សម្ដេចតេជោ ហ៊ុន សែន៖ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រមាណ ២០ឆ្នាំមកនេះ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា
ភ្នំពេញ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានមាប្រសាសន៍ថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ ២០ ឆ្នាំកន្លងទៅនេះ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម- សេដ្ឋកិច្ចរបស់កម្ពុជា ។
សម្ដេចតេជោ បានបន្តថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម មានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹងសមិទ្ធកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬថវិកាជាតិ ។ នៅឆ្នាំ២០០៣ មុនការចាប់ផ្ដើមអនុវត្តកម្មវិធីកែទម្រង់នេះ ចំណូលថវិកាជាតិសរុប មានប្រមាណតែ ១ ៨២១ប៊ីលានរៀលប៉ុណ្ណោះ រីឯចំណាយថវិកាជាតិមានប្រមាណ ២៩៩៤ប៊ីលានរៀល ។ រយៈពេល ២០ ឆ្នាំក្រោយ ចំណូលថវិកាជាតិ ក្នុងឆ្នាំ ២០២៣ ត្រូវបានប៉ាន់ស្មានថា នឹងមានរហូតដល់ ៣២ ៩៣៦ ប៊ីលានរៀល ឯណោះ រីឯចំណាយថវិកាជាតិសរុបមានប្រមាណ ៤១ ៥៣៧ ប៊ីលានរៀល ។
សម្ដេចបន្ថែមថា សូចនាករសមិទ្ធកម្មដ៏ល្អប្រសើរនេះ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យកម្ពុជាទទួលបាន កំណើន និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូល មធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងកំពុងបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូល កម្រិតខ្ពស់នៅឆ្នាំ ២០៥០ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាន៍ទៀតថា សមិទ្ធកម្មដ៏ប្រសើរនេះ ក៏បានផ្ដល់លទ្ធភាពកាន់តែខ្ពស់ ជូនរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាលើកកម្ពស់ជីវភាព និង គុណភាពរបស់មន្ត្រីរាជការ ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើង តាមរយៈអាទិភាពចំនួន ៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណ គឺ «មនុស្ស ផ្លូវ ទឹក និងភ្លើង» ដែលសំដៅដល់ការកសាង និងការអភិវឌ្ឍឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងមិនមែនរូបវន្តលើគ្រប់វិស័យ ។ រឹតតែសំខាន់ជាងនេះ សមិទ្ធផលទាំងអស់នេះ គឺជាកត្តារួមចំណែកដ៏ធំធេង ក្នុងការ កាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលមានការធ្លាក់ចុះជាលំដាប់ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ