អ៊ីរ៉ង់ស្នើកំណត់ទីតាំងជំនួបកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទៅកាន់អារ៉ាប៊ីសាអូឌីតបន្ទាប់ពីប្រទេសទាំងពីរមានទំនាក់ទំនងការទូតឡើងវិញ
តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានលើកឡើងថា «រដ្ឋាភិបាលអ៊ីរ៉ង់បានស្នើទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នូវទីតាំងចំនួនបីកន្លែងសម្រាប់រៀបចំកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីការបរទេសមួយ»។ នេះបើយោងតាមសារចុងក្រោយបង្អស់ដែលលោកបានលើកឡើងជាមួយរដ្ឋាភិបាលទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីប្រទេសទាំងពីរបានយល់ព្រមស្ដារទំនាក់ទំនងគ្នាឡើងវិញ។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតេហេរ៉ង់ (Tehran)ឱ្យដឹងថា ប្រទេសអ៊ីរ៉ង់បានយល់ព្រមចំពោះជំនួបប្រជុំមួយនេះ ប៉ុន្តែរដ្ឋមន្ត្រីរូបនេះ មិនបានបា្រប់ឱ្យបានដឹងអំពីទីតាំងទាំងបី ឬថាតើកិច្ចប្រជុំនេះអាចនឹងប្រព្រឹត្តទៅនៅពេលណានោះទេ។
ដោយឡែក ជំនួយការរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានលើកឡើងថា នៅក្នុងលិខិតសម្ដែងការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងកាលពីថ្ងៃទី១០ ខែមីនា ស្តេចអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Salman bin Abdulaziz បានអញ្ជើញលោក រ៉ៃស៊ី ឱ្យធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងរីយ៉ាដ។
គួរបញ្ជាក់ដែរថា កិច្ចព្រមព្រៀងនោះធ្វើឡើងដើម្បីស្តារទំនាក់ទំនងឡើងវិញក្នុងរយៈពេលពីរខែ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានកាត់ផ្ដាច់អស់ជាច្រើនឆ្នាំមកនេះ។
លោក Mohammad Jamshidi អនុប្រធានការិយាល័យប្រធានាធិបតីអ៊ីរ៉ង់បានបង្ហោះសារនៅលើបណ្ដាញ Twitter ដោយមិនបានបញ្ជាក់ពីពេលវេលាជាលាក់ថា «លោកប្រធានាធិបតី រ៉ៃស៊ី បានស្វាគមន៍ចំពោះការអញ្ជើញមួយនេះ»។
ចំណែកការិយាល័យទំនាក់ទំនងរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតមិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយបន្ថែមនោះទេ។ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក៏មិនទាន់បានរាយការណ៍អំពីលិខិតអញ្ជើញនោះដែរ។
កិច្ចព្រមព្រៀងរវាងប្រទេសមហាអំណាចមូស្លីមនិកាយស៊ុននី និងនិកាយស៊ីអ៊ីត ដែលមានការសម្របសម្រួលដោយប្រទេសចិន ត្រូវបានប្រកាសជាសាធារណៈបន្ទាប់ពីកិច្ចចរចាបិទទ្វាត្រូវបានប្រព្រឹត្តទៅនៅក្នុងទីក្រុងប៉េកាំងអស់រយៈពេលបួនថ្ងៃ រវាងមន្ត្រីសន្តិសុខកំពូលមកពីមហាអំណាចមជ្ឈិមបូព៌ាទាំងពីរប្រទេសដែលជាគូប្រជែងនឹងគ្នា។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ក៏បានបញ្ជាក់បន្ថែមផងដែរថា ទីក្រុងតេហេរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំបើកស្ថានទូតឡើងវិញ។
គួររម្លឹកថា អារ៉ាប៊ីសាអូឌីតបានកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់កាលពីឆ្នាំ២០១៦ ដោយសារតែស្ថានទូតរបស់ខ្លួននៅទីក្រុងតេហេរ៉ង់ ត្រូវបានឈ្លានពានអំឡុងពេលមានជម្លោះរវាងប្រទេសទាំងពីរ ជុំវិញការប្រហារជីវិតបព្វជិតមូស្លីមនិកាយស៊ីអ៊ីតម្នាក់នៅទីក្រុងរីយ៉ាដ។
រដ្ឋមន្ត្រីរូបនេះដដែលបានរម្លេចថា អ៊ីរ៉ង់ក៏សង្ឃឹមផងដែរថា ដំណើរឆ្ពោះទៅមុខប្រកដោយភាពវិជ្ជមានក្នុងការភ្ជាប់ទំនាក់ទំនងការទូតនេះក៏នឹងអាចកើតមានឡើងជាមួយប្រទេសបារ៉ែន ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយក៏ជាប្រទេសដែលបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ ផ្អែកតាមការសម្រេចរបស់រដ្ឋាភិបាលទីក្រុងរីយ៉ាដកាលពីឆ្នាំ២០១៦។
ប្រទេសបារ៉ែន ដែលជាប្រទេសដឹកនាំដោយរបបរាជាធិបតេយ្យ ត្រូវបានគ្រប់គ្រងដោយក្រុមមូស្លីមនិកាយស៊ុននី ដែលមានប្រជាជនភាគច្រើនជានិកាយស៊ីអ៊ីត។ ប្រទេសនេះធ្លាប់បានចោទប្រកាន់អ៊ីរ៉ង់ម្តងហើយម្តងទៀតថា អ៊ីរ៉ង់បានបង្កភាពចលាចលនៅក្នុងរដ្ឋរបស់ខ្លួន ប៉ុន្តែទីក្រុងតេហេរ៉ង់តែងតែបដិសេធចំពោះការចោទប្រកាន់មួយនេះទាំងស្រុង។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានមានប្រសាសន៍ថា «កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងបានសម្រេចកាលពីពីរខែមុន ក្នុងការអញ្ជើញគណៈប្រតិភូបច្ចេកទេសរបស់អ៊ីរ៉ង់ និងបារ៉ែន បំពេញទស្សនកិច្ចនៅស្ថានទូតនៃប្រទេសទាំងពីរទៅវិញទៅមក។ យើងសង្ឃឹមថា ឧបសគ្គមួយចំនួនរវាងអ៊ីរ៉ង់ និងបារ៉ែននឹងត្រូវបានលុបចោល ហើយយើងនឹងចាត់វិធានការជាមូលដ្ឋានដើម្បីបើកស្ថានទូតឡើងវិញ»។
ប៉ុន្តែការិយាល័យទំនាក់ទំនងរដ្ឋាភិបាលរបស់ប្រទេសបារ៉ែនមិនបានធ្វើការឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ក្រុមអ្នកសារព័ត៌មាន Reuters នោះទេ។ យ៉ាងណាក៏ដោយ ប្រទេសបារ៉ែន ក៏ដូចជាបណ្ដារដ្ឋផ្សេងៗទៀតដែលស្ថិតនៅតាមឈូងសមុទ្រអារ៉ាប់ បានសម្ដែងការស្វាគមន៍គាំទ្រចំពោះកិច្ចព្រមព្រៀងស្ដារទំនាក់ទំនងឡើងវិញរវាងទីក្រុងរីយ៉ាដ និងទីក្រុងតេហេរ៉ង់៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភព៖ Iran proposes locations to Saudi Arabia for ministerial talks