កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត ៖ ព្រៃឈើជួរភ្នំក្រវាញ ជាប្រភពរក្សាតុល្យភាព អាកាសធាតុជាសកល

(ភ្នំពេញ)៖ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance ) បានបញ្ជាក់ថា ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញដែលគ្របទៅដោយព្រៃស្រោងក្រាស់ មានពណ៌បៃតងគ្រប់រដូវកាល គឺជាជួរព្រៃធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានផ្តល់សារសំខាន់ចំពោះការរក្សា តុល្យភាពអាកាសធាតុរបស់សកលលោកទាំងមូល និងជាប្រភពទាញទឹកភ្លៀង និងថាមពលអគ្គិសនី ដ៏សំខាន់សម្រាប់កម្ពុជា ។

កញ្ញាបណ្ឌិត ស៊ូវណ្ណា បានថ្លែងថា៖ «ព្រៃឈើនៃភ្នំក្រវាញ ប្រៀបដូចជាម៉ូទ័របូមទឹកដ៏ធំមួយសម្រាប់កម្ពុជា ដែលបានទាញយកពពកពីតំបន់មហាសាគរចូលមកស្រោចស្រពលើផ្ទៃដី ព្រមទាំងជាឆ្នាំងសាកធុងអាគុយ របស់កម្ពុជា ដោយសារនៅតំបន់ជួរភ្នំក្រវាញមានស្ទឹងធំៗរហូតដល់២២ ព្រមទាំងមានអូរបឹងបួរតូចៗ ជាច្រើនរយទៀត ដែលជាប្រភពទឹក និងបានបង្កើតនូវទំនប់វារីអគ្គិសនីដ៏ច្រើន ជាមួយសមត្ថភាពផលិត ថាមពលអគ្គិសនីសរុបប្រមាណ២០ភាគរយ នៃបរិមាណសរុបនៅទូទាំងប្រទេស»។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងកម្មវិធីនៃ «ដំណើរទស្សនាចរសត្វព្រៃ» ដែលបានមកដល់រាជធានីភ្នំពេញ នៅផ្សារទំនើបអ៊ីអន សែនសុខ កាលពីល្ងាចថ្ងៃទី១៩ ខែមីនា បន្ទាប់ពីបានរៀបចំនៅតាមតំបន់ជួរភ្នំក្រវាញ មានដូចជា៖ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងនៅស្រុក ថ្មបាំង ខេត្តកោះកុង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃព្រៃឈើតំបន់ជួរភ្នំក្រវាញ។

ដំណើរទស្សនាចរសត្វព្រៃនេះ បានផ្សារភ្ជាប់យុទ្ធនាការការពារព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ឱ្យមាន និរន្តរភាព ការបញ្ឈប់ការដាក់អន្ទាក់ចាប់សត្វព្រៃ(អន្ទាក់សូន្យ) និងការស្តារសត្វខ្លាធំឡើងវិញ ខណៈគម្រោងរេដបូកដែលរក្សាព្រៃឈើឈរ បានបង្កើតប្រាក់ចំណូលពីការលក់ឥណទានកាបូន ចាក់ចូល សេដ្ឋកិច្ចជាតិ និងសហគមន៍ដោយផ្ទាល់។

កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានសម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដោយមានខេត្ត ចំនួន៣រួមមាន៖ ខេត្តកោះកុង (ស្រុកថ្មបាំង) ខេត្តកំពង់ស្ពឺ(ស្រុកឱរ៉ាល់) និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង និងស្រុកភ្នំក្រវាញ) ដើម្បីជាទីជម្រកនៃពពួកប្រភេទសត្វទទួលរងការគំរាមកំហែង និង ប្រភេទសត្វមានដោយកម្រជាសកល ដែលមានរហូតជាង៥០ប្រភេទមានដូចជា៖ ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ទោចម្កុដ អណ្តើកភ្នំ មាន់ក្រិច ក្ងោក និងប្រភេទឈើកម្រផ្សេងៗទៀត ខណៈបានប្រភពទឹកដ៏សំខាន់ និងជាផ្ទៃរងទឹកភ្លៀងសម្រាប់បន្តនិរន្តរភាពទឹកបឹងទន្លេសាប។

ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅតំបន់ ជួរភ្នំក្រវាញ ត្រូវបានការពារដោយការបោះបង្គោលព្រំ ការពង្រឹកកិច្ចការល្បាត លើកទឹកចិត្តការចូលរួម កិច្ចការពារពីប្រជាសហគមន៍នៅតំបន់ក្បែរនោះ ជាដើម។

សូមបញ្ជាក់ថា គម្របព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ភាគច្រើនគ្របដណ្តប់ដោយព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ដែលជាឃ្លាំងដ៏សំខាន់សម្រាប់ផ្ទុកកាបូន និងជាព្រៃល្បោះ ដែលអំណោយផល ដល់ពពួកប្រភេទសត្វកម្រ សម្រាប់ផ្តល់តម្លៃដល់ការអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈ ការអភិវឌ្ឍវិស័យថាមពល ការលក់ឥណទានកាបូន និងវិស័យទេសចរណ៍ធម្មជាតិ។ ជួរភ្នំក្រវាញ ត្រូវបានចាត់ទុកជាតំបន់សំខាន់បំផុតនៃជីវៈចម្រុះ ជាពិសេសជាច្រករបៀងដំរីដែលនៅ សេសសល់ចុងក្រោយក្នុងទ្វីបអាស៊ី និងជាទីជម្រករបស់សត្វព្រៃចំនួន៥២ប្រភេទ ដែលកំពុងរងការ គំរាមកំហែង ហើយត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធនធាន ធម្មជាតិ ហៅកាត់ថា IUCN។ ចាប់ពីឆ្នាំ២០១៦មក កម្ពុជាក៏បានរកចំណូលបានប្រមាណជាង ១១,៦លានដុល្លារអាមេរិក ពីការលក់ឥណទានកាបូនព្រៃឈើ ទៅឱ្យក្រុមហ៊ុនមានឧស្សាហកម្មបញ្ចេញផ្សែង ពុលច្រើន ដែលមានមូលដ្ឋាននៅតាមបណ្ដាប្រទេសប៉ែកអឺរ៉ុប និងសហរដ្ឋអាមេរិក៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner