សម្ដេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍គន្លឹះមួយចំនួនសម្រាប់ប្រតិបត្តិករនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីបន្តជំរុញអនុវត្តដំណាក់កាលចុងក្រោយនេះ ឱ្យសម្រេចបានជោគជ័យ តាមការគ្រោងទុក

ភ្នំពេញ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីបន្តជំរុញអនុវត្តដំណាក់កាលចុងក្រោយនៃកម្មវិធីកែទម្រង់នេះ ឱ្យសម្រេចបានជោគជ័យតាមការគ្រោងទុក ។

អនុសាសន៍គន្លឹះ របស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃគ្រប់ក្រសួង-ស្ថាប័ន ដែលជាតួអង្គនិម្មាបនករ និងប្រតិបត្តិករនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដូចខាងក្រោម ៖

ទី១-ត្រូវបង្កើនភាពជាម្ចាស់ក្នុងការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួង-ស្ថាប័ន ដោយរដ្ឋមន្ត្រី និងប្រធានស្ថាប័ន ត្រូវជំរុញអនុវត្ត ប្រកបដោយភាពជាម្ចាស់ នូវកិច្ចការកែទម្រង់ការ- គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទៅតាមគោលការណ៍ រួមរបស់រាជរដ្ឋាភិបាល ។ ការគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការសម្រេចបាននូវគោលបំណង និងបេសកកម្មរបស់ក្រសួង-ស្ថាប័ន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ។ ឤស្រ័យនេះ គ្រប់ក្រសួង-ស្ថាប័ន ទាំងអស់ ត្រូវចាត់ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ជាការងារដែលត្រូវតាមដានការអនុវត្ត ជាប្រចាំ ។ ការកែទម្រង់ ត្រូវផ្តើមចេញជាសំខាន់ ពីការពង្រឹងភាពជាអ្នកដឹកនាំ និងការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ដោយផ្តោតទៅលើការសម្រេចនូវលទ្ធផល ស្របគ្នានឹងការពង្រឹងសមត្ថភាព ធនធានមន្ត្រីរាជការនៅក្រោមឱវាទ ។

ទី២-ត្រូវផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់ការត្រៀម រៀបចំគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យបាននូវ «ការអនុវត្តជាមូលដ្ឋាន» នូវថវិកាព័ត៌មានសមិទ្ធិកម្ម យ៉ាងយូរនៅឆ្នាំ ២០២៦ ខាងមុខ ស្របតាមគោលដៅកំណត់នៃ«យុទ្ធសាស្ត្រនៃការកែទម្រង់ ប្រព័ន្ធថវិកាជាតិ» របស់រាជរដ្ឋាភិបាល ។ ច្បាស់ណាស់ថាការកែទម្រង់ប្រព័ន្ធថវិកាជាតិ គឺជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដោយសារថវិកា គឺជាឧបករណ៍គន្លឹះ សម្រាប់រដ្ឋាភិបាលនៃប្រទេសនីមួយៗប្រើបា្រស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការប្រមែប្រមូលធនធាន របស់ជាតិ ប្រកបដោយចីរភាព និងការវិភាជធនធាន ទាំងនោះបម្រើឱ្យការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ។

ទី៣-ត្រូវបន្តពង្រឹងយន្តការសម្របសម្រួលសង្គតិ្តភាព និងភាពប្រទាក់ក្រឡាគ្នា រវាងកម្មវិធីកែទម្រង់សំខាន់ៗទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេស គឺកម្មវិធីកែទម្រង់ ៣ បូក ១ ស្របតាមឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្រ្តស្តីពីសុខដុមនីយកម្ម ការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល» ដែលខ្ញុំបានសម្រេចដាក់ឱ្យអនុវត្តនាពេលថ្មីៗ កន្លងទៅ ។ អភិបាលកិច្ចល្អ ត្រូវការសមាសធាតុ សំខាន់ទាំងបួន ដែលជាកម្មវត្ថុនៃកិច្ចការកែទម្រង់ ៣ បូក ១ នេះ ពោលគឺ ៖ (១). ការគ្រប់គ្រងធនធាន ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព (២).ធនធានមនុស្ស និងស្ថាប័នសាធារណៈ ប្រកបដោយគុណភាព ភាពស្អាតស្អំ និងសមត្ថភាព (៣).ការកំណត់បែងចែកមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ និងការសម្រប- សម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព និង(៤).ប្រព័ន្ធច្បាប់ និងយុត្តិធម៌ ប្រកបដោយ ប្រសិទ្ធភាព ។ ក្នុងន័យនេះយើងពិតជាមានតម្រូវការចាំបាច់ ក្នុងការធានានូវសុខដុមភាព សង្គត្តិភាព ភាពប្រទាក់ក្រឡា និងការបំពេញគ្នាទៅវិញទៅមកនៃក្របខ័ណ្ឌកម្មវិធី កែទម្រង់ ៣ បូក ១ នេះ ។

ទី៤-ត្រូវបន្តជំរុញឱ្យបានរីកចម្រើននូវវិស័យឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដោយបន្ស៊ី និងប្រទាក់ក្រឡាគ្នា ជាមួយនឹងកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាជាមួយកម្មវិធីកែទម្រង់ផ្សេងទៀតរបស់រាជរដ្ឋាភិបាល ។

ទី៥. ត្រូវបន្តប្រកាន់ខ្ជាប់នូវ អភិក្រមការងារ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដែលជាអភិក្រមកែទម្រង់របស់មន្ត្រីរាជការ និង ថ្នាក់ដឹកនាំនៅតាមក្រសួង-ស្ថាប័ន ក្នុងគ្រប់កម្រិត ទាំងកម្រិតបច្ចេកទេស កម្រិតគ្រប់គ្រង និង កម្រិតដឹកនាំក្នុងស្មារតីភ្ញាក់រលឹក កែលម្អ និង បង្កើនប្រសិទ្ធភាពការងារ ទាំងក្នុងក្របខណ្ឌនៃការបំពេញការងារជាបុគ្គល ក៏ដូចជាការបំពេញការងារជាក្រុម ។

ទី៦-ត្រូវផ្ដល់សារៈសំខាន់លើការពង្រឹង «ភាពជាអ្នកដឹកនាំ» នៅគ្រប់កម្រិត និងជាពិសេស «ក្នុងកម្រិតថ្នាក់ដឹកនាំ»នៅក្នុងស្ថាប័ន និង អង្គភាព ពីព្រោះនេះ គឺជាកត្តាចម្បងដែលកំណត់ នូវភាពជោគជ័យ នៃការងារនៅក្នុងគ្រប់អង្គភាព និងក្រសួង-ស្ថាប័ន ទាំងសាធារណៈ និងឯកជន ។

ទី៧-ត្រូវប្រកាន់យកគោលការណ៍«គុណភាព សមត្ថភាព និងគុណាធិបតេយ្យ» ជាវប្បធម៌ការងារ ពិសេស នៅក្នុងការគ្រប់គ្រងធនធានមនុស្ស ។ ប្រការនេះ សំដៅដល់ភាពចាំបាច់ក្នុងការផ្ដល់នូវឱកាស និងការលើកទឹកចិត្ត ទាំងផ្នែកហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ ប្រកបដោយសមធម៌ និង យុត្តិធម៌ ជូនដល់មន្ត្រីបុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយផ្អែកលើគុណសម្បត្តិ ស្របតាមគុណវុឌ្ឍិ បទពិសោធន៍ សមត្ថភាព ឆន្ទៈ និងវិន័យ ក្នុងការ បំពេញការងារ ។ គោលការណ៍នេះ ត្រូវអនុវត្តមិនត្រឹមតែក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវតែក្លាយទៅជាគោលការណ៍អាទិភាព មួយរបស់រាជរដ្ឋាភិបាលសម្រាប់ពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ននៅគ្រប់កម្រិត ។

ទី៨-ត្រូវពង្រឹងយន្តការ «តាមដាន ត្រួតពិនិត្យ និង វាយតម្លៃ» នៅគ្រប់កម្រិត និងឱ្យបានទូលំទូលាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់ជាឧបករណ៍ ដើម្បីកំណត់ចំណុចខ្លាំង ចំណុច ខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាព នៃរាល់ការអនុវត្តន៍ផែនការសកម្មភាពការងារ ។ ម្យ៉ាងទៀត យន្តការនេះក៏ជាមធ្យោបាយដ៏សំខាន់មួយ សម្រាប់ចូលរួមពង្រឹង «គណនេយ្យភាព សមិទ្ធកម្ម» ផងដែរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner