួកគេបិទទ្វារ។លោកបន្តថា អាជ្ញាធរចិន ក៏បានរកឃើញផងដែរថារោងចក្របានបំពានច្បាប់មួយចំនួនទៀតទាក់ទងនឹងសុវត្ថិភាពអាហារ គុណភាពផលិតផល និងការផ្សព្វផ្សាយ។
លោក Ronnarong Phoolpipat បញ្ជាក់ថា រោងចក្រទាំង៣នោះមាន៖ ទី១រោងចក្រអង្ករ Anhui Huainan Shouxian Yongliang ដែលលក់អង្ករដាក់ស្លាកថា “រាជไทย” (ស្តេចថៃ) ក្រោមម៉ាក “Tai Zhi Wang” ។ទី២ រោងចក្រអង្ករ Anhui Xiangwang Cereals, Oils and Food Technology Co Ltd លក់អង្ករដាំដុះក្នុងស្រុកក្រោមស្លាកដែលអះអាងថាអង្ករត្រូវបានផលិតនៅក្នុងប្រទេសថៃហើយ អាជ្ញាប័ណ្ណកែច្នៃអង្កររបស់ក្រុមហ៊ុនបានផុតកំណត់តាំងពីឆ្នាំ 2017 ។ទី០៣គឺរោងចក្រអង្ករឈ្មោះ Huainan Chufeng លក់អង្ករផ្កាម្លិះក្លែងក្លាយក្រោមម៉ាក “Tai Guo Xiang Mi” និង “Tai Xiang Mi” ដែលបកប្រែជា “អង្ករផ្កាម្លិះថៃ”។
លោក Ronnarong Phoolpipat បានថ្លែងថា អាជ្ញាធរថៃមិនមានកំណត់ត្រាដែលបង្ហាញថារោងចក្រទាំងនេះធ្លាប់នាំចូលអង្ករពីប្រទេសថៃនោះទេ។ ពួកគេក៏បានលក់អង្ករក្លែងក្លាយនេះក្នុងតម្លៃខ្ពស់ជាងអង្ករដែលដាំដុះក្នុងប្រទេសចិន។
Department of Foreign Trade គ្រោងនឹងជួបពិភាក្សាជាមួយសមាគមអ្នកនាំចេញអង្ករថៃក្នុងពេលឆាប់ៗដើម្បីពិភាក្សាអំពីការប្តឹងរោងចក្រទាំងនេះ សម្រាប់ការខូចខាតដោយគ្រោងនឹងប្ដឹងទៅតុលាការក្នុងប្រទេសចិន។
លោក Ronnarong Phoolpipat បន្ថែមថា «បណ្ដឹងនេះនឹងជួយការពារការខូចខាតដល់អ្នកផលិតអង្ករថៃ និងការពារប្រជាជនចិនពីការប្រើប្រាស់អង្ករផ្កាម្លិះសិប្បនិម្មិត»។
កាលពី២០២២ ប្រទេសថៃបាននាំចេញអង្ករផ្កាម្លិះចំនួន១៤២.១៤៦ តោនដែលមានតម្លៃជិត៤ពាន់លានបាត(៣.៩៩ពាន់លានបាត)ឬប្រហែលជាង១៣៣លានដុល្លារ ទៅកាន់ប្រទេសចិន៕
ប្រែសម្រួល៖វណ្ណស័ក្ដិ