កម្ពុជា ទទួលអត្ថប្រយោជន៍ យ៉ាងច្រើន ពីគម្រោង ក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមានទឹកប្រាក់ប្រមាណ ៣១លានដុល្លារអាមេរិក

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី កាបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ថា លទ្ធផលជាវិជ្ជមាននៃការអនុវត្តគម្រោង ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានឆ្លើយតបចំពោះតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ប្រជាជនយើងនៅក្នុងតំបន់មេគង្គ-ឡានឆាង។ សម្រាប់កម្ពុជា យើងបានទទួលអត្ថប្រយោជន៍ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគម្រោងចំនួន៨០ ក្រោមមូលនិធិពិសេសនេះ ដែលមានទឹកប្រាក់ប្រមាណ ៣១លានដុល្លារអាមេរិក។ វិសាលភាព នៃសកម្មភាពកិច្ចសហប្រតិបត្តិការនេះ មានភាពចម្រុះ និងគ្របដណ្តប់លើវិស័យអាទិភាពជាច្រើនរាប់ចាប់តាំងពីវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស សុខភាព ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ រហូតដល់ការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងចំណោមវិស័យអាទិភាពដទៃទៀត។

នេះបើយោងតាម សារលិខិតអបអរសាទរ “ទិវាសប្តាហ៍ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣” ដែលបណ្តាញព័ត៌មាន AMS ទទួលបាន ពីក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី២១ មីនា នេះ ។

នាឱកាសដ៏ឧត្តុង្គឧត្តមនៃខួប៧ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ៖ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវសេចក្តីស្រលាញ់រាប់អានយ៉ាងកក់ក្តៅបំផុត និងសូមជូនពរយ៉ាងស្មោះស័្មគ្រ ជូនចំពោះប្រជាជននៃបណ្តាប្រទេសមេគង្គ-ឡានឆាង សូមឱ្យមានសុខភាពល្អ ជន្មាយុយឺនយូរ និងវិបុលភាព។ ខ្ញុំមានសេចក្តីពេញចិត្តក្នុងការចែករំលែកសារផ្ទាល់ខ្លួនក្នុងឱកាស «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣» ។

នៅក្នុងបរិបទពិភពលោកកំពុងធូរស្រាលឡើងវិញពីវិបត្តិសុខភាពសកលដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងកំពុងជួបប្រទះជាមួយភាពមិនច្បាស់លាស់មួយចំនួន យើងបានពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង ឱ្យកាន់តែស៊ីជម្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមទាំងអស់នេះ ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងការបើកទូលាយក្នុងតំបន់។ ក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមកនេះ តាមរយៈការជំរុញកិច្ចសហការយ៉ាងជិតសិ្នទ្ធរវាងប្រទេសសមាជិកមេគង្គ-ឡានឆាង និងការសង្កត់ធ្ងន់លើបំណងប្រាថ្នារួមរបស់យើង ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងអនាគតរួមគ្នាប្រកបដោយវិបុលភាព យន្តការរបស់យើងរក្សាបាននូវការរីកចម្រើនលើគ្រប់រូបភាពនៃការអភិវឌ្ឍន៍ ជាពិសេសផ្តោតសំខាន់លើការកសាងភាពធន់របស់យើង តាមរយៈកំណើនប្រកបដោយចីរភាព។

ជាមួយនឹងការចាប់ផ្តើមអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣-២០២៧ យើងនឹងផ្តោតសំខាន់លើវិស័យអភិវឌ្ឍន៍ជាអាទិភាព ដោយបន្តកសាងលើសមិទ្ធិផលដ៏ធំធេងដែលសម្រេច បានពីផែនការសកម្មភាពកន្លងមក។ ខ្ញុំមានសេចក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី៧ កាលពីឆ្នាំមុន នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា ដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវស្មារតីនៃកិច្ចសហប្រតិបត្តិការល្អ សំដៅជំរុញសមាហរណកម្មនៅក្នុងអនុតំបន់របស់យើង។

ឯកឧត្តម ប្រាក់ សុខុន ថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅ ជូនចំពោះសាធារណៈរដ្ឋប្រជាមានិតចិន សម្រាប់ការប្តេជ្ញាចិត្តដ៏មុតមាំ និងការចូលរួមយ៉ាងសកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សំដៅធានាភាពជោគជ័យនៃគំនិតផ្តួចផ្តើមនេះរហូតមកដល់សព្វថ្ងៃ។

ខ្ញុំទន្ទឹងរង់ចាំនូវការវិវត្តទៅមុខនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការប្រែក្លាយយន្តការអនុតំបន់មួយនេះ ដោយមិនត្រឹមតែបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងឈានទៅសម្រេចឱ្យបាននូវខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង នៅក្នុងសហថាមភាពជាមួយនឹងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក-សមុទ្រ។

នៅក្នុងបរិបទនេះ កម្ពុជានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យក្លាយជាយន្តការមួយនៃយន្តការអនុតំបន់ដែលមានសារៈសំខាន់ សំដៅគាំទ្រដល់ពហុភាគីនិយម ដើម្បីសម្រេចបាននូវចក្ខុវិស័យ របស់ថ្នាក់ដឹកនាំយើង ក្នុងការកសាងសហគមន៍ដែលមានអនាគតរួមគ្នា ប្រកបដោយសន្តិភាព និងវិបុលភាព ៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner