ស៊ែប៊ី និងកូសូវ៉ូ យល់ព្រមអនុវត្តកិច្ចព្រមព្រៀងដែលសហភាពអឺរ៉ុបគាំទ្រដើម្បីធ្វើប្រក្រតីភាពនៃទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ
អន្តរជាតិ៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក យូសែហ្វ បូរ៉ែល បានឱ្យដឹងកាលពីចុងសប្ដាហ៍នេះថា មេដឹកនាំស៊ែប៊ី និងកូសូវ៉ូ បានព្រមព្រៀងគ្នាលើរបៀបអនុវត្តកិច្ចព្រមព្រៀងដែលអ៊ឺរ៉ុបគាំទ្រ ដើម្បីធ្វើប្រក្រតីកម្មលើទំនាក់ទំនងរវាងរដ្ឋទាំងពីរ។
កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សារយៈពេល ១២ ម៉ោងរវាងនាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti និងប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ដោយមានការចូលរួមពីមន្ត្រីសហភាពអឺរ៉ុប នៅទីក្រុង Ohrid នៃប្រទេសម៉ាសេដូនខាងជើង។
លោក បូរ៉ែល បានប្រាប់អ្នកយកព័ត៌មានទៅថ្ងៃសៅរ៍ថា៖ «កូសូវ៉ូ និងស៊ែប៊ីបានយល់ព្រមលើឧបសម្ព័ន្ធការអនុវត្តនៃកិច្ចព្រមព្រៀងដើម្បីធ្វើប្រក្រតីកម្មលើទំនាក់ទំនង។ ភាគីទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពគ្រប់មាត្រានៃកិច្ចព្រមព្រៀង និងអនុវត្តកាតព្វកិច្ចរៀងៗខ្លួនដោយឆាប់រហ័សនិងដោយស្មោះត្រង់»។
ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានថ្លែងក្រោយកិច្ចប្រជុំថា កិច្ចព្រមព្រៀងមួយចំនួនត្រូវបានសម្រេច ហើយ«ចំណុចមួយចំនួនដែលយើងបានព្រមព្រៀងគ្នា នឹងក្លាយជាផ្នែកមួយនៃក្របខ័ណ្ឌចរចាសម្រាប់ភាគីទាំងពីរ»។
លោកនាយករដ្ឋមន្រ្តី Kurti បានថ្លែងថា ប្រធានាធិបតីស៊ែប៊ី មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តកាលពីថ្ងៃសៅរ៍ទេ។ លោកបន្ថែមថា៖ «ឥឡូវនេះ វាអាស្រ័យលើសហភាពអឺរ៉ុបក្នុងការស្វែងរកយន្តការមួយ ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនេះស្របច្បាប់ និងជាលក្ខណៈអន្តរជាតិ»។
គួរបញ្ជាក់ថា កិច្ចសន្ទនារវាងកូសូវ៉ូ និងស៊ែប៊ី ដែលដឹកនាំដោយសហភាពអឺរ៉ុប និងចាប់ផ្ដើមក្នុងឆ្នាំ ២០១១ មានគោលបំណងស្វែងរកដំណោះស្រាយលើជម្លោះដែលអាចទទួលយកបានពីគ្រប់ភាគី នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលមានកាតព្វកិច្ចស្របច្បាប់។ សហភាពអឺរ៉ុបតម្រូវឱ្យកូសូវ៉ូ និងស៊ែប៊ី ឈានដល់កិច្ចព្រមព្រៀងចុងក្រោយ និងដោះស្រាយជម្លោះ ដើម្បីធ្វើសមាហរណកម្មចូលទៅក្នុងប្លុកនេះ។
ប្រទេសជាសមាជិកអង្គការសហប្រជាជាតិភាគច្រើន រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងតួកគី បានទទួលស្គាល់កូសូវ៉ូថាជារដ្ឋដាច់ដោយឡែកពីគ្នា ក្រោយប្រទេសនេះប្រកាសឯករាជ្យផ្ដាច់ខ្លួនពីស៊ែប៊ីកាលពី ១៥ ឆ្នាំមុន។ ប៉ុន្តែ ស៊ែប៊ីនៅតែបន្តចាត់ទុកកូសូវ៉ូថាជាទឹកដីរបស់ខ្លួន ដែលធ្វើមានភាពតានតឹងកើតមានឡើងឥតឈប់ឈររវាងរដ្ឋទាំងពីរ ដែលមានកូសូវ៉ូគាំទ្រដោយលោកខាងលិច និងស៊ែប៊ីគាំទ្រដោយរុស្ស៊ី៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ Serbia, Kosovo agree on implementation of EU-backed agreement to normalize ties