តុលាការ​កូវ៉ែត​លុបចោលលទ្ធផលបោះឆ្នោត​ឆ្នាំ​២០២២ ហើយអនុញ្ញាតឱ្យ​សភាអាណត្តិមុនមានអំណាចឡើងវិញ​

កូវ៉ែត៖​ តុលាការធម្មនុញ្ញរបស់ប្រទេសកូវ៉ែតបានសម្រេចថា ការបោះឆ្នោតសភាកាលពីខែកញ្ញា ឆ្នាំមុន ដែលគណបក្សប្រឆាំងទទួលបានអាសនៈច្រើនជាងនោះ ត្រូវបានចាត់ទុកជាមោឃៈ។ មិនត្រឹមតែប៉ុណ្ណោះ តុលាការនេះក៏បានប្រកាសសម្រេចឱ្យសភាដែលត្រូវបានបង្កើតឡើងកាលពីអាណត្តិមុន អាចត្រឡប់មកកាន់អំណាចឡើងវិញផងដែរ។

ការសម្រេចរបស់តុលាការកូវ៉ែតកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើឡើងចំពេលដែលជម្លោះកើតឡើងសារជាថ្មីរវាងសភា និងរដ្ឋាភិបាលជាប់ឆ្នោត។ ការសម្រេចនេះក៏បានធ្វើឡើងបន្ទាប់ពីបានតែងតាំងនាយករដ្ឋមន្រ្តីសារជាថ្មីម្ដងទៀតកាលពីដើមខែមីនានេះ ដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីបានរំសាយខ្លួនកាលពីខែមករាដើមឆ្នាំ ដោយសារតែត្រូវប្រឈមមុខជាមួយសភាកូវ៉ែត។

កាលពីខែកញ្ញា ឆ្នាំ២០២២ ព្រះអង្គម្ចាស់នៃប្រទេសកូវ៉ែតបានធ្វើការរំលាយសភាអាណត្តិមុនចោល និងបានរៀបចំឱ្យមានការបោះឆ្នោតមុនកាលកំណត់ក្នុងគោលបំណងដើម្បីបញ្ចប់ជម្លោះនយោ​បាយ​​ក្នុងផ្ទៃក្នុងដែលអូសបន្លាយពេលយ៉ាងយូរ និងដែលបានរារាំងដល់កំណែទម្រង់សារពើពន្ធប្រចាំឆ្នាំទៀតផង។

ជាលទ្ធផល គណបក្សប្រឆាំងទទួលបានកៅអីចំនួន ២៨ ក្នុងចំណោម ៥០ អាសនៈ ដែលចំនួននេះបានផ្តល់ឱ្យពួកគេនូវសំឡេងភាគច្រើននៅក្នុងសភា។ ការបោះឆ្នោតនេះក៏បានបង្ហាញពីជ័យជម្នះរបស់បណ្ដាឥស្សរជននយោបាយមកពីគណបក្សប្រឆាំង ដែលភាគច្រើនតែងតែព្យាយាមស្ថិតនៅក្រៅឆាកនយោបាយអស់ជាច្រើនឆ្នាំកន្លងមកនេះ ព្រោះពួកគេបានចោទប្រកាន់ថា ពួកគេតែងទទួលបានការធ្វើទុក្ខបុកម្មេញពីសំណាក់អាជ្ញាធរកាន់អំណាច។

យ៉ាងណាក៏ដោយ ចៅក្រមម្នាក់ឈ្មោះថាលោក Mohammad bin Naji បានលើកឡើងកាលពីថ្ងៃអាទិត្យថា «តុលាការបានប្រកាសរំលាយសភាជាមោឃៈ ហើយបានលុបចោលលទ្ធផលបោះឆ្នោតមុនកាលកំណត់ដែលបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០២២»។ លោក​បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុង​អង្គប្រជុំ​តុលាការថា «​សិទ្ធិ​អំណាចរបស់សភា​កាលពីអាណត្តិមុន​នឹង​ត្រូវ​បានផ្ដល់ជូនឡើង​វិញ​គិត​ត្រឹម​ថ្ងៃ​នៃ​សេចក្ដី​សម្រេចរបស់តុលាការ​នេះ​»។

មេធាវីកូវ៉ែតម្នាក់ទៀតឈ្មោះថា Nawaf Al-Yassin បានថ្លែងថា «សេចក្តីសម្រេចនេះធ្វើឡើងទៅតាមបណ្តឹងឧទ្ធរណ៍ដែលពាក់ព័ន្ធនឹងការបោះឆ្នោតជាច្រើន»។ លោកបានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «បណ្តឹងឧទ្ធរណ៍ទាំងអស់នោះ ភាគច្រើនលើកឡើងអំពីអសុពលភាពនៃដំណើរការបោះឆ្នោត និងក្រឹត្យដែលបានដាក់ចេញអនុញ្ញាតឱ្យរៀបចំការបោះឆ្នោត រួមទាំងក្រឹត្យដែលបានដាក់ចេញដើម្បីរំលាយរដ្ឋសភាអាណត្តិមុន»។

ប្រទេសកូវ៉ែត ដែលជាប្រទេសផលិត និងនាំចេញប្រេងនៅក្នុងប្លុកអង្គការអូប៉ិក (OPEC) មួយនេះ ក៏ធ្លាប់មានប្រវត្តិរំលាយគណបក្សនយោបាយផងដែរ ប៉ុន្តែប្រទេសនេះហាក់បានផ្តល់ឱ្យស្ថាប័ននីតិប្បញ្ញត្តិរបស់ខ្លួនមានឥទ្ធិពលជាងស្ថាប័នដទៃទៀត បើធៀបទៅនឹងប្រទេសរាជាធិបតេយ្យផ្សេងទៀតនៅក្នុងតំបន់ឈូងសមុទ្រ។

គួរដឹងដែរថា ជម្លោះនយោបាយនៅក្នុងប្រទេសកូវ៉ែតបានកើតមានឡើងជាញឹកញាប់ និងបាននាំឱ្យមានការរុះរើគណៈរដ្ឋមន្ត្រី និងការរំលាយសភា ដូច្នេះវាគឺជាឧបសគ្គមួយរារាំងដល់ការវិនិយោគ និងកំណែទម្រង់ផ្សេងៗ ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើប្រាក់ចំណូលជាតិដែលបានមកពីការលក់ប្រេង។

សមាជិកសភាមួយរូបមកពីសភាដែលត្រូវបានរំលាយ លោក Abdullah Al-Turaiji បានសម្ដែងការយល់ស្របចំពោះចំណាត់ការនេះ ដោយលោកយល់ឃើញថា នេះជាការកែកំហុសរបស់រដ្ឋាភិបាលក្នុងការប្រាស្រ័យទាក់ទងជាមួយសភា។ យ៉ាងណាក៏ដោយ គេមិនភ្លេចនោះទេថាស្ថិរភាពនយោបាយនៅប្រទេសកូវ៉ែត គឺត្រូវពឹងផ្អែកទាំងស្រុងទៅលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងសភា។

គួរកត់សម្គាល់ថា ខណៈដែលការដឹកនាំរបស់ប្រទេសកូវ៉ែតបានឆ្លើយតបទៅនឹងការទាមទាររបស់គណបក្សប្រឆាំងមួយចំនួនក្ដី ដូចជាការលើកលែងទោសដល់អ្នកទោសនយោបាយប្រឆាំ​ង ប៉ុន្តែសំណើកំណែទម្រង់សំខាន់ៗ ដូចជាច្បាប់បំណុលសាធារណៈ នៅតែបន្តប្រឈមមុខនឹងការជាប់គាំង អនុម័តមិនចេញនៅឡើយ៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភព៖ Kuwait court nullifies 2022 vote, reinstates previous parliament

ads banner