រដ្ឋបាលរាជធានីភ្នំពេញត្រៀមរៀបចំ ពិធីបុណ្យកាត់ឬសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្គដ្ឋបូរី
ភ្នំពេញ៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន វត្តព្រះបារមីវង្គដ្ឋបូរី នឹងត្រូវធ្វើពិធីបុណ្យកាត់ឬសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ ពោលគឺថ្ងៃ២៤មេសាជាថ្ងៃកាត់ឬសីមា ដែលនឹងគ្រោងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោហ៊ុនសែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ។
ពិធីបុណ្យកាត់ឬសសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្គដ្ឋបូរី នឹងត្រូវធ្វើឡើង ក្នុងរយៈពេល៣យប់៤ថ្ងៃ ពោលគឺចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ខាងមុខនេះ ហើយពិធីបុណ្យនេះត្រូវធ្វើឡើងដោយភាពអធឹកអធម និងខ្ពស់ត្រដែតជាមួយនឹងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរបំផុត។
នេះជាការបញ្ជាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យកាត់ឬសសីមាព្រះវិហារ វត្តព្រះបារមីវង្គដ្ឋបូរី ដែលមានទីតាំងក្នុងសង្កាត់ទឹកថ្លាខណ្ឌសែន សុខ នាព្រឹកថ្ងៃទី២១ មីនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម នេត សាវឿន បានមានប្រសាសន៍លើកឡើងថា វត្តព្រះបារមីវង្គដ្ឋបូរី ជាទីអារាមមួយដែលបានតំកល់ធាតុមាតា បិតារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តទៀតថា ពិធីបុណ្យនេះត្រូវធ្វើឡើងអោយធំនិងខ្ពង់ខ្ពស់ត្រដែតទាំងការនិមន្តព្រះសង្ឃ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំទីធ្លា អនាម័យបរិស្ថាន និងសោភណ្ឌភាព អោយសមទៅនឹងការគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោហ៊ុនសែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ចំពោះមាតា បិតា របស់សម្តេចដែលតំកល់ធាតុនៅវត្តនេះ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានលើកឡើងពីការកសាងព្រះវិហារនៃវត្តព្រះបារមីវង្គដ្ឋបូរី ដោយព្រះវិហារវត្តនេះ ត្រូវបានកសាងឡើងវិញនៅថ្ងៃទី០៧ធ្នូឆ្នាំ២០១៦ ហើយបានបញ្ចប់នៅក្នុងឆ្នាំ២០២២ ដោយចំណាយថវិកាអស់ប្រមាណជាង១លានដុល្លារ ។ នេះមិនបានគិតបញ្ចូលពីការចំណាយលើការកសាងសមិទ្ធផលនានានៅក្នុងបរិវេនវត្តនេះនោះទេ ។
គួរបញ្ជាក់ថា៖ ដើម្បីឲ្យដំណើរការនៃការរៀបចំពិធីបុណ្យដ៏ធំនេះដំណើរការទៅដោយរលូន កាលពីសៀលថ្ងៃទី១៥ មីនាឆ្នាំ ២០២៣កន្លងមកនេះឯកឧត្តម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរដែនដី ចុះពិនិត្យមើលទីតាំង នៅក្នុងបរិវេណវត្តវត្តព្រះបារមីវង្គដ្ឋបូរីនេះផងដែរ ដើម្បីត្រៀមរៀបចំឲ្យបានប្រសើរឡើង ដោយគិតគូទាំងសណ្តាប់ធ្នាប់ របៀបរៀបរយនិងបរិស្ថាន ទីតាំងធ្វើរោងសិល្បៈ ទីធ្លាចំណតយានយន្តជាដើម មានន័យថា នៅពេលកម្មវិធីចាប់ផ្តើម អ្វីៗ បានត្រៀមរៀបចំរួចជាស្រេច ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ