អាជ្ញាធរខេត្តឧត្តរមានជ័យថា នឹងខំកៀរគរវិនិយោគិនមកវិនិយោគរោងចក្រកែច្នៃលើកសិផលកសិកម្ម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ថ្នាក់ដឹកនាំខេត្តបានលើកឡើងថា ខេត្តឧត្តរមានជ័យមានអំណោយផលលើវិស័យកសិកម្ម លើការងារដាំដុះដំណាំស្រូវ និងដំណាំសក្តានុពលសំខាន់ៗមួយចំនួនទៀត ដែល​ថ្នាក់ដឹកនាំខេត្តនេះ អះអាងថា នឹ​ងបន្តជំរុញការកៀរគរបណ្តាវិនិយោគិននានា មកវិនិយោគរោងចក្រកែច្នៃលើកសិផលកសិកម្ម ក្នុ​ងខេត្តឧត្តរមានជ័យ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២១ ខែមីនា ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យបានលើកឡើងថា សេ​ដ្ឋកិច្ចរបស់ខេត្តពឹងផ្អែកលើវិស័យសំខាន់ៗចំនួនបីរួមមាន វិស័យកសិកម្ម វិស័យរ៉ែ និង​វិស័យ​ទេសចរណ៍។

វិស័យកសិកម្ម ផ្តោតលើ ដំណាំកៅស៊ូ, ស្រូវ, ចេក, ស្វាយចន្ទី, ស្វាយកែវរមៀត និងដំឡូងមី ចំណែក វិស័យរ៉ែ ផ្ដោតលើ រ៉ែមាស រ៉ែត្បូង សំណរ និងរ៉ែធ្យូងថ្ម) និង​វិស័យទេសចរណ៍ ផ្ដោតលើទេសចរណ៍ ធម្មជាតិ, ទេសចរណ៍វប្បធម៌ និងតំបន់ប្រវត្តិសាស្ត្រចំនួន ១៤ ដែលជាកេរ្តិ៍ដំណែល។

ឯកឧត្តម ប៉ែន កុលស្យ បាន​បន្តថា ក្រៅពីដំណាំស្រូវ ខេត្តឧត្តរមានជ័យ ក៏មានសក្តានុពលលើការផលិតដំណាំមួយចំនួនទៀត ដែលកំពុងឈានមុខក្នុងការដាំដុះ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅក្រៅប្រ​ទេសផងដែរ។ ​​លោកបានបញ្ជាក់ថា ៖ «ការលើកកម្ពស់ក្នុងវិស័យកសិកម្មនេះ កន្លងមករដ្ឋបាលខេត្ត បានរៀបចំចងក្រងជា បណ្ដុំអាជីវកម្មដំណាំនានាដូចជាបណ្តុំដំឡូងមី ត្រសក់ផ្អែម ឪឡឹកលឿង ស្វាយកែវរមៀត បន្លែ និងស្រូវជាដើម»។បច្ចុប្បន្នខេត្ត​យើងកំពុងឈានមុខក្នុងការដាំដុះ និងផ្គត់ផ្គង់លើផលិ​តផល ឪឡឹកលឿង ឪឡឹកទឹកក្រូច និងត្រសក់ផ្អែម (មីឡុង) រួមនឹងចេកអំបូងលឿងដែលបានដាំ ដុះលើផ្ទៃដីសរុបប្រមាណ ៨

០៤៦ហិកតាក្នុងទូទាំងខេត្ត និងកំពុងប្រមូលផលជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គតទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅក្រៅប្រទេស។

លើសពីនេះទៀត ដើម្បីជំរុញឱ្យការផលិតលើផលិតផលកសិកម្ម ផ្តោតលើគុណភាព ដើម្បីប្រកួតប្រជែងលើទីផ្សារ កាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋក្នុងខេត្ត អភិបាលខេត្តរូបនេះថា គោលដៅ​ប​ច្ចុប្បន្ន និងទៅ​ថ្ងៃមុខ គឺ​ខេត្តនឹងខំ​ជំរុញនិងលើកទឹកចិត្តដល់ដៃគូរអភិវឌ្ឍន៍ និងគៀរគរអ្នកវិនិយោគទុននានា ឱ្យងាកមកបោះទុនវិនិយោគលើរោងចក្រ ឬសហគ្រាសនានា ពិសេសលើការកែឆ្នៃផលិតផលកសិកម្មឱ្យកាន់តែខ្លាំងថែមទៀត។​

នាឱកាសនោះដែរ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានឱ្យដឹងដែរថា ដោយមើលឃើញពីសក្តានុពលនៃដំណាំកសិកម្ម​នេះហើយ កន្លងមករដ្ឋបាលខេត្តក៏បានរៀបចំ និងចងក្រងផលិតកម្មតាមកិច្ចសន្យាជាមួយ ក្រុមហ៊ុន និងឈ្មួញប្រមូលទិញក្នុងខេត្ត-ក្រៅខេត្ត ដើម្បីចុះកិច្ចសន្យាផ្ទាល់ក្នុងការប្រមូល ទិញផលិតផលកសិកម្មក្នុងតម្លៃមួយសមរម្យដោយមានការឯកភាពគ្នារវាងអ្នកផលិត និងអ្នកប្រមូលទិញថែមទៀត។ ក្រៅពីកៀរគរបណ្តាអ្នកវិយោគបន្ថែម ក្នុងនាមមន្ទីកសិកម្មខេត្ត លោកសង្កត់ធ្ងន់ថា ៖ «មន្ទីក៏នឹងផ្តោតការយកចិត្តទុកដាក់ជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ឱ្យទទួលយកនូវបទពិសោធន៍ និងបច្ចេកទេសថ្មី

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ខេត្តមានផ្ទៃដីសរុប ៦ ៨៤០,៩១គីឡូម៉ែត្រការ៉េ ចែកជា ៥ស្រុក-ក្រុង មាន២៤ ឃុំ សង្កាត់ ស្មើនឹង ៣០៨ភូមិ និងមានប្រជាពលរដ្ឋសរុបចំនួន ២៦៤.៩៦៩នាក់ (សី ១៣០.៩៨៥នាក់) ស្មើនឹង ៦៤.៦៥៦គ្រួសារ។

គិតត្រឹមខែមីនា ឆ្នាំ២០២៣ ការងារដីដាំដុះដំណាំស្រូវ ដោយសម្រេចបានលើផ្ទៃដីចំនួន ៩៥ ០០០ហិក​តា ទទួលបានបរិមាណផល ២៦២ ៦៩០តោន ដោយ មានអត្រាកំណើនជាមធ្យម ៨,១២%ក្នុងមួយឆ្នាំ ក្នុងនោះមានអតិរេកស្រូវ ១៦៩ ៣៨០តោន ក្នុងឆ្នាំ២០២២កន្លងមក ដែលមានអត្រាកំណើនជាមធ្យមនៃអតិរេកស្រូវមានចំនួន ១១,៣៤ភាគរយ ក្នុងមួយឆ្នាំ។ក្រៅពីស្រូវជាដំណាំយុទ្ធសាស្ត្រ ដំណាំកសិឧស្សាហកម្មផ្សេងទៀតក៏មានការកើន ឡើងជាលំដាប់គួរឱ្យកត់សម្គាល់ផងដែរ ក្នុងនោះដំណាំដំឡូងមីសម្រេចបានលើផ្ទៃដី ៧០ ៨៦០ហិកតា កើនឡើងប្រមាណ ២១,០៦% ដោយទទួលបានបរិមាណផលសរុបចំនួន ១ ៤៣៣ ៥២២តោន។ ក្នុងនោះដែរ​ ដំណាំស្វាយចន្ទីសម្រេចបានលើផ្ទៃដី ១៨ ៣៨២ហិកតា កើនឡើង ប្រមាណ ១០៥,៤០ភាគរយ ដោយទទួលបានបរិមាណផលសរុប ១៤ ៦០០តោន មានអត្រាកំណើន ជាមធ្យម ២២,៥៩ភាគរយ ក្នុងមួយឆ្នាំ។ ដំណាំស្វាយកែវរមៀតសម្រេចបានលើផ្ទៃដី ១៣ ៥១៥ ហិកតា កើនឡើងប្រមាណ ៧៤,២៩ភាគរយ

ដោយទទួលបានបរិមាណផលសរុប ២៨៣ ២៥០ តោន មានអត្រាកំណើនជាមធ្យម ២៨,៤០ភាគរយ ក្នុងមួយឆ្នាំ។ ដំណាំកៅស៊ូសម្រេចបានលើផ្ទៃដី ១៥ ១៥៣ហិកតា ដោយទទួលបានបរិមាណផលសរុប ៨ ៧៥០តោន មានអត្រាកំណើន ជាមធ្យម ៣៦,៣៨ភាគរយក្នុងមួយឆ្នាំ៕

ដោយ៖សែម ពិសី

ads banner