កម្ពុជារៀបចំពិធីក្រុងពាលី និងសុំព្រះអគ្គីកីឡាក្នុងខេត្តសៀមរាប (Video Inside)
កម្ពុជាបានរៀបចំពិធីក្រុងពាលី និងសុំព្រះអគ្គីកីឡា ខណៈព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅតែសល់រយ:ពេល៤៦ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ព្រះរាជពិធីក្រុងពាលី និងសុំព្រះអគ្គី កីឡាសម្រាប់ការព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម បានធ្វើឡើងនៅថ្ងៃទី២០មីនានេះ ក្នុងខេត្តសៀមរាប។
ព្រះមហាក្សត្រខ្មែរសម្តេចព្រះ នរោត្តមមុនីនាថ សីហមុនី ព្រះអង្គនឹងព្រះរាជទានផ្តល់ភ្លើងគប់ ឬព្រះអគ្គីកីឡា នៅមុខប្រាសាទអង្គរវត្តនៅថ្ងៃទី២១ មីនា ឆ្នាំ២០២៣ ដើម្បីការដង្ហែរនៅជុំវិញតំបន់អាស៊ាន ក្នុងការឆ្ពោះទៅពិធីដែលនឹងបើកជាផ្លូវការ នាដើមខែឧសភាខាងមុខនេះ។ ព្រះអគ្គីកីឡា នឹងត្រូវដង្ហែចេញពីប្រាសាទអង្គរវត្ត កាត់តាមវង់តូច និងចូលមកក្រុងសៀមរាបវិញ ដោយរក្សាទុកក្នុងវត្តរាជបូណ៌, និងបន្ទាប់មកនឹង ដង្ហែចេញទៅកាន់បណ្តាប្រទេសនៅអាស៊ាន មុននឹងវិលត្រឡប់មកកម្ពុជាវិញ។
យោងតាមមន្ត្រីរៀបចំកីឡា ចាប់ពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣, កម្ពុជានឹងទទួលបានភ្ញៀវជាគណៈប្រតិភូកីឡាករដែលនឹងមកដល់ជាបណ្តើរៗ។ នៅថ្ងៃទី២៩ មេសា នឹងត្រូវចាប់ផ្តើមការប្រកួតបាល់ទាត់ និងរហូតដល់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ ពិធីប្រកាសដ៏ធំនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនឹងចាប់ផ្តើម។
មុខកីឡាដែលនឹងត្រូវដាក់ចេញប្រកួតទាំងអស់ ក្នុងកីឡាស៊ីហ្គេមដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ មានទាំងអស់ចំនួន ៣៧ ប្រភេទកីឡា។