នាយករដ្ឋមន្រ្តីជប៉ុននឹងជួបជាមួយលោក ហ្សេលេនស្គី នៅអ៊ុយក្រែន

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីបំពេញទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានសម្ពាធឱ្យធ្វើដំណើរទៅទីនោះ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅឆ្នាំនេះ។

ទូរទស្សន៍ជាតិជប៉ុន NHK រួមជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយនានា រួមទាំងទីភ្នាក់ងារព័ត៌មានក្យូដូ បានដកស្រង់ប្រភពពីរដ្ឋាភិបាលដែលមិនបញ្ជាក់អត្តសញ្ញាណចេញផ្សាយថា លោក គីស៊ីដា នឹងទៅដល់អ៊ុយក្រែននៅថ្ងៃអង្គារទី២១ ខែមីនានេះ បន្ទាប់ពីការពិភាក្សានៅក្នុងប្រទេសឥណ្ឌា។

ទូរទស្សន៍ជាតិ NHK បានបញ្ជាក់ថា អ្នកយកព័ត៌មានរបស់ខ្លួននៅក្នុងប្រទេសប៉ូឡូញបានថតរថយន្តដែលដឹកនាយករដ្ឋមន្ត្រីជប៉ុននៅក្នុងទីក្រុង Przemysel ពីកន្លែងដែលមេដឹកនាំបរទេសតែងតែជិះរថភ្លើងចូលទៅក្នុងអ៊ុយក្រែន។ យ៉ាងណាមិញ នៅពុំទាន់មានការបញ្ជាក់ភ្លាមៗពីមន្ត្រីរដ្ឋាភិបាលជប៉ុននៅឡើយទេ។

លោក គីស៊ីដា ជានាយករដ្ឋមន្ត្រីជប៉ុនដំបូងគេ ដែលទៅទស្សនាតំបន់សង្គ្រាមសកម្មមួយ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ សូមរម្លឹកថា កាលពីខែកុម្ភៈ ប្រទេសជប៉ុនបានប្រកាសថា ខ្លួននឹងផ្តល់ជំនួយហិរញ្ញវត្ថុថ្មីដល់អ៊ុយក្រែន ដែលមានតម្លៃ ៥.៥ប៊ីលានដុល្លារ ដោយបានផ្តល់ឱ្យប្រទេសនេះរួចជាស្រេច នូវជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់រាប់រយប៊ីលានដុល្លារ និងជំនួយផ្សេងៗទៀត។

បន្ថែមលើនេះ ជប៉ុនក៏បានចាត់វិធានការដ៏កម្រក្នុងការបញ្ជូនឧបករណ៍ការពារ និងផ្តល់ជម្រកដល់អ្នកដែលភៀសខ្លួនចេញពីជម្លោះនៅអ៊ុយក្រែនផងដែរ។ យ៉ាងណាមិញ ជប៉ុនមិនបានផ្តល់ការគាំទ្រផ្នែកយោធាទេ ពីព្រោះរដ្ឋធម្មនុញ្ញក្រោយសង្រ្គាមរបស់ប្រទេសនេះ កំណត់សមត្ថភាពយោធារបស់ខ្លួនក្នុងវិធានការការពារជាក់ស្តែង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner