មេដឹកនាំកូរ៉េខាងជើងបញ្ជាឱ្យត្រៀមនុយក្លេអ៊ែរដើម្បីតបតប្រឆាំងនឹងអាមេរិក និងកូរ៉េខាងត្បូង
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទថា លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យក្រុងព្យុងយ៉ាងត្រៀមខ្លួនជាស្រេចដើម្បីឱ្យប្រាកដថាកូរ៉េខាងជើងអាចវាយប្រហារដោយនុយក្លេអ៊ែរនៅពេលណាក៏បាន ប្រឆាំងនឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។កូរ៉េខាងជើង ចោទថា កូរ៉េខាងត្បូងនិងអាមេរិក ពង្រីកសមយុទ្ធយោធារួមគ្នាដោយប្រើធនធាននុយក្លេអ៊ែររបស់អាមេរិក។
KCNA បានស្រង់សម្ដីលោក គីម ដែលថ្លែងយ៉ាងដូច្នេះថា៖ «កងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងទប់ទល់ គ្រប់គ្រងចលនា និងការញុះញង់ដែលមិនប្រុងប្រយ័ត្នរបស់សត្រូវ ហើយត្រៀមខ្លួនដើម្បីធ្វើសង្រ្គាមនិងអនុវត្តបេសកកម្មដ៏សំខាន់របស់ខ្លួន ដោយមិនស្ទាក់ស្ទើរបើសិនស្ថានការណ៍មកដល់ »។
ការលើកឡើងរបស់លោក គីម ចុង ក្រោយនេះធ្វើឡើងពេលដែលកូរ៉េខាងជើងធ្វើសមយុទ្ធដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពវាយប្រហារនុយក្លេអ៊ែរតាកទិក នៅចុងសប្ដាហ៍កន្លងទៅនេះ។ កូរ៉េខាងជើងបានផ្ញើការព្រមានខ្លាំងៗប្រឆាំងនឹងក្រុងវ៉ាស៊ីនតោន និងសេអ៊ូល។
KCNA បានផ្សាយថា នៅក្នុងសមយុទ្ធកាលពីពេលកន្លងទៅថ្មីៗនេះ ក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងដែលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរសិប្បនិម្មិត។មីស៊ីលនោះហោះបានចម្ងាយ៨០០ គីឡូម៉ែត្រ ក្រោមសេណារីយ៉ូនៃការវាយប្រហារនុយក្លេអ៊ែរតាកទិក។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកូរ៉េខាងត្បូង និងជប៉ុនបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីចេញពីឆ្នេរសមុទ្រភាគខាងកើត ដែលជាការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់គ្នាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប។
ការបាញ់បង្ហោះនេះ ត្រូវបានកូរ៉េខាងជើងទទូចថាជាប្រតិកម្មចំពោះសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក ដែលខ្លួនចាត់ទុកថាជាសកម្មភាពត្រៀមឈ្លានពានខ្លួន។
ចំណែកកូរ៉េខាងត្បូង និងអាមេរិក ដែលបាននិងកំពុងធ្វើសមយុទ្ធប្រចាំឆ្នាំចាប់តាំងពីដើមខែនេះ ប្រកែកថា សកម្មភាពយោធារបស់ខ្លួនធ្វើឡើងដើម្បីពង្រឹងការទប់ទល់ប្រឆាំងនឹងការគំរាមកំហែងរបស់ក្រុងព្យុងយ៉ាង៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ North Korea’s Kim Jong-un calls for nuclear preparedness against US and South Korea