មន្រ្តីអាជ្ញាធរមីន៖ ដើម្បីកម្ពុជាគ្មានមីននិងគ្មានគ្រោះថ្នាក់ដោយសារមីនត្រឹមឆ្នាំ២០២៥ ទាំងអស់គ្នា ត្រូវបន្តប្តេជ្ញាចូលរួមបង្កើតប្រវត្តិសាស្រ្តថ្មីនេះ
ភ្នំពេញ៖កម្ពុជានៅមានរយៈពេលប្រមាណបីឆ្នាំទៀតដែលត្រូវបន្តការបោសសម្អាតមីនដើម្បីឈានទៅសម្រេចគោលដៅចុងក្រោយស្របតាមចក្ខុវិស័យដឹកនាំរបស់សម្តេចតេជោ គឺការប្រកាសប្រាប់ពិភពលោកថា កម្ពុជានឹងមិនមានមីនចាប់ពីឆ្នាំ២០២៥ ហើយការគម្រាមដោយសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងៗទៀត នឹងត្រូវបានកាត់បន្ថយដល់កំរិតអប្បរមា។
នេះជាការថ្លែងឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងពិធីប្រកាសខេត្តតាកែវជាខេត្តអស់មីនទី១១ ដែលគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ៖ «ដើម្បីកម្ពុជាគ្មានមីន និងគ្មានគ្រោះថ្នាក់ដោយសារមីនត្រឹមឆ្នាំ២០២៥។ យើងខ្ញុំទាំងអស់គ្នា ត្រូវបន្តប្តេជ្ញាចូលរួម និងគាំទ្រចំពោះមគ្គុទ្ទេសក៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការបង្កើតនូវប្រវត្តិសាស្រ្តថ្មី មួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជា។»
អភិបាលខេត្តតាកែវឯកឧត្តម អ៊ូច ភា បានថ្លែងនាឱកាសនោះដែរ ដោយលោកបានសម្ដែងនូវការគាំទ្រ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តួចផ្តើមបង្កើតគម្រោងបោសសំអាតមីននេះ។
លោកបានលើកឡើងថា ៖ «យើងសូមអរគុណដល់សប្បុរសជននានា ដែលបានបរិច្ចាគថវិកាគាំទ្រ ធ្វើឱ្យខេត្តតាកែវ ក្លាយជាខេត្តទី១១ បន្ទាប់ពីខេត្តស្វាយរៀង រាជធានី ភ្នំពេញ ខេត្តកែប ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលបានសម្រេចផែនការ ប្រកាសជារាជធានី-ខេត្ត អស់មីន»។ បើតាមឯកឧត្តមអភិបាលខេត្តតាកែវសម្រេចបានតាមផែនការកំណត់ ដែលជាលទ្ធផលនៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ
ចាប់ពីឆ្នាំ១៩៩៩ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៣ បានបោសសម្អាតចម្ការមីនបាន ចំនួន ៧៣ចម្ការ ស្មើនិងផ្ទៃដីចម្ការមីន ៤,៦៧៥,៧៩៧ ម៉ែត្រក្រឡា ក្នុងនោះរកឃើញនិងកម្ទេចចោលមីនថ្មើរជើងចំនួន ២,៨៨៨គ្រាប់ មីនតោនចំនួន ៦១គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣៧,៥៨៣គ្រាប់៕ ដោយ៖នាង សុគន្ធា