សម្ដេចតេជោ ហ៊ុន សែន សន្ដិភាព គឺជាបុរេលក្ខខណ្ឌជាសកល និងជាបរិយាកាសចម្បងមិនអាច ខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិក្នុងគ្រប់ផ្នែក គ្រប់វិស័យ
ភ្នំពេញ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានមាប្រសាសន៍ថា ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា បាន និងកំពុងបន្ត ឈានឡើងជាលំដាប់ ឥតឈប់ឈរនៅលើមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយក្ដីសង្ឃឹម ។ ផ្លែផ្កាជាសមិទ្ធផលទទួលបាន នាបច្ចុប្បន្ន ដុះចេញពីឫសគល់ដែលជាមូលដ្ឋានគ្រឹះពីអតីតកាល នោះគឺការបញ្ចប់ជាស្ថាពរនូវសង្គ្រាម និងការធានា បាននូវសុខសន្ដិភាពបរិបូរណ៍ពេញផ្ទៃប្រទេស ។
សម្ដេចបញ្ជាក់ថា សន្ដិភាព គឺជាបុរេលក្ខខណ្ឌជាសកល និងជាបរិយាកាសចម្បងមិនអាច ខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការ រីកចម្រើនជឿនលឿនរបស់ប្រទេសជាតិក្នុងគ្រប់ផ្នែក គ្រប់វិស័យ រួមបញ្ចូលទាំងការផ្ដល់ឱកាសដល់ការកែលម្អ ឬ កែទម្រង់រចនាសម្ព័ន្ធ និងអភិបាលកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត ផងដែរ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។
សម្ដេចតេជោ បានបន្តថា កន្លងមកយើងមិនបានរង់ចាំទាល់តែ ទទួលបានសុខសន្ដិភាពបរិបូរណ៍ពេញផ្ទៃប្រទេស ទើបចាប់ផ្ដើមកិច្ចការកែទម្រង់នោះទេ ។ ផ្ទុយទៅវិញ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ យើងបានចាប់ផ្ដើមធ្វើការកែទម្រង់លើគោលនយោបាយរបស់យើងជាបន្តបន្ទាប់ ដោយផ្ដោតលើអាទិភាពបន្ទាន់ទាំងឡាយស្របតាមបរិការណ៍ និងកាលៈទេសៈ នៃសម័យកាលនីមួយៗ ចាប់តាំងពីក្រោយការ ដួលរលំនៃរបបប្រល័យពូជសាសន៍មកម្ល៉េះ ។ យ៉ាងណាមិញ សុខសន្ដិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិពេញផ្ទៃប្រទេស ដែលយើងសម្រេចបានមកដោយលំបាកបំផុត បានផ្ដល់ឱកាសឱ្យយើងអាចកែលម្អ និងស្ថាបនាបន្ថែមទៀត លើប្រព័ន្ធអភិបាលកិច្ចរបស់យើង តាមរយៈការរៀបចំការងារ កែទម្រង់ជាប្រព័ន្ធ និងក្នុងលក្ខណៈជាកម្មវិធីរយៈពេលវែង ដែលមានការកំណត់ចក្ខុវិស័យវែងឆ្ងាយ មានការបែងចែក ជាដំណាក់កាលប្រកបដោយភាពជាក់ស្ដែងនិយម ជាមួយនឹង គោលដៅជាក់លាក់ ព្រមទាំងមានរចនាសម្ព័ន្ធដឹកនាំ និង មានយន្តការអនុវត្តច្បាស់លាស់ ។ យុទ្ធសាស្ត្រនេះបានបង្ហាញ អំពីសេចក្ដីក្លាហាន មហិច្ឆតា និងឆន្ទៈមោះមុតរបស់រាជរដ្ឋា- ភិបាលកម្ពុជាលើការកែទម្រង់ដោយតម្រូវទៅតាមបរិបទកម្ពុជា និងឆ្លើយតបបានតាមសេចក្ដីត្រូវការរបស់កម្ពុជា ប្រកបដោយ មោទនភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ