រដ្ឋមន្រ្តីការងារ មើលឃើញថា បច្ចុប្បន្ននេះអាណាព្យាបាលសិស្សស្ទើទាំងអស់ យកចិត្តទុកដាក់បញ្ជូនកូនចៅទៅសិក្សារៀនសូត្រ ឱ្យមានចំណេះដឹងខ្ពង់ខ្ពស់

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ឱពុកម្តាយ ក៏ដូចជាអាណាព្យាបាលសិស្ស បានយកចិត្តទុកដាក់បញ្ជូនកូនចៅចូលសិក្សារៀនសូត្រ ដែលរូបភាពទាំងនេះ ពិតជាបង្កើតបាននូវវប្បធម៌ដ៏ល្អមួយ ជាមោទកភាពសម្រាប់ជាតិរបស់យើង ដែលកម្ពុជានឹងសំបូរធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃការរីកលូតលាស់យ៉ាងឆាប់រហ័សរបស់ពិភពលោក។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង លើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យគណៈគ្រប់គ្រងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយឯកឧត្តម ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

ជាមួយនឹងនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបានធ្វើការវិនិយោគលើប្រព័ន្ធអប់រំមួយនេះ ឱ្យមានការរីកចម្រើន ហើយបានពង្រីកវិសាលភាពនៅទូទាំងប្រទេស ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាវិស័យអាទិភាពដ៏ចាំបាច់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ចំណែកវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏បានធ្វើការកំណែទម្រង់ជាបន្តបន្ទាប់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សឱ្យបានឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងលឿនរបស់កម្ពុជាផងដែរ។

ឯកឧត្តម ហេង វ៉ាន់ដា បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលជានិច្ចកាលបានផ្តល់ឱកាសឱ្យខាងសមាគមចូលរួមពិភាក្សាការងារ ជាការផ្លាស់ប្តូរយោបល់ និងដោះស្រាយបញ្ហាមួយចំនួន។ ជាមួយនេះដែរ ខាងតំណាងសមាគមបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ពីប្រវត្តិ និងវឌ្ឍនភាពរបស់សមាគម ដោយបច្ចុប្បន្នសមាគមមានសមាជិកចំនួន ១២០គ្រឹះស្ថាន-សាលា ដោយបង្កើតឡើងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជួយពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា ព្រមទាំងផ្លាស់ប្តូរមតិយោបល់ជាមួយស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះយន្តការ និងសកម្មភាពនានារបស់សមាគម ដែលបានចូលរួមនៅក្នុងកិច្ចការងារយ៉ាងច្រើន ទាំងបុព្វហេតុរក្សាស្ថេរភាព និងសន្តិភាពរបស់កម្ពុជា។ ទន្ទឹមនេះ ដើម្បីអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ជូនដល់យុវជនចំនួន ១លាន ៥សែននាក់ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ(TVET) ក្រោមឱវាទរបស់ក្រសួងការងារ ធ្វើការបណ្តុះបណ្តាលយុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈនេះ ឱ្យមានគុណភាព ដើម្បីបង្កើតអាជីពសម្រាប់ខ្លួនផ្ទាល់ និងនៅតាមបណ្តារោងចក្រ សហគ្រាសផ្សេងៗដែលមានតម្រូវការ។

មិនតែប៉ុណ្ណោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ជូន សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហការកាន់តែល្អជិតស្និទ្ធបន្តទៀតជាមួយគ្នា ដើម្បីសម្រួលដល់ការលំបាក ដោះស្រាយនូវរាល់សំណូមពរនានាឱ្យបានកាន់តែប្រសើរ៕ ប្រភព ៖ ក្រសួងការងារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner