ចិនថ្កោលទោសចំពោះដំណើរទស្សនកិច្ចរបស់សមាជិកសភាអង់គ្លេសទៅកាន់កោះតៃវ៉ាន់
ប៉េកាំង៖ ស្ថានទូតចិនប្រចាំចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យ បានថ្កោលទោសដំណើរទស្សនកិច្ចរបស់សមាជិកសភាអង់គ្លេសទៅកាន់កោះតៃវ៉ាន់ ដោយនិយាយថាពួកគេនៅតែទទូចចង់ទៅតៃវ៉ាន់ ទោះបីជាទីក្រុងប៉េកាំងប្រឆាំងដាច់អហង្ការយ៉ាងណាក៏ដោយ។
ការថ្កោលទោសនេះធ្វើឡើងមុនសមាជិកសភាអង់គ្លេសចំនួនប្រាំមួយរូបពីក្រុមសភាគ្រប់ភាគីទទួលបន្ទុកកិច្ចការអង់គ្លេស-តៃវ៉ាន់(APPGs) ធ្វើទស្សនកិច្ចទៅទីក្រុងតៃប៉ិនៅថ្ងៃចន្ទនេះ ដោយនឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន។
សេចក្តីថ្លែងការណ៍មួយរបស់ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍បានលើកឡើងថា សមាជិកសភាអង់គ្លេសបានទទូចចង់ធ្វើទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់ចិន ដែលនេះគឺជាការជ្រៀតជ្រែកទាំងស្រុងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងជាសញ្ញាខុសធ្ងន់ធ្ងរទៅកាន់កងកម្លាំងផ្តាច់ខ្លួនដើម្បីឯករាជ្យរបស់តៃវ៉ាន់។
ស្ថានទូតបន្តយ៉ាងដូច្នេះថា៖ «យើងចង់ប្រាប់អ្នកនយោបាយអង់គ្លេសដែលពាក់ព័ន្ធថា ទង្វើណាមួយដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន នឹងត្រូវប្រឈមមុខជាមួយចិនយ៉ាងខ្លាំងក្លា»។ ប៉ុន្តែស្ថានទូតមិនបានបញ្ជាក់លម្អិតថាការប្រឈមមុខនោះជាអ្វីនោះទេ។
គួររំឭកថា ចិនតែងតែថ្កោលទោសចំពោះការធ្វើដំណើរទស្សនកិច្ចរបស់មន្រ្តីលោកខាងលិច ទៅកាន់កោះតៃវ៉ាន់ ដោយហេតុថាវាជាសញ្ញាគាំទ្រឯករាជ្យភាពរបស់កោះស្វ័យគ្រប់គ្រងមួយនេះ។
ចិនទទូចចាត់ទុកថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ច ដើម្បីសង្កត់លើការទាមទារនេះ។ ចំណែករដ្ឋាភិបាលតៃវ៉ាន់ច្រានចោលការទាមទារ ដោយសម្អាងថា មានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចអនាគតរបស់ពួកគេ។
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ China Condemns British MPs for Ignoring Demand Not to Visit Taiwan