មេដឹកនាំរុស្ស៊ី និងចិនពិភាក្សាពីជម្លោះអ៊ុយក្រែនក្នុងជំនួបក្រៅផ្លូវការនៅទីក្រុងមូស្គូ
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន លោក ស៊ី ជីនពីង បានជួបប្រជុំក្រៅផ្លូវការនៅទីក្រុងមូស្គូ នៅថ្ងៃចន្ទទី២០ ខែមីនា ឆ្នាំ២០២៣។
នៅដើមដំបូងនៃកិច្ចចរចា លោក ពូទីន បានសំដៅលើឯកសារដែលចេញផ្សាយដោយប្រទេសចិនកាលពីខែមុន ដោយអំពាវនាវឱ្យរុស្ស៊ី និងអ៊ុយក្រែនស្វែងរកកិច្ចសន្ទនា និងបទឈប់បាញ់។

លោក ពូទីន បាននិយាយថា គាត់បានសិក្សាដោយប្រុងប្រយ័ត្នលើសំណើរបស់ចិន ស្តីពីការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ លោក ពូទីន បានបង្ហាញពីឆន្ទៈក្នុងការពិភាក្សាអំពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំកំពូលដែលគ្រោងធ្វើនៅថ្ងៃអង្គារនេះ ដោយពិចារណាលើសំណើរបស់ចិន។

ចំណែកលោក ស៊ី បានកត់សម្គាល់ថា ចិន និងរុស្ស៊ី គឺជាអ្នកជិតខាងដ៏សំខាន់ និងជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ លោកថា ប្រទេសទាំងពីរមើលឃើញថា ទំនាក់ទំនងរបស់ពួកគេ គឺជាអាទិភាពខ្ពស់ នៅក្នុងផ្នែកការទូត និងគោលនយោបាយរួមរបស់ពួកគេលើកិច្ចការខាងក្រៅ។

លោក ស៊ី បន្ថែមថា ប្រទេសនីមួយៗអាចសម្រេចបាននូវគោលដៅរបស់ខ្លួន តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឥឡូវនេះការយកចិត្តទុកដាក់ គឺផ្តោតលើរបៀបដែលមេដឹកនាំទាំងពីរ នឹងដោះស្រាយវិបត្តិអ៊ុយក្រែននៅឯកិច្ចប្រជុំកំពូលជាផ្លូវការនៅថ្ងៃអង្គារនេះ៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា